ដើមទុនសំខាន់២ ធ្វើឱ្យយីហោអាជីវកម្មកាន់តែល្បី

  • 2017-07-24 06:33:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថាបនិកនិង​ជា​អ្នក​គ្រប់គ្រងទូទៅរបស់ Mobile Coffee លោក យ៉ែម ឈីម បានប្រាប់ Sabay ឱ្យ​ដឹងថា លោកមានដើមទុនសំខាន់ ២ ដើម្បី​ធ្វើយីហោអាជីវកម្មកាន់​តែ​ល្បី។

"ស្មោះត្រង់ ស្រឡាញ់ បុគ្គលិក, ស្មោះត្រង់ ស្រឡាញ់ អតិថិជន” ជា​ទស្សនៈ​ដ៏​សាមញ្ញ​បំផុត ដែល​យុវជន យ៉ែម ឈីម បង្ហើប​ថា ធ្វើ​ឱ្យ​យីហោ​ខាងលើរបស់​លោក ល្បី និង​ទទួល​បាន​ការ​គាំទ្រច្រើន ​ពី​អតិថិជនជាពិសេស​យុវវ័យ​។​

ស្មោះត្រង់ ស្រឡាញ់ បុគ្គលិក ត្រង់​ចំណុច​នេះ សហគ្រិន​វ័យ​ក្មេង​មក​ពី​ខេត្ត​ត្បូង​ឃ្មុំ បញ្ជាក់​​ថា ក្រៅ​ពី​​​​ផ្ដល់​ការងារ​​ឱ្យ​​បុគ្គលិក លោក​បាន​ផ្ដល់​​មាន​​លក្ខខណ្ឌ​ការងារ​សមរម្យ ប្រាក់​ខែ​​សមរម្យ ​ផ្ដល់​ឱកាស​ឱ្យ​បុគ្គលិក​​រៀន​សូត្រ មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការសិក្សា និង​ផ្ដល់​ជា​ដំណើរ​កម្សាន្ត​ បែប​លក្ខណៈ​គ្រួសារ ប៉ុន្តែ​មិន​មែន​បែប​ថៅកែ និង​បុគ្គលិក​ឡើយ។

ចំណែក​ឃ្លា ស្មោះត្រង់ ស្រឡាញ់ អតិថិជន សហគ្រិន​ដុះ​ចេញ​ពី​គ្រួសារ​កសិករ​ និង​ ធ្លាប់​​សុំ​​ចេតីយ​​​វត្ត​​ជ្រោយ​​​ថ្ម​ស្នាក់​នៅ អំឡុង​ពេល​រៀន​ថ្នាក់​ទី ១២ រូប​នេះ ចង់​​សំដៅ​​លើ​ការ​ជ្រើសរើស​ផលិតផល​​ល្អ​ មិន​ប៉ះពាល់​ដល់​សុខភាព ពោល​គឺ​ ឆ្ងាញ់ តម្លៃ​សមរម្យ សុខភាព​ល្អ និងមានសេវាកម្មល្អ។ សហគ្រិនវ័យ​ក្មេង ​ដែល​ជាទី​ចាប់អារម្មណ៍​របស់​យុវវ័យ​ យ៉ែម ឈីម បន្ថែមថា ដើម្បីឱ្យ​អតិថិជនកាន់តែទុកចិត្ត ម្ចាស់​អាជីវកម្មគួរ​​ជៀសវាង ការផ្សព្វផ្សាយ​ (ប្រូសិន) ទាំងឡាយណា​​មិន​ពិត​។

គួរបញ្ជាក់​ថា ទាំង​ពីរ​ចំណុច​ខាងលើ ជាទស្សនៈដែលលោក យ៉ែម ឈីម បាន​លើក​លើក​ឡើង​ក្នុង​ពិធីបើក​​សម្ពោធ​ ហាង​កាហ្វេសាខាទី១​ Mobile Coffee ខាងត្បូង​វិមាន​ឯករាជ្យ កាល​ពី​ពេល​ថ្មីៗ​នេះ៕

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទពេញនិយម