សមាគមសិល្បករខ្មែរ ៖ មានអ្វីយើងលើកយកមកជជែកគ្នាដោយបើកចំហ!
- 2025-05-21 07:28:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សមាគមសិល្បករខ្មែរ ៖ មានអ្វីយើងលើកយកមកជជែកគ្នាដោយបើកចំហ!
ចន្លោះមិនឃើញ
សមាគមសិល្បករខ្មែរ បានបើកកិច្ចប្រជុំមួយជាមួយសមាជិកសកម្មរបស់សមាគម ដោយផ្ដោតលើវឌ្ឍនភាពការងាររយៈពេល ១ឆ្នាំពេញរបស់សមាគម នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥។
យោងតាមផេកផ្លូវការរបស់សមាគមឲ្យដឹងថា ប្រធានសមាគមសិល្បករខ្មែរ លោកជំទាវឧកញ៉ា ម៉ៅ ចំណាន បានសង្កេតឃើញរយៈពេលមួយឆ្នាំពេញ គឺសមាជិកសកម្មភាគច្រើនបានចូលរួមយ៉ាងសកម្មជាមួយសមាគមក្នុងអាណត្តិទី៦ ដែលដឹកនាំដោយលោកជំទាវ។ បើទោះបីជាមានសកម្មភាពច្រើន និងបានជួបគ្នាច្រើន ប៉ុន្តែលោកជំទាវយល់ច្បាស់ថា គ្រប់គ្នាមិនមានពេលបានជជែកគ្នា និងស្វែងយល់ពីគ្នាច្រើននោះទេ។
លោកជំទាវ ម៉ៅ ចំណាន៖ “ដូច្នេះការជួបគ្នានៅថ្ងៃនេះអាចនិយាយបានថា ជាពេលវេលាដ៏ពិសេសមួយ ដែលយើងអាចមានពេលជជែកគ្នា ផ្តល់យោបល់កែតម្រូវគ្នាដោយផ្ទាល់ ឬក៏មានរឿងក្នុងចិត្តអ្វីចង់និយាយ អាចនិយាយដោយបើកចំហ”។
បើតាមលទ្ធផល នៃជំនួបសមាជិកសកម្មភាពភាគច្រើនបានចូលរួមផ្តល់មតិយោបល់ គំនិតកែលម្អ និងលើកឡើងពីទិសដៅដែលត្រូវធ្វើឱ្យចំគោលដៅនាពេលបច្ចុប្បន្ន និងពេលខាងមុខ។ ក្នុងនាមប្រធានសមាគម អ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ក៏ទទួលយកមតិទាំងនោះ ហើយសន្យាថានឹងខិតខំឱ្យកាន់តែខ្លាំងលើគ្រឹះការងារដែលបានបំពេញរយៈពេល១ឆ្នាំកន្លងមកនេះ។ ទន្ទឹមគ្នានេះ សមាគមក៏បន្ដជំរុញ និងលើកកម្ពស់វិស័យចម្រៀង ភាពយន្ត សម្តែង ដើរម៉ូដ និងពិសេសសិល្បៈបុរាណឲ្យកាន់តែល្បីទាំងនៅថ្នាក់ជាតិ និងអន្តរជាតិ៕