ការនាំចេញរបស់កម្ពុជាកើនឡើង ១៧.២ ភាគរយ ក្នុងរយៈពេលខែមករា-ឧសភា ឆ្នាំ២០២៥

  • 2025-06-11 06:22:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ពុជា បាននាំចេញផលិតផលមានតម្លៃសរុប ១១.៨ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេលប្រាំខែដំបូងនៃឆ្នាំ២០២៥ កើនឡើង ១៧.២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។

បើយោងតាមរបាយការណ៍ផ្លូវការរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃអង្គារ ទី១០ ខែមិថុនា ឆ្នាំ២០២៥ បានបញ្ជាក់ថា ទំនិញនាំចេញសំខាន់ៗរួមមាន សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ កង់ សំបកកង់រថយន្ត បន្ទះសូឡា និងផលិតផលកសិកម្មដែលមានសក្តានុពលដូចជា អង្ករ កៅស៊ូ ដំឡូងមី ចេក ស្វាយ និងផ្លែមាន។ ទីផ្សារនាំចេញកំពូលទាំងប្រាំរបស់កម្ពុជាគឺ សហរដ្ឋអាមេរិក វៀតណាម ជប៉ុន ចិន និងកាណាដា។

ទន្ទឹមនឹងនេះ កម្ពុជាក៏បាននាំចូលទំនិញ សំខាន់ៗរួមមាន ប្រេងឥន្ធនៈ វត្ថុធាតុដើមសម្រាប់ផលិតសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ យានយន្ត គ្រឿងម៉ាស៊ីន ឧបករណ៍អេឡិចត្រូនិក និងផលិតផលប្រើប្រាស់ផ្សេងទៀត។

ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ប្រាប់ទីភ្នាក់ងារព័ត៌មានស៊ីនហួរថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន បានចាក់បញ្ចូលសន្ទុះដ៏ខ្លាំងក្លាដល់កំណើនពាណិជ្ជកម្មរបស់កម្ពុជា។ ឯកឧត្តម បានបន្ថែមថា៖ «កិច្ចព្រមព្រៀងទាំងពីរនេះបានដើរតួជាកត្តាជំរុញសម្រាប់កំណើននាំចេញប្រកបដោយនិរន្តរភាព និងរយៈពេលវែងរបស់យើង»៕

អត្ថបទ ៖ Nich

អត្ថបទពេញនិយម
អត្ថបទថ្មី