​Laura ​​​ចាប់​ដៃ​ Brown និង​Gong Cha​ ​បរិច្ចាគ​ថវិកា​​ពី​​ការ​លក់​CD Album​ «ខ្ញុំ​មិន​សុខ​ចិត្ត​ទេ​» ​​​​ទាំង​អស់​​​​ទៅ​​​​​គន្ធបុប្ផា

  • 2014-12-13 14:04:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាល់ប៊ុម​​ថ្មី​ In Search of Heroes ​​មាន​​​​១០​បទ​ រាប់​ទាំង​ «​ខ្ញុំ​មិន​សុខ​ចិត្ត​​ទេ​» ​​​ដែល​​មាន​ស្ទីល​​​សម្ដែង​​​ឡូយ​​យ៉ាង​ល្បី​កក្រើក ​ទើប​ចេញ​ MV ​ប៉ុន្មាន​ថ្ងៃ​មុន​​​​របស់​​កូន​កាត់​ខ្មែរ​​អាមេរិក​ Laura Mam ​នឹង​ចាប់​ផ្ដើម​​ចេញ​លក់​នៅ​សប្ដាហ៍​ក្រោយ​ ហើយ​ចំណូល​ទាំង​អស់​ពី​ការ​ចរាចរណ៍​ឌីស​​​​នឹង​បរិច្ចាគ​ទៅ​ មន្ទីរ​ពេទ្យ​​គន្ធ​បុប្ផា​។

​ ឌីស​​ចម្រៀង​​ថ្មី​​របស់​ Laura ​ដែល​មាន​បទ ​​អង់គ្លេស​​៥​បទ​ និង ​ខ្មែរ​៥​បទ​ ​នឹង​​​ដាក់​លក់​​​​នៅ​តាម​សាខា​​​ហាង​ កាហ្វេ Brown ​និង​ Gong Cha។ ​តារា​វ័យ​​២៨​ឆ្នាំ​​ Laura Mam ​ថា​​​​ការ​សហការ​រវាង​ខ្លួន ​Brown និង​ ​Gong Cha សម្រេច​​ចិត្ត​បញ្ចេញ​​​ CD ​ស្នាដៃ​ថ្មី​ខ្លួន​​ ដើម្បី​ប្រមូល​​​​ប្រាក់​​ឲ្យ​មន្ទីរ​​ពេទ្យ​គន្ធ​បុប្ផា ព្រោះ​​ថា​មន្ទីរ​ពេទ្យ​​មួយ​នេះ​​ដើរ​តួ​​​យ៉ាង​សំខាន់​​ជួយ​ដល់​ប្រជាជន​ក្រីក្រ​ខ្មែរ។​ ​«យើង​ចង់​​ធ្វើ​​ជា​ឧទាហរណ៍​​​ គឺ​​​អ្នក​សិល្បៈ​ជា​ផ្នែក​​​​មួយ​​ជួយ​​ដល់​សង្គម​​​»។ ​តារា​ស្រី​​​ខ្មែរ​អាមេរិក ​​ដែល​​​អាច​សន្ទនា​​​​ខ្មែរ​យ៉ាង​ច្បាស់​​តែ​ជា​​ញឹកញាប់​លាយ​ពាក្យ​អង់គ្លេស​​មួយ​ៗ​​ រៀបរាប់យ៉ាង​​ដូច្នេះ​។

 

​Brown និង​ ​Gong Cha ​សហការ​ទិញ ​CD ​ពី​ Laura Mam ក្នុង​តម្លៃ​ពិសេស​ចំនួន ៥០០បន្ទះ ​មក​ដាក់​លក់​នៅ​សាខា​របស់​ខ្លួន។ ហើយ ​Brown,​ ​Gong Cha និង​ Laura Mam នឹង​យក​ ​ប្រាក់​​ពី​ការ​លក់​ ​CD ទាំង​អស់​ទៅ​បរិច្ចាគ​ដល់ ​មន្ទីរពេទ្យ​ គន្ធបុប្ផា។

 

អាល់ប៊ុល​​១០​បទ​នេះ ចំណាយ​អស់​ជាង​២​ម៉ឺន​ដុល្លារ​ដើម្បី​ផលិត​ឡើង​។ ​ប្រាក់​ទាំង​នេះ​មួយ​ផ្នែក​ធំ​​​បាន​ពី​ការ​រៃអង្គាស​ពី​ Fan ​ដែល​​ចូល​​​ចិត្ត​​​ស្នាដៃ​ថ្មី​ៗ​របស់​ Laura។ នាង​​​ថ្លែង​​ប្រាប់​ថា​​៖​​ ​«​ភាគ​ច្រើន​គឺ​យុវវ័យ​នៅ​ខ្មែរ ហើយ​ក៏​មាន​​ខ្លះ​ជា​បរទេស​ គឺ​បរទេស​ខ្លះ​​គេ​ស្រលាញ់​ខ្មែរ​យើង​ ហើយ​ការ​ចង់​ឃើញ​អ្វី​ថ្មី​គឺ​ជា​ឥរិយាបថ​របស់​អាគាំង​ស្រាប់​​»។

 

​ចំណោម​​​​១០​បទ បទ​​​​ខ្មែរ​៥​បទ​​ ​សុទ្ធ​តែ​ជា​បទ​ថ្មី​​​​ លើក​​លែង​តែ​បទ​ទាញ​ការ​ចាប់​អារម្មណ៍​បំផុត​​​​​​ «​​ខ្ញុំ​មិសុខ​ចិត្ត​ទេ​​» ដែល​មាន​ MV ​ស្ទីល​ប្លែក​ទាក់​ភ្នែក​​ គឺ​បាន​​ធ្វើ​ Cover ​ថ្មី​លើ​បទ​​ទសវត្ស​រ៍​ឆ្នាំ​៦០ ​របស់​អ្នក​ស្រី ប៉ែន រ៉ន។ «​ខ្ញុំ​​មិន​សុខ​ចិត្ត​ទេ​​» ​​សាច់​​​ភ្លេង​​ និង​ការ​ប្រើ​តុង​សំឡេង​​​ស្រែក​​បន្លឺ​ឡើង​​​ស្ដាប់​ទៅ​ស្រស់​ស្រាយ​ និង​កន្ត្រាក់​អារម្មណ៍​។ ​ប៉ុន្តែ Laura ​និយាយ​​​ថា​បទ​ដទៃ​បាន​ផ្ដោត​លើ​​​របត់​ថ្មី​យុវវ័យ​ខ្មែរ​។

 

ចាប់​ផ្ដើម​ល្បី​​​តាម​ YouTube ​​តាំង​ពី​២០១១​​មក​ Laura Mam ​ដែល​​កើត​នៅ​អាមេរិក តែ​បាន​បញ្ចប់​​ការ​សិក្សា​​​​ផ្នែក​​បុរាណ​​​វិទ្យា ​​​និង អក្សរសាស្ត្រ​ខ្មែរ​ ​​​បាន​ចេញ​​​ចម្រៀង​ស្នាដៃ​ខ្លួន​​ជាង​២០​បទ​មក​ហើយ​​។ បទ​ជា​ច្រើន​គឺ​លេង​ជាមួយ​ហ្គីតា ហើយ​​​បទ​ដែល​​​ធ្វើ​ឲ្យ​ផ្ទុះ​​​​ការ​ចាប់​អារម្មណ៍​ និង​ ស្គាល់​នាង​ខ្លាំង​បំផុត​នោះ​​​​គឺ​បទ​​​ «ស្វា​រាំ​មុនឃីស​»​។ ​ឯ​ឥឡូវ​នេះ​ «​ខ្ញុំ​មិន​សុខ​ចិត្ត​ទេ​​​» ដែលជា​បទ​​​​​ Cover ​បទ​​​ចាស់​ដូច​ «​ស្វា​រាំ​មុន​ឃីស​» ដែរ​​​​ និង​ទើប​ចេញ MV ​កាល​ថ្ងៃ​ទី​១០​ធ្នូ​ម្សិល​ម៉្ងៃ ​​កំពុង​ទាក់ទាញ​យុវវ័យ​មិន​តិច​ទេ តាម​​រយៈ​ស្តាយ៍​​​ថ្មី​ទាំង​ច្រៀង​ ពិសេស​​ការ​​​សម្ដែង។​

 

​​ឌីស​​អាល់ប៊ុម  In Search of Heroes ​នឹង​ដាក់​លក់​សប្ដាហ៍​ក្រោយ​។ ​ប៉ុន្តែ​ឥឡូវ​នេះ​ Laura ក៏​កំពុង​​ត្រៀម​​អាប៊ុម​ឆ្នាំ​ថ្មី​​២០១៥​​។ ​​អាល់​ប៊ុម​ ឆ្នាំ​ថ្មី​អាច​នឹង​ចាប់​ថត​នៅ​​ខែ​៥​ឬ​៦​ឆ្នាំ​ក្រោយ ហើយ​ពេល​នេះ Laura បាន​សម្រេច​​​លា​​​អាមេរិក​​ មក​រស់​នៅ​​​កម្ពុជា​​ជា​អចិន្ត្រៃយ៍​​វិញ​​​។  នាង​ពន្យល់​​​ពី​ការ​បោះ​បង់​ជីវិត​នៅ​​ប្រទេស​មហាអំណាច​​ដែល​ប្រជាជន​ខ្មែរ​ជា​ច្រើន​ប្រាថ្នា​ទៅ​នៅ៖​ «​ខ្ញុំ​មក​នៅ​​ខ្មែរ​​ដើម្បី​បន្ត​ធ្វើ​ភ្លេង​ និង​ចម្រៀង​របស់​ខ្ញុំ​ ព្រោះ​​​ខ្ញុំ​ចូល​ចិត្ត​ជីវិត​ឯករាជ្យ​​»។

 

មិន​​​ទាន់​ប្រាកដ​​​​ថា​ អាល់ប៊ុម​​​បន្តបន្ទាប់​ នឹង​​​​​លក់​​ដើម្បី​ប្រមូល​មូលនិធិ​​​ឲ្យ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ទៀត​ឬ​យ៉ាង​ណា​ទេ។ ប៉ុន្តែ​​បែប​ណា​ក្ដី​​​តារា​កូន​កាត់​​សម្បុរ​សណ្ដែក​បាយ​​បង្ហើប​ថា ​អាល់​ប៊ុល​​ក្រោយ​​ៗ​ អាច​នឹង​​ប្រើប្រាស់​ដើម្បី​ស្វែង​រក​​ប្រាក់​កាក់​​ទ្រទ្រង់​​ដល់​សកម្មភាព​មនុស្ស​ធម៌​​​ដូច​​ពេល​នេះ​ គ្រាន់​តែ​មិន​​​ច្បាស់​​ថា​ឲ្យ​ទៅ​គន្ធ​បុប្ផា ​ឬ ​​​អង្គការ​ស្ថាប័ន​ណា​​​​នោះ​ទេ៕

 

ក្រមា​​បង់​ក​​ខ្មែរ​កំពុងឡើងកូដ​ក្លាយ​ជា​ Fashion ​ស៊ី​វិល័យ​នៅ​ប៉ារីស​

បទ​ «ខ្ញុំ​មិន​សុខ​​ចិត្ត​» ​ក្នុង​អាល់ប៊ុម In Search of Heroes ​របស់ Laura ដែល​ទទួល​ការ​ចាប់​អារម្មណ៍​ច្រើន

http://youtu.be/LFOTyIdp0JU

 

ខោ​មិន​ខោស​អាវ​​​ទេ តែ​ច្រៀង​វិញ​ល្បី​​ផ្អើល​ដល់​​ អាមេរិក

ស្នេហា​ថៃ​ក្នុង​បទ​ចម្រៀង​វៀតណាម ខ្មែរ​មើល​ហើយ​ហាម​យំ

អត្ថបទ៖ ប៉ែន សុផាន់ណា​​