ភាពយន្តខ្មែរដែលប្រើទុន ១លានដុល្លារ ដល់ណាហើយ?
- 2015-03-24 17:38:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភាពយន្តខ្មែរដែលប្រើទុន ១លានដុល្លារ ដល់ណាហើយ?
ចន្លោះមិនឃើញ
ខ្សែភាពយន្តខ្នាតធំមួយរបស់ Rock រឿង "Before the Fall” ឬ "មុនការដួលរំលំ" មកទល់ឥឡូវ បាន និងកំពុងស្ងប់ស្ងាត់ បន្ទាប់ពីបានធ្វើឲ្យមានការចាប់អារម្មណ៍កាលពីចុងឆ្នាំ ២០១៤ ជាមួយទុនផលិតប្រមាណ១លានដុល្លារ។
Rock ដែលជាម្ចាស់ផលិតនៃរឿងនេះ ធ្លាប់បញ្ចេញថា "Before the Fall" បានថតចប់រួចរាល់តាំងពីចុងឆ្នាំ ២០១៤ នោះ ហើយត្រៀមនឹងដាក់បញ្ចាំងដើមឆ្នាំ ២០១៥នេះ។ យ៉ាងណាក៏ដោយ ជុំវិញរឿងថា មកដល់ពេលនេះហើយ នៅតែមិនទាន់មានតម្រុយពីការដាក់បញ្ចាំង លោក យឹម សុសត្យា ប្រធានគ្រប់គ្រងការផលិតរបស់ Rock បានបញ្ចេញឲ្យដឹងថា អ្វីៗប្រៀបដូចទឹកស្ងប់រលក។
(រាប់ពីឆ្វេង)អ្នកនាង ចន្ថា អ្នកបកប្រែ លោក Ian Virgo កញ្ញា Pauline Cammal លោក Nicolas Duvauchelle លោក Ian White អ្នកដឹកនាំរឿង និងលោក Justine
លោកថា ភាពយន្តខ្នាតធំសម្រាប់ទីផ្សារអន្តរជាតិខាងលើនៅតែដំណើរការធម្មតា ដោយរយៈកន្លងកន្លងមកនេះ គឺស្ថិតក្នុងដំណើរការកាត់តកែសម្រួលផ្នែកបច្ចេកទេស ក្នុងនោះដំណើរការនេះមានទាំងធ្វើនៅក្នុងស្រុកខ្លះ និងនៅក្រៅស្រុកខ្លះ។ "កន្លងមកហ្នឹងយើងកាត់តនៅយើងខ្លះនៅបារាំងខ្លះ ព្រោះនៅយើងអត់មានកម្មវិធីកាត់ 4.5K អីចឹងបានយកទៅកាត់នៅបារាំង។ បន្ទាប់មកយើងយកទៅធ្វើ Sound Effect នៅអូស្ត្រាលីទៀត ដូច្នេះហើយទើបចំណាយពេលច្រើនដូច្នេះ"។
តាមប្រធានគ្រប់គ្រងការផលិតរូបនេះ ភាពយន្តដែលចូលរួមសម្ដែង ព្រមទាំងថតដោយ តារា និងអ្នកថតមកពីឧស្សាហកម្មហូលីវូដនេះ ត្រូវបានកាត់រួចរាល់ និងបញ្ជូនត្រឡប់ពីអូស្ត្រាលីវិញហើយ ដោយទើបមកដល់កាលពីពាក់កណ្ដាលខែមីនានេះ។ ទោះយ៉ាងណា លោកមិនទាន់ហ៊ានអះអាងទេថា “Before the Fall” ឬ “មុនការដួលរលំ” នឹងដាក់បញ្ចេញពេលណាឲ្យច្បាស់។
"រឿងថាដាក់បញ្ចាំងក្នុងស្រុកពេលណា អាហ្នឹងយើងអត់ទាន់អាចនិយាយបានទេ យើងទាំងអស់គ្នាចង់ចេញទៅទីផ្សារអន្តរជាតិមុនសិន រួចបានយកមកដាក់បញ្ចាំងក្នុងស្រុក តែឲ្យនិយាយថាពេលណា មិនទាន់អាចនិយាយបានទេ"។ យឹម សុសត្យា បញ្ជាក់។
លោក យឹម សុសត្យា និងលោក Ian Virgo
លោក យឹម សុសត្យា និងកញ្ញា Pauline Cammal និងលោកNicolas Duvauchelle
បន្ថែមពីលើនេះ អ្នកនិពន្ធ និងដឹកនាំរូបនេះ ក៏មិនព្រមបញ្ចេញដែរថា ចេញទៅទីផ្សារអន្តរជាតិពេលណា ហើយប្រទេសណាមួយដែលជាទីត្រូវដាក់បញ្ចាំងភាពយន្តដ៏ធំមួយនេះ។ លោកថា អ្វីៗនៅពិភាក្សាគ្នានៅឡើយ។
តាមលោក Justine អ្នករកទីផ្សារក្រៅប្រទេសនៃភាពយន្តដ៏ធំនេះ ថ្លែងក្នុងថ្ងៃបង្ហាញមុខតួលើកញ្ចក់ទូរទស្សន៍ CTN បានឲ្យដឹងថា “Before The Fall”នឹងយកទៅដាក់បញ្ចាំងនៅបណ្តាប្រទេសក្នុងតំបន់អាស៊ាន មានដូចជា ថៃ វៀតណាម ជាដើម។ ក្រៅពីនេះ មានអូស្ត្រាលី ហុងកុង និងអាចឈានទៅដាក់បញ្ចាំងនៅសហរដ្ឋអាមេរិកថែមទៀត។
“Before the Fall” ឬ “មុនការដួលរលំ” ដែលចង់បង្ហាញទស្សនិកជនពីស្ថានភាពប្រទេសកម្ពុជាមុនឆ្នាំ ១៩៧៥ ចូលរួមសម្ដែងដោយតារាមួយចំនួនមកពីហូលីវូដ មានដូចជា លោក Ian Virgo លោក Nicolas Duvauchelle និងកូនកាត់ខ្មែរ-បារាំង កញ្ញា Pauline Cammal ជាដើម។ បន្ថែមពីលើនេះ អ្នកថត(Cameraman) និងដឹកនាំរឿង លោក Ian Whiteក៏មកពីហូលីវូដដែរ។ តាមលោក យឹម សុសុត្យា នេះ គឺជាហេតុផលសំខាន់មួយធ្វើឲ្យរឿងនេះត្រូវចំណាយទុនខ្ពស់ ឯឧបករណ៍ក៏សុទ្ធតែទំនើបៗ៕
អត្ថបទ៖ Rock បង្ហាញមុខតួហូលីវូដក្នុងរឿងចំណាយទុនជិត១លានដុល្លារផ្លូវការ
អត្ថបទ៖ ទារិកា