Elon Musk ៖ អាមេរិក ក្រោមការដឹកនាំរបស់ ត្រាំ លែងចង់លូកដៃ ចូលកិច្ចការផ្ទៃក្នុង របស់ប្រទេសដទៃ

  • 2025-02-17 03:28:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Elon Musk បាននិយាយថា សហរដ្ឋអាមេរិក គួរតែ លុបចោលស្ថាប័ន ទីភ្នាក់ងារ រដ្ឋាភិបាលចោលតែម្ដង។ លោកចង់ឲ្យរឿងនេះកើតឡើង ព្រោះគិតថា វាអាចជួយកាត់បន្ថយលុយដែលរដ្ឋាភិបាលអាមេរិក ចំណាយរាល់ឆ្នាំ ហើយផ្លាស់ប្ដូរទិសដៅ នៃការងាររបស់រដ្ឋាភិបាល ឲ្យចំគោលដៅជាងមុន ក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ។

Elon Musk បានលើកឡើងរឿងនេះ នៅក្នុងសន្និសីទមួយ ដែលប្រមូលផ្ដុំ មេដឹកនាំពិភពលោក នៅទីក្រុង ឌូបៃ កាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅ។ លោកបានប្រាប់អ្នកចូលរួមថា អាមេរិក ត្រូវការការផ្លាស់ប្ដូរធំៗ និងស៊ីជម្រៅ។ លោកបានពន្យល់ថា "យើងគួរតែលុបចោល ស្ថាប័ន ទីភ្នាក់ងាររដ្ឋាភិបាល ទាំងមូល ចោលតែម្ដងទៅ! ... បើមិនអ៊ីចឹងទេ បញ្ហាចាស់ៗ នឹងវិលត្រឡប់មកវិញ មិនខាន"។ លោកបានបន្ថែមថា សព្វថ្ងៃនេះ អាមេរិក ហាក់ដូចជា ផ្ដោតសំខាន់ ទៅលើ ច្បាប់នៃការងារដែលត្រូវធ្វើតាមបែបផែន ច្រើនពេក ជាជាង ផ្តោតសំខាន់លើ ប្រយោជន៍របស់ប្រជាជន។

អ្វីដែល Elon Musk និយាយនេះ សំខាន់ណាស់ ព្រោះឥឡូវនេះ លោកមានតួនាទីធំ នៅក្នុងរដ្ឋាភិបាលអាមេរិក ហើយត្រូវបាន ត្រាំ គាំទ្រយ៉ាងពេញទំហឹង។ លោកមានតួនាទីជាប្រធាន នាយកដ្ឋានមួយ ដែលមានឈ្មោះថា "នាយកដ្ឋាន ប្រសិទ្ធភាព រដ្ឋាភិបាល" (Department of Government Efficiency – ហៅកាត់ថា DOGE)។ ការណ៍ដែល ម៉ាស់ កាន់តំណែងធំ បានធ្វើឲ្យ មន្រ្តីរាជការចាស់ៗ ដែលធ្វើការយូរឆ្នាំ មួយចំនួន ត្រូវបាត់បង់តំណែង។ លោក ក៏អាចចូលទៅមើល ទិន្នន័យសំងាត់ របស់រដ្ឋាភិបាលបានទៀតផង។ ទាំងអស់នេះ នាំឲ្យគេឆ្ងល់ថា តើប្រធានាធិបតី ត្រាំ ផ្ដល់អំណាចឲ្យ ម៉ាស់ ច្រើនពេកហើយឬ?

Elon Musk បានប្រៀបធៀបការងាររបស់លោក នៅក្នុង នាយកដ្ឋាន ប្រសិទ្ធភាព រដ្ឋាភិបាល ទៅនឹងអ្វីដែលលោកបានធ្វើ នៅក្រុមហ៊ុន Twitter (បច្ចុប្បន្ន ហៅថា X) ។ លោកបានអួតថា ខ្លួនបានកាត់បន្ថយចំនួនបុគ្គលិក នៅ Twitter រហូតដល់ ៨០ ភាគរយ ប៉ុន្តែ វេបសាយ Twitter នៅតែដំណើរការបានល្អ គ្មានបញ្ហាអ្វីទេ។ លោកថា "វាដូចជា ការផ្លាស់ប្ដូរក្រុមហ៊ុនមួយ ដែលជិតក្ស័យធន ឲ្យរស់ឡើងវិញចឹង ប៉ុន្តែគ្រាន់តែ លើកនេះ វាធំជាងឆ្ងាយ"។

ក្រៅពីនេះ Elon Musk ក៏បានបង្ហាញពី ទស្សនៈថា អាមេរិក គួរតែ ប្រកាន់ជំហរ អព្យាក្រឹត្យ ចំពោះ ជម្លោះ នៅលើពិភពលោក។ លោកបាននិយាយថា អាមេរិក ក្រោមការដឹកនាំរបស់ ត្រាំ លែងសូវ ចង់ ចូលទៅ ជ្រៀតជ្រែក កិច្ចការផ្ទៃក្នុង របស់ប្រទេសផ្សេងទៀតទៀតហើយ៕

ប្រភព៖ CNBC   អត្ថបទ ៖ គីម ណារ៉ាក់