ចាប់បាន​អ្នក​លួច Live រឿង "ចន្ទ្រា" និង "រថភ្លើង​ទៅ​ប៊ូសាន" នៅ Major Cineplex by Cellcard

  • 2016-09-14 21:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សៅ សុខនី នាយក​ប្រតិបត្តិ​​រោង​ភាពយន្ត Major Cineplex by Cellcard បាន​ឲ្យ​ដឹង​ថា ថ្មី​ៗ​នេះ​​ក្រុម​ការងារ​លោក​ចាប់​បាន​​​អ្នក​ទស្សនា​ពីរ​នាក់​ដែល​បាន​​​លួច Live ​រឿង​​កំពុង​ពេញ​និយម​ទាំង​ពីរ​គឺ​រឿង"រថភ្លើង​ទៅ​ប៊ូសាន" និង"ចន្ទ្រា" ។

 

 

GM នៃ​រោង​ភាពយន្ត​ខាង​លើ​បាន​បញ្ជាក់​ថា លោក​សុំ​មិន​បង្ហាញ​អត្តសញ្ញាណ​អ្នក​ទាំងពីរ​ឡើយ​​។ តែ​អ្វី​ដែល​ធ្វើឲ្យ​ក្រុម​ការងារ​លោក​មាន​ភាព​ភ្ញាក់ផ្អើល​​ខ្លាំងនោះ​ គឺ​ពួកគេ​មិន​ត្រឹមតែ​ជា​ការ​លួច​ចម្លង​ធម្មតា​នោះ​ទេ តែហ៊ាន​​ប្រព្រឹត្ត​ដោយ​​ប្រើ​គណនី Facebook Live ផ្ទាល់​ពី​រោងកុន​តែម្ដង។ "រឿង​ទាំងពីរ​នោះ​ជា​ រឿង​ពេញ​និយម​ខ្លាំង ដូចនេះ​ហើយ​ក៏​ជា​គោលដៅ​នៃ​ការ​លួច​ចម្លង​នោះ​ដែរ។”

 

នាយក​ប្រតិបត្តិ​រោង​ភាពយន្ត​​រូបនេះ​​បានបន្ត​ទៀត​ថា ​បន្ទាប់ពី​មាន​រឿងដូច​នេះ​កើតឡើង​ រោងកុន Major Cineplex By Cellcard បាន​បន្ថែម​បុគ្គលិក​តាម Hall ដែល​បញ្ចាំង​រឿង​ពេញ​និយម​ដើម្បី​ឃ្លាំមើល ហើយ​បង្កើត​ជា​វីដេអូ​និយាយ​ពី​ភាព​អវិជ្ជមាន និង​ការ​ប្រឈម មុខ​តាម​ផ្លូវ​ច្បាប់​នៃ​អ្នក​ប្រព្រឹត្ត។ “យើង​មិន​ចង់​ធ្វើ​បែបនេះ​ទេ យើង​ចង់​ឲ្យ​ការ​មក​មើល​កុន​គឺ​ជា​ការ​សម្រាក​លំហែ​ដោយ​ដោយ​គ្មាន​សម្ពោធ​បំបាត់​អារម្មណ៍​សៅហ្មង​ទាំងពួង។ តែ​ពេល​មាន​រឿង​នេះ​ហើយ យើង​នឹង​បន្ថែម​បុគ្គលិក​នៅ​តាម Hall ដែល​បញ្ចាំង​រឿង​ដែល​​គេ​ចាប់អារម្មណ៍​ច្រើន។ ការ​ធ្វើ​បែប​នេះ​ គឺ​ដើម្បី​​មិន​ឲ្យ​មាន​ការ​​លួច​ចម្លង​កម្មសិទ្ធិ​បញ្ញា​ប៉ុណ្ណោះ។”

 

 

លោក បន្ថែម​ថា​ខាង​ក្រុមការងារ​លោក​បាន​ណែនាំ​ទៅ​អ្នក​ប្រព្រឹត្ត និង​ពន្យល់​ពី​ផ្លូវ​ច្បាប់ ហើយ​ពួកគេ​ក៏​បាន​សន្យា​មិន​ឲ្យ​មាន​រឿង​បែប​នោះ​កើតឡើង​ម្ដង​ទៀត​ទេ។ "ពួក​គាត់​ប្រហែល​ជា​គិត​ថា​ការ​លួច Live នោះ​គឺជា​រឿង​លេងសើច តែ​មិន​ដូច្នោះ​ទេ ហើយ​យើង​មាន​វិធាន​ការ​រួចរាល់​អស់​ហើយ បើ​មាន​ជា​លើក​ទី ៣ អ្នក​ប្រព្រឹត្ត​នឹង​ប្រឈមមុខ​ចំពោះ​មុខ​ច្បាប់”។

 

សម្រាប់​រោងភាពយន្ត​ដទៃ​ទៀត​បាន​ឲ្យ Sabay ​ដឹង​ថា​ មិន​ទាន់​ប្រទះ​ដូច​ករណី​របស់​រោងភាពយន្ត Major Cineplex by Cellcard  ទេ។

 

ទិដ្ឋភាព​នៃ​ច្បាប់​៖

 

ការ​ផ្សព្វផ្សាយ​ស្នាដៃ​បន្ត​ដោយ​គ្មាន​ការ​អនុញ្ញាត ទោះ​ក្នុង​មធ្យោបាយ​អ្វី​ក៏​ដោយ ចាត់​ជា​បទ​ល្មើស​រំលោភ​កម្មសិទ្ធិ​បញ្ញា​​របស់​អ្នក​និពន្ធ ដែល​មាន​ចែង​ក្នុង​មាត្រា​​ទី​៦៤ នៃ​ច្បាប់​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់​ប្រហែល ដែល​​ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម​លេខ នស/រកម០៣០៣/០០៨ ចុះ​ថ្ងៃ​ទី​០៥ មីនា ឆ្នាំ ២០០៣។

 

តាម​ច្បាប់​នេះ អ្នក​ប្រព្រឹត្ត​​ល្មើស នឹង​ត្រូវ​ផ្ដន្ទាទោស​ដោយ​ការ​ផាក​ពិន័យ​ពី ១លាន​ ទៅ ៥លាន​រៀល ឬ​នឹង​ត្រូវ​ផ្ដន្ទាទោស​ជាប់​ពន្ធនាគារ​ពី​១​ខែ ទៅ៣​ខែ។ ករណី​បទ​ល្មើស​កើត​ឡើង​ច្រើន​ដង ការ​ផ្ដន្ទាទោស​ត្រូវ​គុណ​នឹង​ចំនួននៃ​ការ​ប្រព្រឹត្ត។ ករណី​មិន​រាង​ចាល ត្រូវ​​ផ្ដន្ទា​ទោស​ទ្វេ​ដង​នៃ​ទោស​ពី​មុន៕

 

 

តួ​ឯក​ប្រុស​ -ស្រី ​រឿង ចន្រ្ទា

 

poster រឿង "រថភ្លើង​ទៅ​ប៊ូសាន"

 

ចុចអាន៖ម្ចាស់​ផលិតកម្ម ​ប្រតិកម្ម​ធ្ងន់ៗ​ទៅ​លើ​បុគ្គល​ថា​រឿង ​”ចន្ទ្រា” ​បាន​ពិន្ទុ ២/៥

 

អត្ថបទ៖ទ្រី រ៉ាវី