​កម្ពុជា​ ចំណាយ​ជិត​៤០០​លាន​រៀល បញ្ជូន​កីឡា​៥​ប្រភេទ​ទៅ​ប្រកួត​កីឡា​អាស៊ី​ឆ្នេរ​ខ្សាច់

  • 2016-09-20 16:48:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រសួង​អប់រំ យុវជន ​និង​កីឡា ​បាន​បញ្ជាក់​ថា​កម្ពុជា​នឹង​បញ្ជូន​កីឡា​ចំនួន​៥​ប្រភេទ​ទៅ​ចូល​រួម​ប្រកួត​កីឡា​អាស៊ី​ឆ្នេរ​ខ្សាច់​លើក​ទី​៥​ (Asian Beach Games) ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ទីក្រុង​ដាណាង ប្រទេស​វៀតណាម​ចាប់​ពី​ថ្ងៃ​ទី​ ២៤ ​ខែ ​កញ្ញា​ ដល់​ថ្ងៃ​ទី​ ០៣ ​ខែ​តុលា ​ឆ្នាំ២០១៦ ។

 

 

​មុន​ការ​ចេញ​ទៅ​នេះ​ដែរ ឯកឧត្ដម​បណ្ឌិត​ ហង់ ជួន ណារ៉ុន ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា បាន​អនុញ្ញាត​ឲ្យ​ប្រតិភូ​កីឡា​ដែល​ត្រូវ​ចូល​រួម ​ការ​ប្រកួត​កីឡា​អាស៊ី​ឆ្នេរ​ខ្សាច់​ទាំង​អស់​បាន​ចូល​ប្រជុំ​គ្នា។ ឯកឧត្ដម ​បាន​និយាយ​ប្រាប់​ទៅ​ប្រតិភូ​ទាំង​អស់​ថា​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ក្នុង​ការ​ថែ​រក្សា​សុខភាព ទាំង​មុន​ប្រកួត​និង​ក្រោយ​ប្រកួត។ មួយ​វិញ​ទៀត ត្រូវ​ខិតខំ​ប្រកួត​ឱ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ដណ្ដើម​បាន​មេដាយ​ជូន​ជាតិ​មាតុភូមិ។

 

ការ​ប្រកួត​កីឡា​ឆ្នេរ​ខ្សាច់​លើក​ទី​ ៥ ​នេះ កម្ពុជា​បញ្ជូន​កីឡា​ចំនួន​ ៥ ប្រភេទ​ដែល​ក្នុង​នោះ​មាន​បាល់ទះ​លើ​ឆ្នេរ​ខ្សាច់ ​ចំបាប់​លើ​ឆ្នេរ​ វ៉ូវីណាម  Combat in Traditional Martial Art​ និង​ប៉េតង់​។ ដោយ​មាន​ប្រតិភូ​សរុប​៥៨​នាក់​ ជា​ការ​ចំណាយ​ទាំង​ស្រុង​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា ​ទាំង​ការ​ធ្វើ​ដំណើរ​ទៅ​មក​ ការ​ស្នាក់​នៅ​ ហូប​ចុក​ សំលៀក​បំពាក់​ផ្លូវការ​ សំលៀក​បំពាក់​ប្រកួត​ ព្រមទាំង ​ប្រាក់​ហោប៉ៅ​ផង​ដែរ។ ដោយ​គិត​ជា​រួម​​ចំណាយ​សរុប​អស់​ថវិកា​ ៣៨១​ ២៩៦ ​០០០​រៀល​។

 

 

កាល​ពី​ការ​ប្រកួត ​កីឡា​ឆ្នេរ​ខ្សាច់​អាស៊ី​លើក​ទី​ ៤ ​នៅ ​ផូកេត ​ប្រទេស​ថៃ ​កម្ពុជា​បញ្ជូន​ប្រភេទ​កីឡា​ចំបាប់​ទៅ​ចូល​រួម​ដែល​កាល​នោះ ​កីឡា​ការិនី ​នី សំណាង ​ដណ្ដើម​បាន​មេដាយ ​សំរឹទ្ធ​ ១ ​គ្រឿង៕

 

អត្ថបទ៖ មុន្នី រម្យ ប្រភព៖ អគ្គនាយក​ដ្ឋាន​កីឡា​