អតីតកីឡាករលេងនៅ English Premier League ម្នាក់ស្លាប់នៅអាយុ៣១ឆ្នាំ
- 2024-10-10 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អតីតកីឡាករលេងនៅ English Premier League ម្នាក់ស្លាប់នៅអាយុ៣១ឆ្នាំ
ចន្លោះមិនឃើញ
George Baldock អតីតខ្សែការពាររបស់ក្លឹបបាល់ទាត់ Sheffield United ដែលទើបតែផ្លាស់ទៅកាន់ក្លឹប Panathinaikos នៃលីគកំពូលរបស់គ្រិចបានស្លាប់នៅអាយុ៣១ឆ្នាំ។
បើតាមការបញ្ជាក់របស់ប៉ូលីស ដែលបានដកស្រង់ដោយ Reuters គេបានប្រទះឃើញ Baldock ដេកស្លាប់ក្នុងអាងហែលទឹកក្នុងផ្ទះរបស់ខ្លួននៅ Glyfada នៃភាគខាងត្បូងនៃទីក្រុង Athens ។ ក្រុមប៉ូលីសក៏បានព្យាយាមជួយសង្គ្រោះបឋមផងដែរក្រោយពេលទៅដល់កន្លែងកើតហេតុ ប៉ុន្តែគ្រូពេទ្យបានបញ្ជាក់ថាគាត់បានស្លាប់បាត់ទៅហើយ។
Baldock បានផ្ទេរទៅកាន់ក្លឹប Panathinaikos កាលពីរដូវក្ដៅដើមរដូវកាលនេះ បន្ទាប់ពីស្នាក់នៅ Sheffield United អស់រយៈពេល៧រដូវកាល។ គេជាកីឡាករដែលមានប្រជាប្រិយភាពខ្លាំងនៅក្នុងក្រុម ហើយទទួលបានការស្រលាញ់ពីមិត្តរួមក្រុម, អ្នកគាំទ្រ និងបុគ្គលិកក្នុងក្លឹបជាដើម។
ខ្សែការពាររូបនេះទើបតែចាប់ផ្ដើមលេងនៅ Panathinaikos បាន៤ប្រកួតប៉ុណ្ណោះ ហើយក៏បានជួយក្រុមឲ្យបញ្ចប់ទៅដោយស្មើក្រុម Olympiakos កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍មុន។ គេបានជាប់ជម្រើសជាតិគ្រិចចំនួន១២ដង និងបានចាប់ផ្ដើមអាជីពបាល់ទាត់នៅឆ្នាំ២០០៩ជាមួយក្រុម MK Dons និងបានលេងឲ្យក្រុមនេះច្រើនជាង១០០ប្រកួត។
គេក៏ធ្លាប់លេង Northampton និង Oxford មុនពេលផ្ទេរទៅកាន់ Sheffield United ឆ្នាំ២០០៧ និងបានជួយក្រុមនេះឡើងទៅលេងនៅ English Premier League នៅ២០១៩ ដល់ឆ្នាំ២០២៣ ផងដែរ៕