ធី យ៉ាដា ពូកែ​ថ្ងូរ

  • 2014-10-25 17:03:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង និង ម៉ូដែល កញ្ញា ធី យ៉ាដា បន្ទាប់​ពី​ប្រឡូក​សិល្បៈ​មួយ​រយៈ​នេះ ចាប់​ផ្ដើម​មាន​ទីផ្សារ​បណ្ដើរ​ៗហើយ ដោយ​នាង​បាន​ចេញ​មុខ​ដើរ​ម៉ូដ ថត រឿង​និង​ស្ប៉ត​ជា​បន្ត​បន្ទាប់។ ទោះបី​បែប​នេះ​ក្ដី​ តារា​ស្រី​ម្នាក់​នេះ ​នៅ​តែ​ថ្ងូរ​ពី​ការងារ​សិល្បៈ​របស់​ខ្លួន​ដដែល។

 

 

 

កញ្ញា ធី យ៉ាដា បាន​ប្រាប់​​ឲ្យ​ដឹង​ថា ការ​បោះជំហាន​ចូល​សិល្បៈ​របស់​នាង​ដំបូង តាម​រយៈ​ការ​ប្រលង​ស្រី​ស្រស់​-ប្រុស​ស្អាត​ប៊្រីដស្ដុនឆ្នាំ ២០១១ ប៉ុន្តែ​ មិន​ទទួល​បាន​លទ្ធផល​ឡើយ។ ដោយសារតែ​​​ការ​ស្រលាញ់​ការ​ដើរ​​ម៉ូដ យ៉ាដា បាន​ចូល​ដើរ​ម៉ូដ ក្នុង​ក្រុម​​បង្ហាញ​ម៉ូដ​ Pop Model ហើយ​ក្រោយ​មក​ក៏​ទទួល​បាន ការងារ​ដើរ​ម៉ូដ​ជា​បន្តបន្ទាប់។

 

យ៉ាដា បាន​បន្ត​ឲ្យ​ដឹង​ថា កាល​នាង​នៅ Pop Model នាង​មាន​កុងត្រា​ជា​មួយ​គ្នា ប៉ុន្តែ​​ថ្មីៗ​នេះ កុងត្រា​បាន​ចប់​ហើយ បច្ចុប្បន្ន​នាង​ចង់​ដើរ​ម៉ូដ​ឲ្យ​ក្រុម​ម៉ូដែល​ណា​ក៏​បាន​ដែរ។

 

តារា​ស្រី​ម្នាក់​នេះ​ លើក​ឡើង​ថា ការងារ​ជា​តារា​ម៉ូដែល​មាន​ច្រើន​គួរសម ប៉ុន្តែ​មិន​ទទួល​បាន​តម្លៃ​ខ្លួន​ថ្លៃ​ណាស់ណា​ឡើយ ត្បិត​អី​នាង​ជា​តារា​​ម៉ូដែល​មិន​សូវ​ល្បី ដូច្នេះ កម្រៃ​ដែល​បាន​មក​គ្រាន់​តែ​​ផ្ទត់ផ្គង់ ការងារ​ចាយ​វាយ​ប្រចាំ​ថ្ងៃ​ប៉ុណ្ណោះ។

 

ក្រៅ​ពី​ដើរ​ម៉ូដ កញ្ញា ធី យ៉ាដា ធ្លាប់​បាន​ថត​ ២ រឿង​ ក្នុង​នោះ​មាន​រឿង "នំ​ត្នោត​ស្នេហ៍" និង រឿង "រាជិនី​ឆ្នើម" ដោយ​ទាំង​២​រឿង​​នោះ ​នាង​​ក្ដាប់​បាន​តំណែង​ជាតួ​​សំខាន់​មួយ ប៉ុន្តែ​មិន​មែន​​ជា​តួ​ឯក​ឡើយ។ ចំពោះ​ស្ប៉ត​ពាណិជ្ជកម្ម​វិញ យ៉ាដា​ បាន​ប្រាប់ថា ទើប​តែ​ថត​បាន ​២​ ប៉ុណ្ណោះ មាន​ស្រាបៀ​លីអូ និង ស្រា​អាឡិចហ្សង់វីស្គី។

 

 

តារា​ស្រី​វ័យ​​ក្មេង​នេះ​ថ្ងូរ​ថា ចូល​មក​ដល់​រដូវ​ភ្លៀង​នេះ ការងារ​សិល្បៈ​របស់​នាង​មិន​សូវ​មាន​ឡើយ គឺ​ស្ងាត់​ សឹង​ថា ១ខែ ស្ទើរ​មិន​មាន​ ១ កម្មវិធី​ផង។ ទោះ​បី​ជា ទីផ្សារ​មិន​សមប្រកប​បែប​នេះក្ដី យ៉ាដា បាន​លើក​ឡើង​ថា នាង​នៅ​តែ​ប្រឡូក​អាជីព​មួយ​​ដដែល ​មិន​​បោះ​បង់​ចោល​កណ្ដាល​ទី​ឡើយ ព្រោះ​នាង​គិត​ថា អ្នក​សិល្បៈ​រៀម​ច្បង​ ដែល​ល្បីៗ​មុនៗ​ក៏ ផ្ដើម​ពី​ចំណុច​បែប​នេះ​ដូច​គ្នា៕

  អានអត្ថបទ៖ តួ​ភេទ​ទី​ ៣ ​កាន់​តែ​មាន​ទីផ្សារ​សិល្បៈ? អានអត្ថបទ៖ ៤ បទ​ របស់ ខាន់ ជេមស៍ The Voice Cambodia យក​ទៅ​ច្រៀង ជាប់​ទាំង​អស់  

អត្ថបទ៖ ខុត សីហា

 

 

អត្ថបទថ្មី