តារាស្រី ៣ដួងដែលមានស្នាមសាក់លើខ្លួន ស្នើកុំមើលមនុស្សតាមស្នាមនេះ
- 2015-10-21 17:53:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាស្រី ៣ដួងដែលមានស្នាមសាក់លើខ្លួន ស្នើកុំមើលមនុស្សតាមស្នាមនេះ
ចន្លោះមិនឃើញ
សិល្បករជាច្រើនបានលេងស្ទីលសាក់នៅលើដងខ្លួន ដោយពួកគេជ្រើសរើសកន្លែងរំលេចស្នាមសាក់ ទៅតាមការនិយម និងការពេញចិត្តរបស់ពួកគេរៀងៗខ្លួន។ ទាក់ទងនឹងស្នាមសាក់នេះមានមតិមួយចំនួនលើកឡើងថា "ការសាក់ គឺមិនល្អ ឬជាប្រភេទមនុស្សពាល "ជាដើម។ យ៉ាងណាតារាស្រីជើងចាស់ ៣ដួង សម្ដែងការមិនគាំទ្រនឹងមតិបែបនោះ ដោយលើកហេតុផលស្រដៀងគ្នាថា មនុស្សមិនអាចមើលតែសម្បកក្រៅតាមរយៈការ "ចាក់សាក់" ទេ ។
១. ខាត់ សុឃីម
តារាពហុជំនាញ ខាត់ សុឃីម បានសាក់នៅក្រឡឹងចង្កេះ តាំងពី ២០០០ លើទឹកដីសហរដ្ឋអាមេរិក គ្រាដែលអ្នកនាងទៅច្រៀងនៅទីនោះម្ល៉េះ។ មូលហេតុដែលនាំឲ្យមានការសម្រេចសាក់លើដងខ្លួននេះ អ្នកនាង បញ្ជាក់ថា ដោយសារតែការស្រលាញ់ចូលចិត្ត ហើយបងប្អូនរបស់អ្នកនាងក៏ស្រលាញ់ដូចគ្នា ក៏សម្រេចចាក់សាក់ទាំងអស់គ្នាតែម្ដងជាមួយ ប្អូនស្រី ខាត់ ស្រីវង។
ចំពោះមតិលើកឡើងខាងលើ អ្នកនាង ខាត់ សុឃីម បញ្ជាក់ប្រាប់ថា យល់ច្បាស់ណាស់ពីបញ្ហានេះ។ អ្នកនាងថ្លែងថា មែនទែនទៅដូចអ្នកនាងបានលើកឡើងខាងលើ ព្រោះការសាក់នេះ គឺជា ចំណង់ចំណូលចិត្ត ហើយស្នាមសាក់នេះក៏ជាសិល្បៈមួយផងដែរ ព្រោះអ្នកនាងជាអ្នកសិល្បៈ។
២. ចាន់ តារាទី
តារាសម្ដែងជើងចាស់រូបនេះ និយាយទៀតថា ជាចំណង់ចំណូលចិត្ត ហើយការសាក់បែបនេះ មិនមែនជារឿងអាក្រក់នោះទេ សំខាន់លើបុគ្គលរៀងខ្លួនតែប៉ុណ្ណោះ។ ម៉្យាងទៀត មានបណ្ដាអ្នកតូច-អ្នកធំជាច្រើនបានសួរពីរឿងស្នាមសាក់នេះ ប៉ុន្តែ តារាស្រីពូកែស្រក់ទឹកភ្នែក ឆ្លើយតបដោយសម្អាងលើហេតុផលថា មនុស្សមិនអាចវាយតម្លៃលើសម្បកក្រៅបានទេ។
តារារូបនេះបន្តទៀតថា ស្នាមសាក់នៅក្រោយខ្នងអ្នកនាង មិនតំណាងភាពកោងកាច ប៉ុន្តែសម្រាប់លើកទឹកចិត្តខ្លួនឯងប៉ុណ្ណោះទៅវិញ។ តែ ចាន់ តារាទី និយាយទៅកាន់ក្មេងៗជំនាន់ក្រោយថា កុំឲ្យអស់សង្ឃឹមនៅក្នុងជីវិត ដរាបណានៅមានដង្ហើមត្រូវព្យាយាមធ្វើអ្វីមួយឲ្យអស់ពីចិត្ត។ ៣. ប៉ែន សុផានី
និយាយពីរឿងសាក់នេះ អ្នកនាង សុផានី ឲ្យដឹងដែរថា មានមនុស្សមួយចំនួនបានយល់ច្រឡំទៅលើការសាក់របស់អ្នកនាង ថាក្នុងន័យខូចចិត្តចំពោះមនុស្សប្រុសទៅវិញ និងយល់ទៀតថា មិនមែនជាមនុស្សល្អ ប៉ុន្តែមិនដូចអ្វីដែលគេនិយាយនោះទេ។ អ្នកនាង បន្តលើកហេតុផលថា នេះមកពីការក្តីស្រលាញ់ដ៏ធំធេងចំពោះម្ដាយ ទើបនាង សាក់ជាអក្សរខ្មែរថា “ប៉ាម៉ាក់ជាកែវភ្នែករបស់កូនស្ថិតនៅក្នុងបេះដូងកូនជាអមតៈ”។
យ៉ាងណាមិញ តារាជើងចាស់ទាំង៣ដួងខាងលើ នៅតែឲ្យតម្លៃនៃការសាក់ ហើយអះអាងដដែលស្រដៀងគ្នាថា ការសាក់ ជាការពេញចិត្តរបស់មនុស្សម្នាក់ៗ។ ម្យ៉ាងទៀតសោត នេះក៏ជាផ្នែកមួយនៃសិល្បៈដែលតារាៗ ទាមទារធ្វើយ៉ាងណាកុំឲ្យមានភាពសាំញ៉ាំទៀតផង។ ទាំងបីដួង បានបន្តជាចុងក្រោយថា មនុស្សមួយចំនួនដែលមិនមានស្នាមសាក់ ចិត្តសាហាវជាងអ្នកមានស្នាមសាក់ទៅទៀត ដូចនេះសូមទស្សនិកជនកុំចាប់អារម្មណ៍លើរឿងនេះជារឿងសំខាន់៕
សាឡាត់ ស្រីឡាង ស៊ីថ្លៃជាង១ពាន់ដុល្លារ ក្នុង១រឿង
បរាជ័យរបស់ អ៊ាម វន្នី ធ្វើឱ្យម្ដាយអតីតតារាកំប្លែងស្រីម្នាក់យំអត់បាយ ៣ ថ្ងៃ
អត្ថបទ៖ ថា ម៉ាលីដា