Cube ប្រកាស Hyunseung ចាក​ចេញ​ពី BEAST ជា​ផ្លូវការ

  • 2016-04-20 15:32:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បដិសេធ​អស់​រយៈពេល​ជា​ច្រើន​ខែ ចុង​បញ្ចប់​ផលិតកម្ម Cube ក៏​បាន​បញ្ជាក់​ពី​ការ​ចាកចេញ​របស់​តារា​ចម្រៀង Jang Hyunseung ពី​ក្រុម​ចម្រៀង BEAST។

 

យប់​ថ្ងៃ​ទី ១៩ ខែ​មេសា ផលិតកម្ម​ចម្រៀង Cube ​បាន​ប្រកាស​ថា តារា​ចម្រៀង Jang Hyunseung សមាជិក​ក្រុម​ចម្រៀង B2ST នឹង​ដើរ​ចេញ​ពី​ក្រុម។ ក្រុម​ចម្រៀង​នេះ​នឹង​បន្ត​ទៅ​មុខ​ទៀត​ដោយ​សមាជិក​៥​រូប​រួម​មាន Doojoon, Kikwang, Yoseob, Junhyung និង Dongwoon។ យ៉ាងណាក៏ដោយ Cube ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ម្ចាស់​បទ "Trouble Maker” គ្រាន់​តែ​ចេញ​ពី BEAST តែ​ប៉ុណ្ណោះ​ដោយ​​នឹង​មិន​ចាក​ចេញ​ពី​ផលិតកម្ម Cube នោះ​ឡើយ។ តារា​ចម្រៀង​វ័យ​២៦​ឆ្នាំ​នឹង​បន្ត​អាជីព​ជា​តារា​ចម្រៀង​ទោល។

 

 

Cube បាន​បកស្រាយ​ថា មុន​ពេល​ឈាន​ដល់​ការ​សម្រេច​ចិត្ត​នេះ ក្រុមហ៊ុន​និង​សមាជិក​ក្រុម​បាន​ពិភាក្សា​គ្នា​យ៉ាង​ម៉ត់ចត់។ បន្ទាប់​ពី​ជជែក​គ្នា​យ៉ាង​យូរ អ្នក​ទាំង​អស់​គ្នា​បាន​សម្រេច​ចិត្ត​ថា B2ST គួរ​តែ​បន្ត​ទៅ​មុខ​ជាមួយ​សមាជិក​៥​រូប។

 

ខាង​ក្រោម​នេះ​គឺ​ជា​សេចក្ដី​ថ្លែង​ការណ៍​​របស់ Cube៖

 

“សួស្ដី​អ្នក​ទាំង​អស់​គ្នា នេះ​គឺ Cube Entertainment។

 

ពួក​ខ្ញុំ​ចង់​ផ្ញើ​ពាក្យ​អរគុណ​ទៅ​កាន់​អ្នក​គាំទ្រ​ដែល​តែងតែ​គាំទ្រ​ក្រុម​ចម្រៀង BEAST ហើយ​ពួក​ខ្ញុំ​ក៏​មាន​រឿង​ចង់​ប្រាប់​ទៅ​កាន់​អ្នក​ទាំង​អស់​គ្នា​​​ដែរ។ ចាប់​ពី​ថ្ងៃ​នេះ​តទៅ Jang Hyunseung នឹង​ចាក​ចេញ​ពី BEAST ហើយ​ក្រុម​ចម្រៀង​នឹង​បន្ត​សកម្មភាព​របស់​ខ្លួន​ជាមួយ​សមាជិក​៥​រូប។ Jang Hyunseung ចង់​ផ្ដោត​អារម្មណ៍​លើ​ការ​ធ្វើ​ជា​តារា​ចម្រៀង​ទោល​ជាង​ធ្វើ​ជា​សមាជិក​ក្នុង​ក្រុម​ចម្រៀង។

 

BEAST នឹង​បន្ត​ទៅ​មុខ​ជាមួយ​សមាជិក​៥រូប

 

បន្ទាប់​ពី​ពិភាក្សា​គ្នា​យ៉ាង​យូរ Hyunseung និង​សមាជិក​ទាំង​ឡាយ​បាន​យល់​ស្រប​ថា​ BEAST គួរ​តែ​ដើរ​ទៅ​មុខ​បន្ត​ជាមួយ​សមាជិក​៥​រូប​ដោយ​គ្មាន​វត្តមាន​របស់ Hyunseung។ រយៈ​ពេល​៧​ឆ្នាំ​កន្លង​មក​នេះ BEAST និង​អ្នក​គាំទ្រ​បាន​ខិតខំ​​ទាំង​មិន​បាន​សម្រាក​ដើម្បី​ក្លាយ​ជា​ក្រុម​ចម្រៀង​ល្បី​ឈ្មោះ​មួយ។ អាស្រ័យហេតុនេះ វា​មិន​មែន​ជា​ការ​សម្រេច​ចិត្ត​ដ៏​ងាយស្រួល​នោះ​ទេ​សម្រាប់​សមាជិក​ក៏​ដូច​ជា​ក្រុមហ៊ុន។ សម្រាប់​ឆ្នាំ ២០១៦​នេះ BEAST នឹង​បញ្ចេញ​អាល់ប៊ុម​ថ្មី​មួយ​និង​ធ្វើ​ការ​ផ្សព្វផ្សាយ​ក្នុង​ស្រុក ដូច​នេះ​ហើយ សូម​អ្នក​ទាំង​អស់​គ្នា​បន្ត​ការ​គាំទ្រ​ចំពោះ BEAST ក៏​ដូច​ជា Hyunseung ផង"៕

 

ចុចអាន៖ឈុត​គ្រវាស​ទូរសព្ទ​ក្នុង​ “Descendants of the Sun” លេច​មុខ​ក្នុង​វិញ្ញាសា​ប្រលង​រូប​វិទ្យា​វៀតណាម

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖soompi