មិនមែនលំៗ​ទេ ការងារ IT ខ្លះ​ រក​មួយ​ខែ អាចទិញ​ Prius បាន​មួយ​គ្រឿង

  • 2017-12-22 04:45:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីផ្សារ​ការងារ​ក្នុង​ពិភពលោក​បច្ចុប្បន្ន វិស័យ​បច្ចេកវិទ្យា​ត្រូវ​បាន​គេ​ស្គាល់​ជា​អាជីព​មួយ​ ដែល​អាច​ផ្ដល់​ប្រាក់​ចំណូល​ខ្ពស់​សម្រាប់​អ្នក​មាន​ជំនាញ​ច្បាស់លាស់។ Sabay លើក​យក​មុខ​តំណែង ៥ ផ្នែក​ IT សម្រាប់​​ទីផ្សារ​សកល​ដែល​អាច​ទទួល​បាន​ប្រាក់​កម្រៃ​ក្នុង​មួយ​ខែ​ក្បែរ​មុឺន​ដុល្លារ។

១.អ្នក​វិទ្យាសាស្ត្រ​ស្រាវជ្រាវ​ផ្នែក​កុំព្យូទ័រ​និង​ព័ត៌មានវិទ្យា:

​​ជា​ទូទៅ​ប្រាក់​ខែ​លើ​មុខ​តំណែង​នេះ ប្រហែល ៩៨,២០០ ដុល្លារ ​ក្នុង​មួយ​ឆ្នាំ​ឬ​ជាង ៨,១៥០ ដុល្លារ ​ក្នុង​មួយ​ខែ។ កាតព្វកិច្ច​របស់​ពួក​គេ​គឺ​ត្រូវ​រចនា​និង​អភិវឌ្ឍ​នូវ​ដំណោះស្រាយ​ថ្មី​នៃ​វិស័យ​បច្ចេកវិទ្យា ដែល​ជួយ​សម្រួល​សឹង​គ្រប់​ឧស្សាហកម្ម​មិន​ថា​ផ្នែក​សុខាភិបាល, វិទ្យាសាស្ត្រ​និង​ការងារ​ហត្ថកម្ម។

សិក្សា​និង​ដោះស្រាយ​នៅ​បញ្ហា​គ្រឿង​ម៉ាស៊ីន​ដោយ​ប្រើ​បច្ចេកវិទ្យា ក្នុង​ការ​ពង្រឹង​ល្បឿន​ដំណើរការ​និង​ប្រព័ន្ធ​សុវត្ថិភាព​ជា​ដើម។ តម្រូវការ​អប្បបរមា​ក្នុង​តំណែង​នេះ ចាំ​បាច់​ត្រូវ​បញ្ចប់​ការ​សិក្សា​​បរិញ្ញាបត្រ​ឲ្យ​ត្រូវ​ផ្នែក​ដែល​បាន​កំណត់។​

​​២.អ្នក​រចនា​ UX ជាន់​ខ្ពស់:

អ្នក​រចនា UX (User Experience) ត្រូវ​ធ្វើ​ការ​ជាមួយ​ Designer, វិស្វករ​កម្មវិធី, ប្រធាន​ផលិតផល ហើយ​ត្រូវ​មាន​ជំនាញ​ផ្នែក​រឹង​ច្បាស់​លើ​បច្ចេកវិទ្យា​គួប​ផ្សំ​ការ​រចនា ជាមួយ​ភាព​ច្នៃ​ប្រឌិត​នៃ​ការ​ស្វែងយល់​ជុំវិញ​អន្តរកម្ម​ឆ្លើយ​តប​ពី​មនុស្ស​ជាមួយ​និង​បច្ចេកវិទ្យា។​​ ក្នុង​មួយ​ខែ​អាច​រក​បាន​ប្រហែល ៨,២០០ ដុល្លារ ​ឬ​ជាង ៩៨,៣០០ ដុល្លារ​ ក្នុង​មួយ​ឆ្នាំ។

៣.ស្ថាបត្យករ​ផ្នែក​ទន់:

Software Architect ជា​អាជីព​ត្រូវ​ប៉ាន់​មួយ​ផ្សេង​ទៀត ដែល​ខុស​គ្នា​ពី Architect ធម្មតា ព្រោះ​តួ​នា​ទី​របស់​មុខ​តំណែង​នេះ​ចាំ​បាច់​ត្រូវ​សិក្សា​ពី​បច្ចេកវិទ្យា​ឲ្យ​ស៊ីជម្រៅ​បំផុត។ ត្រូវ​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​ការ​រចនា​និង​អភិវឌ្ឍ​នូវ​ Software ជំនាន់​ថ្មី បន្សំ​នឹង​ការ​បង្កើត​នូវ​លក្ខណៈ​សម្បត្តិ​នៃ​ស្ថាបត្យកម្ម​កម្មវិធី​កម្រិត​ខ្ពស់​ថែម​ទៀត​ផង។ ប្រាក់​ខែ​ប្រចាំ​ឆ្នាំ ៩៨,៩០០ ដុល្លារ ដោយ​ក្នុង​មួយ​ខែ​អាច​រក​បាន​ប្រហែល ៨,២៤១ ដុល្លារ ។​

៤.វិស្វករ​កម្មវិធី​ជាន់​ខ្ពស់:

​មាន​កាតព្វកិច្ច​ក្នុង​ការ​រចនា, អភិវឌ្ឍ​និង​ដោះស្រាយ​ចន្លោះ​ប្រហោង​នៃ​កម្មវិធី​មិនថា​ជំនាន់​ថ្មី​ឬ​ចាស់។ ជា​ពិសេស​ក៏​មាន​ទំនួល​ខុស​ត្រូវ​លើ​ការ​គ្រប់គ្រង​និង​ហ្វឹកហាត់​អ្នក​អភិវឌ្ឍ​កម្មវិធី​កម្រិត​ទាប ដើម្បី​ជួយ​ពួក​គេ​ឲ្យ​ទទួល​បាន​ចំណេះដឹង​និង​បទពិសោធន៍​បន្ថែម។ ប្រាក់​ខែ​ប្រចាំ​ឆ្នាំ​ខ្ទង់ ១០៣,៤០០ ដុល្លារ ​ឬ​ជាង ៨,៦១៦ ដុល្លារ ​ក្នុង​មួយ​ខែ។

៥.នាយក​ផ្នែក​វិស្វករ​កម្មវិធី:

ដឹង​ស្ទើរ​គ្រប់​ជ្រុង​នៃ​បច្ចេកទេស​លើ​គម្រោង​កម្មវិធី ដោយ​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​បង្កើត​គម្រោង​និង​កាត់​បន្ថយ​ការ​ចំណាយ។ ទៀត​សោត​ក៏​ត្រួតពិនិត្យ​លើ​ក្រុម​អភិវឌ្ឍ​និង​សម្របសម្រួល​នូវ​យុទ្ធសាស្ត្រ ដើម្បី​ឲ្យ​ប្រាកដ​ថា​បច្ចេកវិទ្យា​និង​ចង្វាក់​ផលិតផល​ធ្វើ​ការ​ព្រម​គ្នា។

តម្រូវ​ការ​ទូទៅ​បរិញ្ញាបត្រ​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ បន្សំ​នឹង​ចំណេះដឹង​ផ្នែក​សរសេរ​កូដ ជាមួយ​សញ្ញាប័ត្រ CSDP រួម​ជាមួយ​បទពិសោធន៍​ផ្ទាល់​នៅ​ខាង​ក្រៅ​មុន​ទទួល​បាន​តំណែង​នេះ។​ មួយ​ឆ្នាំ​បាន​ជាង ១២៤,៨០០ ដុល្លារ ​ឬ​ប្រហែល ១០,៤០០ ដុល្លារ​ ក្នុង​មួយ​ខែ។​

ប្រភព: https://www.cio.com/article/2848235/it-skills-training/5-top-paying-it-jobs-for-every-stage-of-tech-careers.html#​​​

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ:

ប្រភព៖ cio   ប្រែ​សម្រួល៖ កៅ រក្សា