រឿង "ស្បែក​គង់" ត្រៀម​បំបែក​ឯតទគ្គកម្ម​រកចំណូល

  • 2014-12-14 17:15:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ អគ្គនាយក​ផលិតកម្ម Angkor Picture លោក ប៉ុល វិបូ បាន​និយាយ​ថា រឿង "ស្បែក​គង់" កំពុង​ត្រៀម​បំបែក​កំណត់​ត្រា​ចំណូល​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ទទួល​បាន​អ្នក​ចូលរួម​ច្រើន​លើសលប់ ក្រោយ​ការ​ចាក់​បញ្ចាំង​ជា​ផ្លូវ​ការ​នា​ពេល​កន្លង។

 

 

លោក ប៉ុល វិបូ បាន​ប្រាប់​ Sabay ថា៖ “ដោយ​មិន​គិត​ពី​ចំណូល​ខាង​ក្រៅ​ប្រទេស យើង​រក​បាន​ចំណូល​ជាង ​៣០ ​ម៉ឺន ​ដុល្លារ ​ហើយ អាច​និយាយ​បាន​ថា ត្រៀម​បំបែក​ឯតទគ្គកម្ម​ចំណូល​ក្នុង​ស្រុក"។

 

ផលិតករ​ភាពយន្ត​រឿង "ស្បែក​គង់" រូប​នេះ​បាន​បន្ថែម​ថា ចំណូល​បាន​ពី​ការ​បញ្ចាំង​នៅ​ភ្នំពេញ​មាន​ចំនួន ​២៤ ​ម៉ឺន ​ដុល្លារ​អាមេរិក និង ​ការ​ចាក់​បញ្ចាំង​តាម​បណ្ដា​ខេត្ត​បាន​ប្រមាណ​ជាង ​៦ ​ម៉ឺន​ដុល្លារ។ ទោះ​បី​ជា​យ៉ាង​ណា លោក​មិន​បាន​គិត​បញ្ចូល​ចំណូល​បាន​ពី​ការ​ចាក់​បញ្ចាំង​នៅ​ប្រទេស​ថៃ កំពុង​ដំណើរ​ការ​សព្វ​ថ្ងៃ និង​ ប្រទេស​ផ្សេង​ទៀត​នោះ​ទេ។

 

អាន​អត្ថបទ៖ ម៉ូដ​ស្លាបបក្សី លាយ​ថង់​ប្លាស្ទិច​របស់ មាស សុខ សោភា មិន​អន់​ទេ

ប៉ុន្តែ​អគ្គនាយក​ផលិតកម្ម​ខាង​លើ បាន​ឲ្យ​ដឹង​ទៀត​ថា ចំណូល​បាន​មក​ពី​ក្រៅ​ប្រទេស​អាច​បាន​ច្រើន​ជាង​ការ​ចាក់​បញ្ចាំង​នៅ​ក្នុង​ប្រទេស ព្រោះ​និន្នាការ​នៃ​ការ​ទស្សនា​ភាពយន្ត​ខាង​លើ​នេះ ហាក់​មាន​ការ​ចាប់​អារម្មណ៍​ជាង​ប្រទេស​កម្ពុជា​។ លោក​កំពុង​មាន​ផែន​ការ​បន្តបន្ទាប់​ទៀត ដើម្បី​នាំ​រឿង​"ស្បែក​គង់" ទៅ​កាន់​ប្រទេស​មួយ​ចំនួន​​ទៀត។

 

លោក ប៉ុល វិបូ បាន​បន្ថែម​ថា ឆាប់ៗ​នេះ លោក​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាង​ត្បូង ដើម្បី​នាំ​យក​រឿ ង"ស្បែក​គង់" ទៅ​ចាក់​បញ្ចាំង​នៅ​ទី​នោះ ដើម្បី​អនុវត្តន៍​តាម​ផែនការ​យុទ្ធសាស្ត្រ ក្នុង​ការ​នាំ​យក​ភាពយន្ត​បែប​អភិនីហារ​មួយ​នេះ ទៅ​កាន់​ប្រទេស​ឲ្យ​បាន​ចំនួន​៩​រួម​ទាំង​សហរដ្ឋ​អាមេរិក​ផង​ដែរ។

 

អាន​អត្ថបទ៖ ឡូរ៉ា លក់​អាល់ប៊ុម"ខ្ញុំ​មិន​សុខ​ចិត្ត​ទេ" ជួយ​គន្ធបុប្ផា

យ៉ាង​ណា រហូត​មក​ដល់​ពេល​នេះ លោក​មិន​ទាន់​អាច​កំណត់​បាន​ប្រាក់​ចំណូល​នៅ​ឡើយ ព្រោះ​កំពុង​ស្ថិត​នៅ​ក្នុង​ដំណើរ​ការ​ចាក់​បញ្ចាំង​នៅ​ឡើយ។ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា កំពុង​រៀប​ចំ​ផលិត​កុន​មួយ​រឿង​ទៀត ដែល​ចំណាយ​ច្រើន​ជាង​មុន ហើយ​ល្អ​ជាង​នេះ​៕

 

 

http://youtu.be/7welSUOvfHg

 

អត្ថបទ៖ សំ ជំនាញ