មក​ដឹង​មូលហេតុ​ ម៉េច​បាន​ Dybala អង្គុយ​លើ​បង់ នៅ​ពីរ​ប្រកួត​ចុង​ក្រោយ

  • 2017-12-20 13:14:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ក្លឹប Juventus លោក Massimiliano Allegri កាល​ពី​ពេល​ថ្មីៗ​នេះ បាន​និយាយ​ថា មូលហេតុ​ដែល​កីឡាករ Paulo Dybala មិន​បាន​ចាប់​ផ្ដើម​ក្នុង​ប្រកួត​ពេល​ប៉ះ​ជាមួយ Inter និង Bologna គឺ​ដោយ​សារ​ប្រព័ន្ធ​លេង​មាន​ការ​ផ្លាស់​ប្ដូរ​ក្នុង​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ។ លោក Allegri ក៏​បាន​បញ្ជាក់​ថា Dybala អាច​នឹង​ចូល​លេង​ក្នុង​ប្រកួត​ក្រោយ។

លោក Allegri បាន​ថ្លែង​ថា៖ "ពួក​យើង​មាន​ប្រព័ន្ធ​ក្នុង​ការ​លេង​ ដែល​មាន​លក្ខណៈ​ខុស​ប្លែក​ នៅ ពីរ​បី​ប្រកួត​ចុង​ក្រោយ​នេះ អ៊ីចឹង​បាន​ជា​ Dybala មិន​បាន​ចូល​លេង។ ដូច្នេះ នៅ​ពេល​គេ​ត្រូវ​បាន​លេង​វិញ យើង​ត្រូវ​តែ​ធ្វើ​ការ​កេង​ចំណេញ​ពី​ទម្រង់​លេង និង​បច្ចេកទេស​ដ៏​ល្អ​របស់​គេ"។ លោក​បាន​បន្ត​ទៀត​ថា៖ “Dybala ជា​កីឡាករ​ដែល​មាន​សមត្ថភាព​ក្នុង​ការ​ស៊ុត​ពី ១៥ ទៅ ២០​គ្រាប់ ក្នុង​មួយ​រដូវ​កាល​នៅ​ក្នុង​លីគ​អ៊ីតាលី​នេះ ហើយ​មិន​ត្រឹម​ប៉ុណ្ណឹង​ទេ គេ​ថែម​ទាំង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​គេ​ស៊ុត​ទៀត​ផង"។

ការ​ថ្លែង​បែប​នេះ ធ្វើ​ឡើង​បី​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី លោក Allegri បាន​រិះគន់​ទៅ​ប្រព័ន្ធ​សារព័ត៌មាន​ដែល បាន​ប្រៀប​ធៀប​កីឡាករ Paulo Dybala ទៅ​នឹង Lionel Messi។ លោក​បាន​និយាយ​ថា ការ​ប្រៀប​ធៀប​នេះ បាន​ដាក់​សម្ពាធ​ទៅ​លើ Dybala។

សូម​បញ្ជាក់​ផង​ដែរ​ថា ខ្សែ​ប្រយុទ្ធ Dybala បង្ហាញ​ទម្រង់​លេង​យ៉ាង​ញាក់​សាច់​នៅ​ពេល​រដូវ​កាល​ថ្មី​ទើប​ចាប់​ផ្ដើម​ ដោយ​ស៊ុត​បាន​រហូត​បាន ១២​គ្រាប់​ក្នុង​លីគ​កំពូល​អ៊ីតាលីគិត​មកទល់នឹងពេល​នេះ។ ទោះ​ជា​យ៉ាង​ណា ក្នុង​ ១០​ប្រកួត​ចុង​ក្រោយ​ ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​រូប​នេះ​ រក​បាន​តែ ១​គ្រាប់​ប៉ុណ្ណោះ៕

ប្រភព៖ Goal | Four Four Two   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម