តាំងពីបើកដំណើរការ អាកាសយានដ្ឋានអន្តរជាតិមួយនេះ មិនធ្លាប់បាត់ ឥវ៉ាន់របស់អ្នកដំណើរ​ សូម្បី១ករណី

  • 2025-08-25 04:38:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាកាសយានដ្ឋានអន្តរជាតិកាន់សៃ (Kansai International Airport - KIX) ដែលមានទីតាំងនៅឈូងសមុទ្រអូសាកា ប្រទេសជប៉ុន បានសម្រេចនូវសមិទ្ធផលដ៏អស្ចារ្យមួយ ដោយមិនធ្លាប់បាត់បង់ឥវ៉ាន់អ្នកដំណើរសូម្បីតែមួយករណី ចាប់តាំងពីបើកដំណើរការនៅខែកញ្ញា ឆ្នាំ១៩៩៤។

អាកាសយានដ្ឋាននេះ ដែលជាអាកាសយានដ្ឋាន របស់ប្រទេសជប៉ុន បម្រើអ្នកដំណើរប្រមាណ ២០ ទៅ ៣០ លាននាក់ជារៀងរាល់ឆ្នាំ។ នៅឆ្នាំ២០២៣ អាកាសយានដ្ឋាននេះបានគ្រប់គ្រងឥវ៉ាន់ប្រមាណ ១០ លានករណី ដោយគ្មានករណីបាត់បង់ឡើយ។

យោងតាមសេចក្តីថ្លែងការណ៍របស់អាកាសយានដ្ឋាន សមិទ្ធផលនេះជាលទ្ធផលនៃការខិតខំប្រចាំថ្ងៃ និងការងារដែលមានការយកចិត្តទុកដាក់ពីសំណាក់បុគ្គលិកទាំងអស់ រួមទាំងក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនគ្រប់គ្រងឥវ៉ាន់។ លោក កេនជី តាកានីស៊ី (Kenji Takanishi) មន្ត្រីទំនាក់ទំនងសាធារណៈរបស់អាកាសយានដ្ឋាន បានប្រាប់ CNN ថា៖ «យើងមិនមានអារម្មណ៍ថាយើងបានធ្វើអ្វីពិសេសនោះទេ។ យើងគ្រាន់តែធ្វើការងារប្រចាំថ្ងៃរបស់យើងតែប៉ុណ្ណោះ ហើយយើងត្រូវបានទទួលស្គាល់ចំពោះវា»។

បុគ្គលិកអាកាសយានដ្ឋានបានអនុវត្តនីតិវិធីតឹងរ៉ឹង ដោយមានការត្រួតពិនិត្យជាច្រើនជាន់ ដើម្បីធានាថាចំនួនឥវ៉ាន់នៅពេលមកដល់ត្រូវគ្នានៅនឹងចំនួននៅពេលចេញដំណើរ។ ប្រសិនបើមានភាពមិនស៊ីសង្វាក់គ្នា ក្រុមការងារនឹងធ្វើការស្វែងរកភ្លាមៗនៅក្នុងបន្ទប់ទំនិញ។

អាកាសយានដ្ឋានកាន់សៃ បានទទួលពានរង្វាន់ «អាកាសយានដ្ឋានល្អបំផុតលើពិភពលោកសម្រាប់ការបញ្ជូនឥវ៉ាន់» ចំនួន៨ដងពី Skytrax ដែលជាអង្គការវាយតម្លៃអាកាសចរណ៍អន្តរជាតិមានមូលដ្ឋាននៅចក្រភពអង់គ្លេស។ គោលដៅរបស់អាកាសយានដ្ឋាន គឺធានាថាឥវ៉ាន់ទាំងអស់នឹងត្រូវបញ្ជូនទៅដល់កន្លែងទទួលឥវ៉ាន់ក្នុងរយៈពេល ១៥ នាទីបន្ទាប់ពីយន្តហោះចុះចត។

លោក ស៊ុយ៉ូស៊ី ហាប៊ុតា (Tsuyoshi Habuta) អ្នកគ្រប់គ្រងប្រតិបត្តិការឥវ៉ាន់នៅអាកាសយានដ្ឋាន បាននិយាយថា ការបាត់បង់ឥវ៉ាន់មិនគួរកើតឡើងទេ ព្រោះឥវ៉ាន់ជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់អ្នកដំណើរ។ លោកបានបន្តថា វាជាការប្តេជ្ញាចិត្តរបស់ក្រុមការងារក្នុងការផ្តល់សេវាកម្មប្រកបដោយភាពគួរសម និងភាពជាក់លាក់ ដែលឆ្លុះបញ្ចាំងពីស្មារតីនៃបដិសណ្ឋារកិច្ចជប៉ុន។

អាកាសយានដ្ឋាននេះកំពុងរៀបចំសម្រាប់កំណើនអ្នកដំណើរដ៏ច្រើន ក្នុងឆ្នាំ២០២៥ ដែលត្រូវបានគេរំពឹងថានឹងឡើងដល់ ៣៧.៣ លាននាក់ ដោយសារព្រឹត្តិការណ៍ World Expo នៅទីក្រុងអូសាកា៕

អត្ថបទ ៖ ហម ឆរ៉ា

អត្ថបទថ្មី