ខ្សែបម្រើ Xabi Alonso ប្រកាសលាឈប់ពីអាជីពលើវាលស្មៅចុងរដូវកាលនេះ
- 2017-03-09 11:47:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្សែបម្រើ Xabi Alonso ប្រកាសលាឈប់ពីអាជីពលើវាលស្មៅចុងរដូវកាលនេះ
ចន្លោះមិនឃើញ
កីឡាករចាស់វស្សា Xabi Alonso ខ្សែបម្រើឆ្នើមរបស់ក្រុម Bayern Munich បានប្រកាសតាមរយៈបណ្ដាញសង្គម Twitter របស់ខ្លួនថា នឹងចូលនិវត្តពីពិភពបាល់ទាត់ពេលចប់រដូវកាលនេះ។
កីឡាករវ័យ ៣៥ឆ្នាំ បានបង្ហាញខ្លួន ២៧លើកសម្រាប់ក្រុម Bayern Munich រដូវកាលនេះ ដោយរាប់បញ្ចូលទាំងការលេងពេញម៉ោង ១៨០នាទី ក្នុងជ័យជម្នះទាំង ២ជើង ១០-២ លើក្រុម Arsenal នាយុទ្ធនាការដណ្ដើមពានរង្វាន់ Champions League។ តាមពិតទៅ មានចចាមអារ៉ាមថា Alonso និង Philipp Lahm ចង់ព្យួរស្បែកជើងតាំងពីដើមរដូវកាល ប៉ុន្តែទើបមានការប្រកាសផ្លូវការនៅថ្ងៃនេះ។
អតីតខ្សែបម្រើក្រុម Liverpool និង Real Madrid រូបនេះ បាននិយាយថា មិនចង់លេងរហូតដល់អស់ជើងនោះទេ គឺចង់បញ្ចប់អាជីពនៅចំណុចដ៏ប្រសើរមួយ និងជួយឲ្យក្រុមឈរនៅកំពូលដូច Bayern Munich កំពុងធ្វើបានសព្វថ្ងៃ។ "វាមិនមែនជារឿងងាយទេក្នុងការសម្រេចចិត្ត ប៉ុន្តែខ្ញុំជឿថាវាជាពេលដ៏ល្អ... ខ្ញុំតែងគិតថាវាល្អក្នុងការចាកចេញឆាប់ៗ ជាជាងនៅត្រាំត្រែង... ខ្ញុំនៅតែមានអារម្មណ៍ល្អ ប៉ុន្តែខ្ញុំជឿថានេះជាវេលាមួយដ៏ត្រឹមត្រូវ"។ Alonso និយាយ។
អាជីពបាល់ទាត់របស់ Xabi Alonso បានចាប់ផ្ដើមនៅក្លឹប Real Sociedad ប៉ុន្តែ ៤ឆ្នាំក្រោយមក លោកបានផ្លាស់ទៅលេងនៅទឹកដីអង់គ្លេសជាមួយក្រុម Liverpool។ រដូវកាលទី១ ក្នុងការបង្ហាញខ្លួនលើទឹកដី Anfield កីឡាករអេស្ប៉ាញរូបនេះ បានលើកពាន Champions League និង ៣ទៀតបន្តបន្ទាប់។ ៥ឆ្នាំក្រោយមក រូបគេបានចាកចេញទៅលេងនៅ Real Madrid ដោយឡើងតម្លៃខ្លួនរាប់លានដុល្លារ។ នៅឆ្នាំ ២០១៤ Alonso បានលេងឲ្យក្លឹបចុងក្រោយ គឺ Bayern Munich នេះឯង៕