សាជីកម្មរីនណៃ និង ក្រុមហ៊ុន Camcona ត្រេដឌីងខេមបូឌា សម្ពោធផលិតផលថ្មី និង រៀបចំកម្មវិធីជួបជុំមហាគ្រួសារដេប៉ូចែកចាយក្នុងប្រទេសកម្ពុជា
- 2024-12-16 03:29:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សាជីកម្មរីនណៃ និង ក្រុមហ៊ុន Camcona ត្រេដឌីងខេមបូឌា សម្ពោធផលិតផលថ្មី និង រៀបចំកម្មវិធីជួបជុំមហាគ្រួសារដេប៉ូចែកចាយក្នុងប្រទេសកម្ពុជា
ចន្លោះមិនឃើញ
ក្រុមហ៊ុន Camcona ត្រេដឌីងខេមបូឌា ដែលជាក្រុមហ៊ុនចែកចាយផលិតផល Rinnai នៅក្នុងប្រទេសកម្ពុជារយៈពេលប្រមាណ ១២ឆ្នាំមកហើយ បានរៀបចំកម្មវិធីជួបជុំមហាគ្រួសាររីនណៃ និងសម្ពោធផលិតផលថ្មី។ កម្មវិធីនេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ២០២៤ នៅភោជនីយដ្ឋានទន្លេបាសាក់ ២ ក្នុងរាជធានីភ្នំពេញ។
កម្មវិធី មានការអញ្ជើញចូលរួមពី អ្នកស្រី គឹមស្រ៊ុន អេលីដា នាយិកាក្រុមហ៊ុនខេមខូណាត្រេដឌីង (ខេមបូឌា) ខូអិលធីឌី លោក Takeshi Shinji ប្រធានផ្នែកគ្រប់គ្រងការលក់ក្រៅប្រទេសនៃសាជីវកម្មរីនណៃជប៉ុន និង លោក Choo Wei Seng អ្នកគ្រប់គ្រងរោងចក្រ STEC រួមទាំងវត្តមានមហាគ្រួសាររីនណៃ យ៉ាងច្រើនកុះករ។
ដោយមើលឃើញថា អតិថិជនខុសៗគ្នា មានតម្រូវការផ្សេងៗគ្នា ដូច្នេះដើម្បីបំពេញតាមតម្រូវការ និង សម្រួលដល់ការស់នៅប្រចាំថ្ងៃរបស់អតិថិជន និងអ្នកប្រើប្រាស់កាន់តែមានប្រសិទ្ធភាពជាងមុន ក្រុមហ៊ុនបាននាំយកនូវម៉ាស៊ីនកម្តៅទឹកភ្លាមៗ ម៉ូឌែល AQUARIUS ស៊េរី F&G និង ចង្ក្រានអគ្គិសនីបង្កប់ម៉ាប ជំនាន់ថ្មីដែលមានបច្ចេកវិទ្យាទំនើប និង ការរចនាចុងក្រោយមកកាន់ទីផ្សារប្រទេសកម្ពុជា។ ផលិតផលទាំងនេះ គឺពោរពេញទៅដោយលក្ខណៈពិសេសដែលមានប្រសិទ្ធភាព សន្សំសំចៃថាមពល រចនាបទស្អាតទំនើបទាន់សម័យ និងមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ ដែលប្រើប្រាស់ប្រកបដោយផាសុកភាព។
កម្មវិធីជួបជុំគ្រួសាររីនណៃ មានការចូលរួមពីដេប៉ូចែកចាយបន្តនៅទីក្រុងភ្នំពេញ ក៏ដូចជាអញ្ជើញមកពីតាមបណ្តាខេត្តនានា នៅក្នុងប្រទេសកម្ពុជា។ ក្នុងរាត្រីនេះ ក្រុមហ៊ុន មានការចែកពានសរសើរ និងថ្លែងអំណរគុណដល់ ដេប៉ូចែកចាយបន្តឆ្នើមចំនួន ១០ ដែលជាវផលិតផលរីនណៃបានច្រើនជាងគេ នៅក្នុងឆ្នាំ ២០២៤ (គិតពីដើមខែមករា មកត្រឹមថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៤)។ ទន្ទឹមនឹងនេះ ក៏មានកម្មវិធីរាំកម្សាន្តសប្បាយៗ ចាប់ឆ្នោតផ្សងសំណាងផងដែរ។
ក្រុមហ៊ុនខេមបូណា បានថ្លែងអំណរគុណ ដល់សាជីវកម្មរីនណៃ ដែលបានផ្តល់ទំនុកចិត្តជ្រើសរើសខ្លួន ក្នុងការចែកចាយផលិតផលម៉ាករីនណៃ និងជាពិសេសបងប្អូនដេប៉ូចែកចាយបន្តទាំងអស់ដែលបានជឿជាក់ និង បន្តគាំទ្រចែកចាយផលិតផលរីនណៃ ក្នុងរយៈពេលជាង ១០ ឆ្នាំ កន្លងមកនេះ។ ក្រុមហ៊ុន បានប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវផលិតផល និង សេវាកម្មឱ្យកាន់តែប្រសើរ។ ក្រុមហ៊ុន ខេមបូណា ជឿជាក់ថាផលិតផលថ្មីទាំងនេះនឹងបង្កើនជម្រើស និង គុណតម្លៃបន្ថែមដល់ អតិថិជនរបស់ដេប៉ូចែកចាយបន្តទាំងអស់គ្នា។
គួរបញ្ជាក់ថា រីនណ គឺជាសាជីវកម្ម ផលិត និង ផ្គត់ផ្គង់ ឧបករណ៍បរិក្ខាក្នុងផ្ទះ ដ៏ធំឈានមុខមួយ នៅលើពិភពលោក មានដូជាម៉ាស៊ីនទឹកក្តៅ ចង្ក្រាន ម៉ាស៊ីនបឺតផ្សែង និង ម៉ាស៊ីនត្រជាក់ជាដើម។ សាជីវកម្មរីនណៃ ខិតខំដើម្បីសម្រេចគោលដៅ ឱ្យការរស់នៅ របស់មនុស្សគ្រប់រូប ជុំវិញពិភពលោក ប្រកបដោយ សុខុមាលភាព និង ផាសុកភាព ហើយការខិតខំនេះគឺមានរយៈពេលជាង ១០០ ឆ្នាំមកហើយ បើរាប់ចាប់តាំងពីការបង្កើត សាជីវកម្មរីនណៃដំបូងនៅឆ្នាំ ១៩២០ មក។ បច្ចុប្បន្នសាជីវកម្មរីនណៃ មានការិយាល័យកណ្តាល និង ក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ១២ នៅក្នុងប្រទេសជប៉ុន។ នៅឯក្រៅប្រទេស រីនណៃមានក្រុមហ៊ុនបុត្រសម្ព័ន្ធបន្ថែមចំនួន ៣៥ ដែលសរុបគឺរហូតដល់ ៤៧ កន្លែង ជុំវិញពិភពលោក។ សាជីវកម្មរីនណៃ គឺជាក្រុមហ៊ុនឈានមុខគេ លើពិភពលោក ក្នុងវិស័យឧបករណ៍ប្រើប្រាស់ថាមពលហ្គាស។
ក្រុមហ៊ុន Camcona Trading (Cambodia) Co., Ltd ជាក្រុមហ៊ុនទទួលសិទ្ធិនាំចូល និងចែកចាយនូវផលិតផលម៉ាករីនណៃ តាំងពីឆ្នាំ ២០១៣ ហើយទទួលបានការគាំទ្រ និង វិនិយោគជាបន្តបន្ទាប់លើ ម៉ាកយីហោរីនណៃ ក្នុងប្រទេសកម្ពុជា។ ជាលទ្ធផល ផលិតផល ម៉ាករីនណៃ ត្រូវបានទទួលស្គាល់ និង សមិទ្ធិផលល្អប្រសើរ នៅក្នុងប្រទេសកម្ពុជា ហើយលទ្ធផលនេះ អាចប្រៀបធៀបនឹងទីផ្សារប្រទេសជិតខាង ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលសាជីវកម្មរីនណៃ មានវត្តមានយូរណាស់មកហើយ៕