រដ្ឋមន្រ្តីមហាផ្ទៃ បញ្ជាអភិបាលខេត្តជាប់ព្រំដែនថៃ ត្រៀមជម្លៀសប្រជាពលរដ្ឋ បើមានជម្លោះផ្ទុះឡើង

  • 2025-06-11 02:21:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញលិខិតជម្រាបជូនអភិបាលខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ដោយបញ្ជាឱ្យត្រៀមវិធានការជម្លៀសប្រជាពលរដ្ឋខ្មែរដែលរស់នៅតាមតំបន់ព្រំដែន និងពលរដ្ឋខ្មែរនៅប្រទេសថៃឱ្យវិលត្រឡប់ចូលប្រទេសវិញ ក្នុងករណីមានជម្លោះប្រដាប់អាវុធ ឬការបិទច្រកទ្វារព្រំដែន។

ក្នុងលិខិតនេះ ឯកឧត្តមរដ្ឋមន្ត្រី បានហាមប្រាមអភិបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ មិនឱ្យចុះហត្ថលេខាលើកំណត់ហេតុ ឬឯកសារណាមួយជាមួយភាគីថៃ រហូតទាល់តែមានការណែនាំថ្មីពីក្រសួងមហាផ្ទៃ។ លោក ស សុខា បានសង្កត់ធ្ងន់ថា អភិបាលខេត្តត្រូវរៀបចំផែនការជម្លៀសប្រជាពលរដ្ឋជាមុន ដោយរៀបចំទីជម្រកសុវត្ថិភាពបណ្តោះអាសន្ន មធ្យោបាយដឹកជញ្ជូន ស្បៀងអាហារ ថ្នាំសង្កូវ ទឹកស្អាត និងអគ្គិសនី ដើម្បីឆ្លើយតបនឹងស្ថានភាពអាសន្នដែលអាចកើតឡើង។

លើសពីនេះ លោករដ្ឋមន្ត្រីបានណែនាំឱ្យអភិបាលខេត្តសហការជិតស្និទ្ធជាមួយកងយោធពលខេមរភូមិន្ទ និងនគរបាលជាតិ ដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងបូរណភាពទឹកដី។ អភិបាលខេត្តត្រូវបែងចែកវេនប្រចាំការ២៤ម៉ោង ដើម្បីតាមដាន និងគ្រប់គ្រងស្ថានភាពនៅព្រំដែន ព្រមទាំងផ្សព្វផ្សាយព័ត៌មានច្បាស់លាស់ជូនប្រជាពលរដ្ឋ។

ឯកឧត្តម អភិសន្តិបណ្ឌិត ក៏បានណែនាំឱ្យកងកម្លាំងមានសមត្ថកិច្ចតាមដាន និងទប់ស្កាត់សកម្មភាពឯកតោភាគីរបស់ថៃដែលអាចប៉ះពាល់ដល់តំបន់ព្រំដែន ដោយរក្សាការទំនាក់ទំនងជាមួយភាគីថៃ ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី។ ចំពោះបញ្ហាដែលហួសសមត្ថកិច្ច អភិបាលខេត្តត្រូវស្នើសុំគោលការណ៍ពីថ្នាក់ជាតិ ដើម្បីដោះស្រាយឱ្យទាន់ពេលវេលា៕

អត្ថបទ ៖ Nich

អត្ថបទពេញនិយម
អត្ថបទថ្មី