សុះ ស៊ូ​ហាណា ​បង្ហើប​ថា ពេល​ជាប់​ជម្រើស​ជាតិ​បាន​ជួយ​គ្រួសារ​បាន​ច្រើន

  • 2017-12-22 01:59:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​បម្រើ​ប្រយុទ្ធ​របស់​ជម្រើស​ជាតិ​កម្ពុជា និង​​កីឡាករ​របស់​ណាហ្គាវើល​ សុះ​ ស៊ូ​ហាណា បង្ហើប​ថា មុន​ពេល​បាន​ជាប់​ជម្រើស​ជាតិ​​កាល​ពី​ឆ្នាំ​​២០១១ ក្រោម​ការ​ដឹក​នាំ​របស់​លោក Lee Tae Hoon គ្រូ​សារ​របស់​គេ​មាន​ភាព​ខ្វះខាត​យ៉ាង​ខ្លាំង។

សុះ​ ស៊ូ​ហាណា (លេខ ១២)

សុះ​ ស៊ូហាណា ចាប់​ផ្ដើម​លេង​បាល់​នៅ​អាយុ ១៦​​ឆ្នាំ​​នា​កំឡុង​ឆ្នាំ​២០០៩ ​ដោយ​ពេល​នោះ​ចូល​លេង​ឲ្យ​ក្លឹប​ព្រែកប្រា​កីឡា។ ​​កូន​ខ្មែរ​ឥស្លាម​រួប​នេះ​កើត​នៅ​​ខែ​មេសា ឆ្នាំ​១៩៩២ នៅ​ភ្នំពេញ មាន​ឪពុក​ឈ្មោះ សុះ អ៊ីសា ម្ដាយ​ឈ្មោះ ឯល​អាស៊ីយ៉ាស់។ បច្ចុប្បន្ន​ឪពុក​​ចាស់​នៅ​ផ្ទះ​ ​ស្រប​ពេល​ម្ដាយ​រក​ស៊ី​លក់​ដូរ​នៅ​ផ្ទះ​បន្តិច​បន្តួច​។

​​ខ្សែ​បម្រើ​​ណាហ្គា​រូប​នេះ​​​តែង​យក​ប្រាក់​ខែ​របស់​ខ្លួន​ផ្ដល់​​ទៅ​ឲ្យ​គ្រួសារ​​ចំនួន​​ពាក់​កណ្ដាល​ ដើម្បី​ផ្គត់​ផ្គង់​​ជីវភាព​គ្រួសារ​ជា​រៀង​រាល់​ខែ។ ​ក្រោយ​ពេល​បាន​ជួយ​គ្រួសារ​​​​ច្រើន​ ​រូប​គេ​​​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ពី​ឪពុក​ម្ដាយ ​ឲ្យ​ប្រឹង​ប្រែង​លេង​ និង​ហ្វឹកហាត់​ឲ្យ​បាន​​កាន់​តែ​ល្អ។

ហាណា មិន​ដែល​ត្អូញត្អែរ​​ក្នុង​​អាជីព​របស់​ខ្លួន បើ​ទោះ​​មិន​មាន​សល់​អ្វី​ជា​ដំ​កំភួន​ ដោយ​សារ​មាន​ភារកិច្ច​ជួយ​​ជ្រោមជ្រែង​គ្រួសារ​ក្ដី។ ​ខ្សែ​បម្រើ​ជម្រើស​ជាតិ​រួប​នេះ​ទម្លាយ​ថា ​មុន​ពេល​រូប​គេ​បាន​ជាប់​ជម្រើស​ជាតិ​កម្រិត​ជីវភាព​​គ្រួសារ​​​មាន​ការ​ខ្វះខាត​​ខ្លាំង ប៉ុន្តែ​ក្រោយ​​មាន​ឱកាស​បាន​បង្ហាញ​​ខ្លួន​ឲ្យ​ជម្រើស​ជាតិ ក្នុង​កំឡុង​ឆ្នាំ​២០១១ ដែល​ពេល​នោះ​លេង​ឲ្យ​ក្លឹប​ភ្នំពេញ​ក្រោន ​គឺ​ជា​ពេល​ដែល​ជីវភាព​​គ្រួសារ​​របស់​គេ​មាន​ភាព​ប្រសើរ​ឡើង​ពី​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

​ចំពោះ​​សំនួរ​ដែល​សួរ​ថា ទទួល​បាន​បទ​ពិសោធ​អ្វី​ខ្លះ​ពី​លោក Lee Tae Hoon ក្នុង​កំឡុង​ហាត់​ជា​មួយ​គ្រូ​បង្វឹក​សញ្ជាតិ​កូរ៉េ​ខាង​ត្បូង​រូប​នេះ​ ហាណា និយាយ​​ថា ទាំង​បច្ចេកទេស​​បញ្ជូន​បាល់ និង​សមត្ថភាព​លើ​ទីលាន​មាន​ភាព​កើន​ឡើង​យ៉ាង​​រហ័ស។ ​សម្រាប់​​ជម្រើស​ជាតិ​កម្ពុជា​ ចំពោះ​គេ​​បើ​ទោះ​មិន​​​សូវ​មាន​ឈ្មោះ​បោះ​សំឡេង​ល្បី​ដូច​​មិត្ត​រួម​​ជាតិ ចាន់ វឌ្ឍនាកា ឬ កែវ សុខ​ផេង ក៏​​នៅ​តែ​សប្បាយ​ចិត្ត​ និង​ប្រឹង​ប្រែង​លេង​ឲ្យ​ជម្រើស​ជាតិ​ឲ្យ​អស់​ពី​ចិត្ត​ពី​ថ្លើម។

​ចំពោះ​បញ្ហា​អនាគត​ ហាណា មិនទាន់​កំណត់​បាន​ឡើយ​ ដោយ​សារ​មិន​​មាន​ប្រាក់​គ្រប់​គ្រាន់​ក្។ គោល​ដៅ​របស់​គេ​នា​កំឡុង​​អាយុ​ប្រហែល​ជា ៣០ ឬ​៣១​ឆ្នាំ​ នឹង​ឈប់​លេង​បាល់ ដើម្បី​​បង្កើត​មុខ​របរ​រក​ស៊ី។ ​ជា​មួយ​គ្នា​នោះ ហាណា​ បាន​សន្យា​ថា នឹង​បង្កើន​ការ​ខំ​ប្រឹង​ប្រែង​បន្ថែម​​​ទៀត​ប្រសិន​បាន​ជាប់​ជម្រើស​ជាតិ​ជា​ថ្មី​នៅ​លើក​ក្រោយៗ​ទៀត​។ ខ្សែ​បម្រើ​រូប​នេះ​នៅ​សល់​កុង​ត្រា​មួយ​ឆ្នាំ​ទៀត​ជា​មួយ​ណាហ្គាវើល ពោល​គឺ​រហូត​ផុត​ឆ្នាំ​២០១៨៕ ​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​