​​ស្រឡាញ់​ភេទ​ដូច​គ្នា​ តើ​មាន​កំហុស​អត់​?​

  • 2017-04-05 04:14:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ការ​ស្រលាញ់​ភេទ​ដូច​គ្នា​គឺ​ជា​បញ្ហា​មួយ​ដែល​បាន​កើត​ឡើង​​នៅ​ក្នុង​សង្គម​សម័យ​ថ្មី​នេះ​ ហើយ​​​បាន​រាល​ដាល​​ជា​បញ្ហា​ពិភពលោក​ទៀត​ផង​។​ ​​បញ្ហា​នេះ​​ក៏​មាន​ភាព​ចម្រូងចម្រាស​ខ្លាំង​ណាស់​ដែរ​ ​​រវាង​អ្នក​ការ​ពារ​សិទ្ធ​មនុស្ស​ និង ​ក្រុម​អ្នក​​​​​អភិរក្ស​និយម​ផង​ដែរ​។​ ​តើ​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា​មាន​កំហុស​ដែរ​រឺ​ទេ​?​

​បើ​តាម​ទស្សនៈ​​របស់​​​យុវជន​​ធារ៉ា​ដែល​ជា​អ្នក​ជំនាញ​ខាង​ថត​រូប​ម្នាក់បាន​យល់​ឃើញ​ថា​ ការ​ស្រឡាញ់​ភេទ​ដូច​គ្នា​រវាង​ ​ប្រុស​ និង ​ប្រុស​ រឺ ស្រី​ និង ស្រី​ គឺ​​​ជា​សិទ្ធ​សេរី​ភាព​របស់​ពួក​គាត់​។​​ យុវជន​រូប​នេះ​បាន​បន្ថែម​​ទៀត​ថា​ លោក​ក៏​ធ្លាប់​​​បាន​ឃើញ​មនុស្ស​ប្រុស​​ដែល​​​ស្រឡាញ់​ភេទ​ដូច​គ្នា​ផង​ដែរ​។​ ​ចំពោះ​បុរស​ប្រភេទ​ទី​មួយ​គឺ​ពួក​គាត់​​មាន​រូបរាង​ដូច​បុរស​​ធម្មតា​ដែរ​ ដោយ​មាន​​សាច់​ដុំ​ធំ​ៗ​ ​ខ្ពស់​ស្រឡះ​ ​ប៉ុន្តែ​ជា​មនុស្ស​​បែប​ចរិត​សាំញ៉ាំ​​ ឆាប់​ខឹង​ ឆាប់​ប្រកាន់​ច្រើន​​​ដូចជា​មនុស្ស​ស្រី​ដែរ​។​ ជា​ពិសេស​គឺ​ចូលចិត្ត​តែ​និយាយ​រក​ប្រុស​ៗ​ ជា​ជាង​​​និយាយ​លេង​ជាមួយ​ស្រី​ៗ​​​។​ ​ចំពោះ​​ក្រុម​មនុស្ស​ប្រុស​ប្រភេទ​ទី​២​វិញ​គឺ​ មាន​ឫកពា​ម្ញ៉ិកម្ញ៉ក់​ ​លេង​សើច​ច្រើន​ ​សំដី​ប្រាវ​ៗ​​​ ​​ចូល​ចិត្ត​លេង​ម៉ូដ​សក់​ ចោះ​ក្រវិល​ និង ស្លៀក​ពាក់​បែប​​យុវវ័យ​ទាន់​សម័យ​ជាដើម​។​​​​​​​​​​​

ស្រដៀង​គ្នា​នេះ​ដែរ​ ​លោក​ វ៉ាន់​ ស៊ី​ដារ៉ូ​ ​ដែល​ជា​​និស្សិត​បញ្ចប់​ការ​សិក្សា​ផ្នែក​ច្បាប់​មួយ​រូប​នៅ​សកលវិទ្យាល័យ​នីតិសាស្ត្រ​ និង ​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​បាន​ថ្លែង​ថា​ ការ​ស្រឡាញ់​ភេទ​ដូច​គ្នា​​គឺ​ជា​រឿង​មួយ​​ដែល​មិន​អាក្រក់​ ​ហើយ​ក៏​មិន​ល្អ​​ខ្លាំង​ពេក​នោះ​ដែរ​។​ លោក​បន្ត​ថា​ តាម​ពិត​ទៅ​គឺ​​​ពុំ​មាន​អ្នក​ណា​ម្នាក់​ចង់​កើត​មក​ក្លាយ​ជា​មនុស្ស​បែប​នេះ​នោះ​ឡើយ​ ​ប៉ុន្តែ​ដោយ​សារ​តែ​ធម្មជាតិ​បាន​ផ្ដល់​អោយ​ពួក​គាត់​​នូវ​លក្ខខ័ណ្ឌ​បែប​នេះ​ ទើប​តម្រូវ​អោយ​ពួក​គាត់​​ស្ថិត​ក្នុង​ស្ថាន​ភាព​បែប​នេះ​។​ លោក​បាន​បន្ត​ថា​ ​នៅ​ឯ​ប្រទេស​ជឿន​លឿន​​គឺ​​គេ​បាន​យល់​ពី​រឿង​នេះ​ ហើយ​ក៏​បាន​​ផ្ដល់​សិទ្ធិ​សេរីភាព​ពេញ​លេញ​​អោយ​ពួក​គាត់​ ដើម្បី​កសាង​ផ្លូវ​ជីវិត​របស់​ខ្លួន​ផង​ដែរ​ តាម​រយៈ​ការ​​អនុញ្ញាត​អោយ​ពួក​គាត់​អាច​​រៀប​ការ​​ស្រប​តាម​ផ្លូវ​ច្បាប់​បាន​ទៀត​ផង​។​ ​​​​​​

ងាក​មក​កញ្ញា​ សំ​ សូដា​​ ជា​និស្សិត​ផ្នែក​គណនេយ្យ​នៃ​សកលវិទ្យាល័យ​ធន​ធាន​មនុស្ស​​បាន​អោយ​ដឹង​ថា​ ​​​​ការ​ស្រលាញ់​ភេទ​ដូច​គ្នា​​គឺ​​មិន​មែន​​​ជា​កំហុស​នោះ​ឡើយ​​។​ ​កញ្ញា​បន្ត​ថា​ ​តាម​ពិត​វា​គ្រាន់​​តែ​ជា​​​អារម្មណ៍​នៃ​​លក្ខណៈ​ធម្មជាតិ​​របស់​ពួក​គាត់​​តែ​ប៉ុណ្ណោះ​ ដែល​ពួក​គាត់​បាន​​កើត​មក​មិន​មានភាព​ប្រក្រតី​ ជា​មនុស្ស​ប្រុស​ រឺ មនុស្ស​ស្រី​ពេញ​លក្ខណៈ​ដូច​អ្នក​ដទៃ​​​​​។​ ​​​កញ្ញា​សូ​ដា​បាន​និយាយ​ទៀត​ថា ការ​ស្រលាញ់​ភេទ​ដូច​គ្នា​​គឺ​ជា​សិទ្ធ​សេរី​ភាព​​ផ្ទាល់​របស់​ពួក​គាត់​ក្នុង​ការ​ជ្រើស​រើស​ជោគ​វាសនា​របស់​ខ្លួន​។ ​​​អ្វី​ដែល​សំខាន់​នោះ​​គឺ​កុំ​អោយ​​តែ​ពួក​គាត់​​​ទៅ​ប្រព្រឹត្ត​បទ​ល្មើស​ រឺ អំពើ​មិន​​ស្រប​ច្បាប់​ក្នុង​សង្គម​ទៅ​គឺ​បាន​ហើយ​។​​ ​តាម​ការ​សង្កេត​របស់​កញ្ញា​វិញ​ បាន​អោយ​ដឹង​ថា​​ចំពោះ​មនុស្ស​ស្រី​ដែល​ស្រលាញ់​ភេទ​ដូច​គ្នា​ ​ភាគ​ច្រើន​ពួក​គាត់​គឺ​ជា​មនុស្ស​ដែល​ចូល​ចិត្ត​ស្លៀក​ពាក់​ដូច​មនុស្ស​ប្រុស​ និយាយ​ម៉ាត់​ៗ​ មិន​ចូល​ចិត្ត​តុប​តែង​ខ្លួន​តាម​របៀប​មនុស្ស​ស្រី​ ហើយ​ជា​មនុស្ស​ដែល​លាក់​​ចិត្ត​របស់​ខ្លួន​មិន​អោយ​អ្នក​ដទៃ​ដឹង​ងាយ​ៗ​នោះ​ទេ​។​​​​

​ចំណែក​ឯ​ ​​លោក​ ​​សាត​ សំអឿន​ដែល​ជា​គ្រូ​បង្រៀន​ភាសា​អង់គ្លេស​មួយ​រូប​វិញ​បាន​អោយ​ដឹង​ថា​ ការ​ស្រលាញ់​ភេទ​ដូច​គ្នា​គឺ​ជា​រឿង​ដែល​មិន​ខុស​ឆ្គង​ តែ​ក៏​មិន​ត្រូវ​នាំ​គ្នា​លើក​ទឹកចិត្ត​​ខ្លាំង​ពេក​​នោះ​ដែរ​។​ សម្រាប់​លោក​ផ្ទាល់​ វា​គឺ​ជា​សិទ្ធិ​សេរីភាព​​របស់​ពួក​គាត់​មែន​​ ​ប៉ុន្តែ​លោក​គិត​ថា​ក៏​​មិន​ចាំ​បាច់​បង្កើត​ច្បាប់​​រៀប​អាពាហ៍ពិពាហ៍​ភេទ​ដូច​គ្នា​ក្នុង​ប្រទេស​កម្ពុជា​នោះ​ឡើយ​។​ ​លោក​យល់​ថា​ វា​អាច​ជា​ការ​លើក​ទឹក​ចិត្ត​​អោយ​មនុស្ស​ដែល​មាន​ស្ថាន​ភាព​ទាប​ ​ឈាន​ទៅ​រក​ស្ថាន​ភាព​ជោគ​ជាំ​ក្នុង​បញ្ហា​នេះ​។ លោក​បាន​លើក​ឡើង​ថា​ អ្នក​ខ្លះ​​ដោយ​សារ​​តែ​មាន​ការ​អូស​ទាញ​ បាន​ធ្វើ​អោយ​គាត់​ធ្លាក់​ក្នុង​ស្ថាន​ភាព​បែប​នេះ​ដោយ​ងាយ​ស្រួល​ ​ដូច​ជា​ប្រទេស​ជិត​ខាង​កម្ពុជា​ជា​ដើម​។​ លោក​បាន​ចោទ​ជា​សំណួរ​​ថា​ ​ប្រសិន​បើ​ពិភព​លោក​នេះ​ពោរ​ពេញ​​ទៅ​ដោយ​រឿង​បែប​នេះ​ ​តើ​វាសនា​មនុស្ស​លោក​នឹង​ទៅ​ជា​យ៉ាង​​ណា​?​​​​​​​​​​​​​​​​​​​

អត្ថបទ៖ ចន្ថា

អត្ថបទថ្មី