រឿង៨យ៉ាង អ្នកប្រហែល​មិនធ្លាប់ដឹងពី​ប្រធានាធិបតី​ដៃឆៅ Rodrigo Duterte

  • 2017-05-19 07:12:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Rodrigo Duterte គឺ​ជា​ប្រធានាធិបតី​ដ៏​មាន​ឥទ្ធិពល​ម្នាក់ នៅ​ក្នុង​ប្រទេស​ហ្វីលីពីន។ មិនតែប៉ុណ្ណោះ កេរ្តិ៍​ឈ្មោះ​របស់​លោក​បាន​ល្បី​រន្ទឺ នៅ​ទូទាំង​ពិភពលោក ដោយសារ​តែ​នយោបាយ ក៏​ដូច​ជា​សង្គ្រាម​បង្ក្រាប​គ្រឿងញៀន ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​រាប់​ពាន់​នាក់។

លោក Rodrigo Duterte

លោក Duterte ដែល​មាន​ឈ្មោះ​ក្រៅ​ហៅ​ថា Digong បាន​កើត​នៅ​ថ្ងៃ​ទី​២៨ ខែ​មិនា ឆ្នាំ​១៩៤៥ បច្ចុប្បន្ន​មាន​អាយុ​៧២​ឆ្នាំ។ លោក​មាន​ភរិយា​ចំនួន​២​នាក់ ដោយ​ភរិយា​មុន​មាន​ឈ្មោះ​ថា Elizabeth Zimmerman បាន​រៀបការ​ជាមួយ​គ្នា នៅ​ក្នុង​ឆ្នាំ​១៩៧៣ និង​មាន​កូន​ចំនួន​២​នាក់ ឈ្មោះ Sara Duterte (ស្រី) និង Paolo Duterte (ប្រុស) តែ​ក្រោយ​មក​បាន​លែងលះ​គ្នា នៅ​ក្នុង​ឆ្នាំ​២០០០។ បន្ទាប់មក លោក​បាន​រៀបការ​ជា​មួយ​ភរិយា​ថ្មី ឈ្មោះ Honeylet Avanceña និង​មាន​កូន​ចំនួន​២​នាក់​ទៀត ឈ្មោះ Veronica A. Duterte (ស្រី) និង Sebastian Z. Duterte (ប្រុស)។

លោក Duterte បាន​សិក្សា​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ នៅ​ឯ​សកលវិទ្យាល័យ Lyceum of the Philippines University និង​បាន​បញ្ចប់​ការ​សិក្សា នៅ​ក្នុង​ឆ្នាំ​១៩៦៨។ ក្រោយមក លោក​ទទួល​បាន​សញ្ញាប័ត្រ​ផ្នែក​ច្បាប់​ពី​មហាវិទ្យាល័យ San Beda College of Law នៅ​ក្នុង​ឆ្នាំ​១៩៧២។

ខាង​ក្រោម​នេះ គឺ​ជា​រឿង​៨​យ៉ាង ដែល​អ្នក​ប្រហែល​មិន​ធ្លាប់​ដឹង​ឡើយ​ពី​ប្រធានាធិបតី​ដៃឆៅ Rodrigo Duterte៖

#១ លោក Duterte បាន​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​ទី​១៦ របស់​ប្រទេស​ហ្វីលីពីន នៅ​ក្នុង​ខែ​ឧសភា ឆ្នាំ​២០១៦

#២ ចាប់​តាំង​ពី​ឡើង​កាន់​តំណែង លោក​បាន​ដឹក​នាំ​ការ​បង្ក្រាប​ប្រឆាំង​គ្រឿងញៀន ដោយ​បណ្ដាល​ឲ្យ​មនុស្ស​ចំនួន​ជាង ៧ ០០០ នាក់ ស្លាប់​បាត់​បង់​ជីវិត

#៣ លោក Duterte បាន​ប្រៀបធៀប​ខ្លួន​ឯង ទៅ​នឹង​មេដឹកនាំ Nazi ដ៏​ល្បី គឺ Adolf Hitler និង​មាន​គំនិត​ចង់​កម្ចាត់​អ្នក​ញៀន​ថ្នាំ រាប់​លាន​នាក់​ទៀត

#៤ មុន​ពេល​ឡើង​កាន់​តំណែង លោក Duterte ត្រូវ​បាន​ចោទ​ប្រកាន់​ថា បាន​សម្លាប់​ភ្នាក់ងារ​រដ្ឋាភិបាល​ម្នាក់ ដោយ​ប្រើប្រាស់​កាំភ្លើង​ប្រភេទ Uzi Submachine Gun

កាំភ្លើង​ប្រភេទ Uzi Submachine Gun

#៥ ប្រទេស​ហ្វីលីពីន មាន​ទំនាក់ទំនង​តានតឹង​ជាមួយ សហរដ្ឋអាមេរិក ក្រោម​ការ​គ្រប់គ្រង​របស់​លោក Duterte ហើយ​លោក​ក៏​ធ្លាប់​បាន​ហៅ អតីត​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា ថា «កូន​សំផឹង» ផង​ដែរ តែ​ក្រោយ​មក​បាន​ធ្វើ​ការ​សុំ​អភ័យ​ទោស​វិញ

#៦ នៅ​ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត លោក Duterte ត្រូវ​បាន​គេ​ប្រៀបធៀប​ជាមួយ​នឹង ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ (កាល​នោះ​លោក ត្រាំ គឺ​ជា​បេក្ខភាព​ប្រធានាធិបតី មក​ពី​គណបក្ស​សាធារណរដ្ឋ)

លោក Rodrigo Duterte

#៧ នៅ​ក្នុង​ឆ្នាំ​១៩៨៨ លោក Duterte បាន​ក្លាយ​ជា​ចៅហ្វាយ​ក្រុង Davao ដោយ​នៅ​ពេល​នោះ លោក​ត្រូវ​បាន​គេ​ដាក់​រហស្សនាម​ឲ្យ​ថា «អ្នក​ដាក់​ទោស» ហើយ​លោក​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង «Davao Death Squad» ដែល​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​តុលាការ ជាង ១ ០០០ នាក់ នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៩០

#៨ លោក Duterte ធ្លាប់​បាន​និយាយ​ថា អ្នកកាសែត មិន​ត្រូវ​បាន​លើកលែង​ពី​ការ​ធ្វើ​ឃាត​ឡើយ ខណៈ​ហ្វីលីពីន ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ប្រទេស​មួយ​ដែល​មាន​អរិភាព​បំផុត សម្រាប់​អ្នក​កាសែត​នៅ​ក្នុង​ពិភពលោក៕

ប្រភព៖ USnews   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី