រឿងរ៉ាវពិត នៅពីក្រោយកន្លែងលក់ជើងមាន់ ដែលកម្មករប្រើមាត់ខាំ មុនពេលលក់ចេញ (មានវីដេអូ)

  • 2017-12-20 09:42:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ឃ្លិប​មួយ​ខ្សែ​ដែល​បង្ហាញ​ឲ្យ​ឃើញ​កម្មករ ៦នាក់ អង្គុយ​ខាំ​ឆ្អឹង​ចេញ​ពី​ជើង​មាន់ ដើម្បី​រៀបចំ​សម្រាប់​លក់ បាន​ធ្វើ​ឲ្យ​អ្នក​និយម​ប្រើប្រាស់​បណ្តាញ​សង្គម និង​អ្នក​ចូលចិត្ត​ញ៉ាំ​ជើង​មាន់ មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង។

វីដេអូ​នេះ​ត្រូវ​បាន​ថត​នៅ​រោងចក្រ​កែច្នៃ​ជើង​មាន់​មួយ​កន្លែង នៅ​ក្នុង​ប្រទេស​ថៃ ដោយ​បង្ហាញ​ពី​វិធី​ធ្វើ​ជើង​មាន់​ដ៏​ភ្ញាក់ផ្អើល ដែល​មើល​ហើយ​អាច​ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន ឈប់​ញ៉ាំ​ជើង​មាន់​ជា​រៀង​រហូត។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ទីតាំង​នៃ​រោងចក្រ​ខាង​លើ មិន​ត្រូវ​បាន​គេ​ដឹង​ច្បាស់​នោះ​ទេ ប៉ុន្តែ​អ្នក​អាច​ស្ដាប់​ឮ​ការ​ចាក់​ផ្សាយ​តាម​ទូរទស្សន៍​ថៃ នៅ​ក្នុង​វីដេអូ​នោះ​បាន។

ខណៈ​ពេល​ដែល​វា​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ភ្ញាក់ផ្អើល អ្នក​លេង​បណ្ដាញ​សង្គម​ថៃ​មួយ​ចំនួន​ទៀត បាន​និយាយ​ថា ដំណើរការ​ប្រើ​ធ្មេញ​ខាំ​ជើង​មាន់​បែប​នេះ បាន​កើត​មាន​ឡើង​យូរ​ណាស់​មក​ហើយ ព្រោះ​វា​លឿន​ជាង​ការ​ប្រើ​ឧបករណ៍​ស្រួចៗ ដែល​អាច​ធ្វើ​ឲ្យ​ខូច​ជើង​មាន់។

ថ្វី​បើ​មនុស្ស​ជាច្រើន​ខ្ពើម​នឹង​ដំណើរការ​នេះ ប៉ុន្តែ​មនុស្ស​មួយ​ចំនួន​ទៀត​មាន​អារម្មណ៍​សោកស្ដាយ​ចំពោះ​កម្មករ ដែល​ត្រូវ​ខាំ​ជើង​មាន់​ឆៅ​រាល់​ថ្ងៃ​បែប​នេះ។

អ្នក​លេង​បណ្ដាញ​សង្គម​ម្នាក់​បាន​បញ្ចេញ​មតិ​ថា «ប្រសិន​បើ​នេះ​ជា​ប្រទេស​ផ្សេង​វិញ នោះ​ថៅកែ​នឹង​ត្រូវ​គេ​ចាប់​ខ្លួន ព្រោះ​វា​មិន​មាន​សុវត្ថិភាព​សម្រាប់​បុគ្គលិក​នោះ​ទេ។ សាច់​មាន់​ពោរពេញ​ទៅ​ដោយ​ជំងឺ។ វា​គួរ​ឲ្យ​ខ្លាច ហើយ​ខ្ញុំ​មាន​អារម្មណ៍​សោកស្ដាយ​ចំពោះ​ពួក​គេ​ណាស់»៕

ខាង​ក្រោម​នេះ​គឺ​ជា​រូបភាព​មួយ​ចំនួន ដែល​បង្ហាញ​ឲ្យ​ឃើញ​រោងចក្រ​កែច្នៃ​សាច់​មាន់​ដទៃ​ទៀត ត្រូវ​គេ​ថត​បាន​កាល​ពី​ឆ្នាំ​២០០៥៖

ចុច​អាន៖

ប្រភព៖ Coconut   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី