លោក Trump កំពុងតាមដានស្ថានការណ៍ កិច្ចចរចាសន្តិភាពរវាង កម្ពុជា-ថៃ យ៉ាងយកចិត្តទុកដាក់បំផុត

  • 2025-07-28 04:51:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថៃ និង កម្ពុជានឹងជួបគ្នានៅ ម៉ាឡេស៊ី សម្រាប់កិច្ចចរចាសន្តិភាពនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៥ ខណៈ ម៉ាឡេស៊ី ដែលជាប្រធានប្តូរវេន អាស៊ាន នឹងដើរតួនាទី ធ្វើជាអ្នកសម្របសម្រួល។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅលើវេទិកាបណ្តាញសង្គម Truth Social របស់លោកនៅថ្ងៃសៅរ៍ បាននិយាយថា លោកបាននិយាយជាមួយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីស្តីទីថៃ ដើម្បីស្នើសុំបទឈប់បាញ់រវាងប្រទេសទាំងពីរ។

សេចក្តីថ្លែងការណ៍ ពីលោក Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក កាលពីថ្ងៃទី ២៧ ខែ កក្កដា ២០២៥ បានឱ្យដឹងថា “ប្រទេសកម្ពុជា និងថៃ គ្រោងនឹងចាប់ផ្តើមការចរចាកម្រិតខ្ពស់ នៅក្នុងប្រទេសម៉ាឡេស៊ី ក្នុងពេលដ៏ខ្លីខាងមុខនេះ ដែលជាក្តីសង្ឃឹមក្នុងសម្រេចបាននូវបទឈប់បាញ់ជាបន្ទាន់។ មន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក កំពុងមានវត្តមាននៅប្រទេសម៉ាឡេស៊ី ដើម្បីជួយសម្រួលដល់កិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាពនេះ។ ទាំងលោកប្រធានាធិបតី Trump និងខ្ញុំ នៅតែភ្ជាប់ទំនាក់ទំនង ជាមួយសមភាគីនៃប្រទេសទាំងពីរ និងកំពុងតាមដានស្ថានការណ៍នេះយ៉ាងយកចិត្តទុកដាក់បំផុត។ យើងចង់ឱ្យជម្លោះនេះបញ្ចប់ឱ្យបានឆាប់តាមតាមតែអាចធ្វើទៅបាន”។

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃអាទិត្យ បានបញ្ជាក់ជាថ្មីពីឆន្ទៈរបស់កម្ពុជាសម្រាប់ "បទឈប់បាញ់ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ" រវាងកងកម្លាំងប្រដាប់អាវុធកម្ពុជា និងថៃ បន្ទាប់ពីការពិភាក្សាតាមទូរស័ព្ទជាមួយលោក ត្រាំ៕

អត្ថបទ ៖ គីម ណារ៉ាក់