វៀតណាម គ្រោងសាងសង់​ ផ្លូវដែកល្បឿនលឿន តម្លៃ ៦១ពាន់លានដុល្លារ ភ្ជាប់ ហាណូយ ទៅ ហូជីមិញ

  • 2025-05-19 06:28:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Vingroup ដែលជាក្រុមហ៊ុនឯកជនដ៏ធំបំផុតរបស់វៀតណាម បានដាក់សំណើទៅរដ្ឋាភិបាលវៀតណាមដើម្បីសាងសង់ផ្លូវដែកល្បឿនលឿនតភ្ជាប់រដ្ឋធានីហាណូយ និងទីក្រុងហូជីមិញ ដែលមានតម្លៃប៉ាន់ស្មាន ៦១ ពាន់លានដុល្លារអាមេរិក។ គម្រោងនេះត្រូវបានគេរំពឹងថានឹងជួយជំរុញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន របស់វៀតណាម។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន Vinspeed ដែលជាក្រុមហ៊ុនថ្មីបង្កើតឡើងក្រោមក្រុមហ៊ុន Vingroup គម្រោងផ្លូវដែកនេះនឹងចំណាយថវិកាសរុប ៦១ ពាន់លានដុល្លារ ហើយគ្រោងនឹងចាប់ផ្តើមសាងសង់នៅខែធ្នូ ឆ្នាំ២០២៥ និងបញ្ចប់នៅឆ្នាំ២០៣០ ដែលលឿនជាងផែនការដើម ៥ ឆ្នាំ។ ផ្លូវដែកនេះនឹងមានប្រវែងជាង ១៥០០ គីឡូម៉ែត្រ ដោយកាត់បន្ថយរយៈពេលធ្វើដំណើរពីហាណូយទៅហូជីមិញពី ៣០ ម៉ោង មកនៅត្រឹម ៥ ម៉ោងប៉ុណ្ណោះ។

រដ្ឋាភិបាលវៀតណាមបានស្វាគមន៍សំណើនេះ ដោយកិច្ចប្រជុំនៅថ្ងៃទី១២ ខែឧសភា បានបង្ហាញពីការគាំទ្រពីក្រសួង និងស្ថាប័ននានា។ រដ្ឋាភិបាលមានគោលបំណងសម្រេចចិត្តចុងក្រោយមុនថ្ងៃទី២២ ខែឧសភា ដើម្បីដាក់ជូនសភាជាតិ ដែលកំពុងបើកសម័យប្រជុំ។

ក្រុមហ៊ុន Vingroup ដែលគ្រប់គ្រងដោយលោក ផាម ញ៉ាត វួង មហាសេដ្ឋីជនជាតិវៀតណាម មានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងវិស័យជាច្រើន រួមទាំងសុខាភិបាល អចលនទ្រព្យ អប់រំ និងបច្ចេកវិទ្យា។ កាលពីខែមេសា ក្រុមហ៊ុននេះក៏បានចាប់ផ្តើមគម្រោងអចលនទ្រព្យតម្លៃ ៩ ពាន់លានដុល្លារនៅតំបន់ឆ្នេរភាគខាងត្បូង ដែលជាទីតាំងនៃព្រៃកោងកាងដែលចុះបញ្ជីដោយ UNESCO។

គម្រោងផ្លូវដែកល្បឿនលឿននេះ បើទទួលបានការអនុម័ត នឹងក្លាយជាជំហានដ៏សំខាន់ក្នុងការធ្វើទំនើបកម្មប្រព័ន្ធដឹកជញ្ជូនរបស់វៀតណាម និងជួយពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងតំបន់ភាគខាងជើង និងភាគខាងត្បូងនៃប្រទេស៕

អត្ថបទ ៖ គីម ណារ៉ាក់

អត្ថបទពេញនិយម