អាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោងហោះហើរសាកល្បង ជាមួយយន្តហោះ ប្រភេទ Airbus A320
- 2025-08-11 04:07:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោងហោះហើរសាកល្បង ជាមួយយន្តហោះ ប្រភេទ Airbus A320
ចន្លោះមិនឃើញ
អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងធ្វើការហោះហើរសាកល្បងជាមួយយន្តហោះ ប្រភេទ A320 នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥។ នេះបើយោងតាមការលើកឡើងរបស់អ្នកឧកញ៉ា ឆាល វ៉ាន់ អគ្គនាយកក្រុមហ៊ុន Cambodia Airport Investment Co., Ltd.។
សេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើងក្នុងអំឡុងពិធីដង្ហែរព្រះពុទ្ធបដិមាធ្វើពីលោហធាតុទង់ដែង កម្ពស់៩ម៉ែត្រ និងទម្ងន់៩តោន ដើម្បីដាក់លើបល្ល័ង្គសម្រាប់តម្កល់នៅទីតាំងអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥។
នៅក្នុងការជជែកជាមួយអ្នកសារព័ត៌មាន អ្នកឧកញ៉ា ឆាល វ៉ាន់ បានមានប្រសាសន៍ថា៖ «យើងកំពុងរៀបចំធ្វើការសាកល្បងដោយប្រើប្រាស់យន្តហោះប្រភេទ A320 នៅថ្ងៃទី១៥ ខែសីហា ហើយនឹងមានការសាកល្បងធំមួយទៀតដោយប្រើយន្តហោះពីរគ្រឿង ពីក្រុមហ៊ុន Singapore Airline និង Air Cambodia នៅដើមខែកញ្ញា»។
អាកាសយានដ្ឋានអន្តរជាតិតេជោ បានឆ្លងកាត់ការសាកល្បងបច្ចេកទេសចំនួនពីរដងរួចហើយ ហើយអាជ្ញាធរអាកាសចរណ៍ស៊ីវិលក៏បានទទួលស្គាល់ និងចេញអាជ្ញាបណ្ណផងដែរ។ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោនៅក្រុងតាខ្មៅបានបញ្ចប់១០០% ទាំងផ្នែកបច្ចេកវិទ្យា និងការគ្រប់គ្រង ហើយអាកាសយានដ្ឋានថ្មីនេះត្រូវបានគ្រោងនឹងបើកដំណើរការនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។
គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោជា ជាអាកាសយានដ្ឋានប្រភេទ 4F មានសមត្ថភាពអាចទទួលយក និងទទួលជើងហោះហើរពីឆ្ងាយ ដោយអនុញ្ញាតឱ្យយន្តហោះយក្សដូចជា Airbus A380-800 និង Boeing 747-800 ចុះចតបាន៕