ក្រុមសង្ក្រាន្តភូមិយើង រៀបចំបណ្ណាល័យតាមថ្នាក់រៀន អោយសាលាមួយ នៅស្រុកបវេល
- 2016-05-18 19:09:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមសង្ក្រាន្តភូមិយើង រៀបចំបណ្ណាល័យតាមថ្នាក់រៀន អោយសាលាមួយ នៅស្រុកបវេល
ចន្លោះមិនឃើញ
ក្រោយពីបិទបញ្ចប់កម្មវិធីសង្ក្រាន្តភូមិយើងចប់កាលខែមុនដែលទទួលបានដោយជោគជ័យ ឥឡូវនេះ ក្រុមសង្ក្រាន្តភូមិយើង បានធ្វើដំណើរទៅរៀបចំបណ្ណាល័យតាមថ្នាក់រៀនមួយនៅ ភូមិជ្រោយស្នា ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ដែលមានចម្ងាយប្រមាណ ៤៥ គីឡូម៉ែត្រ ពីទីរួមខេត្ត។
សូមចុចអាន៖ សង្ក្រាន្តភូមិយើង ទទួលឆ្នាំថ្មីផង និង ដើម្បីការអានរបស់កុមារផង
តំណាងក្រុមសង្ក្រាន្តភូមិយើងបានរៀបរាប់អោយដឹងថា បន្ទាប់ពីក្រុមការងារបានមកដល់សាលាបឋមសិក្សាជ្រោយស្នា កាលពីអំឡុងខែមករា ឃើញថា សាលានេះមានការលំបាកច្រើន ហើយក្មេងៗរៀននៅទីនេះពុំមានសៀវភៅសម្រាប់អានគ្រប់គ្រាន់ ដូច្នេះហើយ ទើបក្រុមការងារសង្ក្រាន្តភូមិយើងនាំគ្នា យកសៀវភៅ និង រៀបជាបណ្ណាល័យនៅទីនេះ។
សៀវភៅប្រមាណជា ៤០០ក្បាល សម្ភារៈសម្រាប់ថ្នាក់រៀនដូចជា អំបោស ប្រដាប់កើប ធុងសម្រាមនិង សម្ភារៈសិក្សាមួយចំនួនសម្រាប់សិស្សនៅទីនោះ ត្រូវបានក្រុមការងារសង្ក្រាន្តភូមិយើងយកទៅជួយឧបត្ថម្ភគាំទ្រសាលាបឋមសិក្សាជ្រោយស្នា។
សូមចុចអាន៖ សង្ក្រាន្ត ភូមិយើង ទទួលការគាំទ្រខ្លាំងហួសពីការរំពឹងទុក
តំណាងក្រុមបានថ្លែងប្រាប់ភ្នាក់ងារ Sabayថា “ថវិកាសម្រាប់ទិញសៀវភៅ និងសម្ភារៈទាំងនេះ គឺបានមកពីការលក់ភេសជ្ជៈ និងអាហារ ព្រមទាំងការបរិច្ចាគ ពីអ្នកចូលរួមនៅក្នុងកម្មវិធីសង្ក្រាន្តភូមិយើងកាលពីថ្ងៃទី ១០ ខែមេសា កន្លងទៅ។ ពួកយើងក៏ទទួលបានការជួយឧបត្ថម្ភជាសៀវភៅនិងសម្ភារៈសិក្សាខ្លះពី CJCC និងពីសំណាកសិស្សានុសិស្សមួយចំនួនផងដែរ។ សាលាបញ្ញាសាស្ត្រក៏បានជួយយើងផ្នែកការធ្វើដំណើរហើយ និងក្រុមហ៊ុនផលិតនំស្រួយលីលីបានជួយផ្ដល់នំអោយយើងយកទៅចែកក្មេងៗនៅទីនោះថែមទៀត។ ដោយសារសាលាមិនមានបន្ទប់បណ្ណាល័យដាច់ដោយឡែក ដូច្នេះយើងនឹងរៀបចំទូផ្ដៅដាក់សៀវភៅតាមថ្នាក់នីមួយៗតែម្តង"។
សាលាបឋមសិក្សាជ្រោយស្នា មានសិស្សសរុប ១៦១នាក់ ហើយមាន ៧កម្រិត ពីមត្តេយ្យដល់ថ្នាក់ទី៦ ក្នុងមួយកម្រិតមានតែមួយថ្នាក់ប៉ុណ្ណោះ។ ដោយសាលារៀនមានតែបីបន្ទប់ សិស្សត្រូវប្ដូរវេនគ្នារៀន ពេលព្រឹក និងថ្ងៃ ទើបអាចរៀនបានទាំងអស់គ្នា។
លោក នូ សារ៉េត នាយមសាលាបឋមសិក្សាជ្រោយស្នាបានសម្ដែងសេចក្ដីត្រេកអរយ៉ាងខ្លាំងចំពោះសកម្មភាពនេះ ហើយបានបញ្ជាក់ថា ក្មេងៗនៅទីនេះចូលចិត្តអាន ប៉ុន្តែមានសៀវភៅមិនគ្រប់គ្រាន់ គឺមានតែ ១០ ទៅ ២០ក្បាលប៉ុណ្ណោះ ហើយសៀវភៅខ្លះក៏ចាស់ និង រហែក ផងដែរ៕
អត្ថបទ & រូបភាព៖ ហួន ទីណារ័ត្ន