៩ កន្លែងជុំវិញពិភពលោក មានតែអ្នកក្លាហានប៉ុណ្ណោះហ៊ានទៅលេង

  • 2017-12-27 02:48:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​ពេល​យើង​ចេញទៅ​វិស្សមកាល យើង​តែង​រៀប​ចំ​ផែន​ការ​សម្រាប់​ការ​ធ្វើ​ដំណើរ​របស់​យើង​យ៉ាង​ប្រុងប្រយ័ត្ន​ ហើយ​យើង​ក៏​អាច​រៀន​សូត្រ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន​អំពី​កន្លែង​ដែល​ទៅ​លេង។ មនុស្ស​ជា​ច្រើន​ទៅ​វិស្សមកាល​ដោយ​ហេតុផល​ផ្សេង​ៗ​គ្នា ដោយ​អ្នក​ខ្លះ​ចង់​ស្វែង​រក​ភាព​ស្ងប់​ស្ងាត់ ហើយ​អ្នក​ខ្លះ​ទៀត​ចង់​ជម្នះ​ភាព​ភ័យ​ខ្លាច​របស់​ពួកគេ​ដោយ​ប្រឈម​មុខ​នឹង​បញ្ហា​ខ្លួនឯង។ ខាងក្រោម​នេះ គឺ​ជា​កន្លែង​ទាំង ៩ ជុំវិញ​ពិភពលោក​ដែល​មាន​តែ​អ្នក​ក្លាហាន​ប៉ុណ្ណោះ​ហ៊ាន​ទៅ​លេង ៖

១. វិហារឆ្អឹង

វិហារ​នេះ​មាន​ទី​តាំង​នៅ​ទី​ក្រុងÉvoraប្រទេស​ព័រទុយហ្គាល់ ហើយ​វា​ជា​វិមាន​ដ៏​ល្បីល្បាញ​បំផុត​មួយ​នៃ​ទី​ក្រុង។ វិហារ​នេះ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ដូចនេះ ដោយ​សារ​តែ​ជញ្ជាំង​របស់​វា​គ្រប​ដណ្តប់​ដោយ​លលាដ៍​ក្បាល និង​ឆ្អឹង​មនុស្ស។ វិហារ​ឆ្អឹង​ ត្រូវ​បាន​សាង​សង់​ឡើង​នៅ​សតវត្ស​ទី ១៦ ដោយ សង្ឃ Fransiscan ដែល​ចង់​ប្រាប់​បងប្អូន​របស់​ព្រះអង្គ​ថា​ជីវិត​គឺ​ខ្លី​ណាស់។ នេះ​ហើយ​ជា​មូល​ហេតុ​ដែល​ជញ្ជាំង​ត្រូវ​បាន​គ្រប​ដណ្ដប់​ដោយ​ឆ្អឹង។

២. ព្រៃ Hoia

ព្រៃ Hoia មាន​ទីតាំង​ស្ថិត​នៅ​តំបន់ Transylvania និង​មាន​ភាព​ល្បីល្បាញ​សម្រាប់​រឿងរ៉ាវ​អាថ៌កំបាំង​ជា​ច្រើន​របស់​វា។ អ្នក​ស្រាវ​ជ្រាវ​ជា​ច្រើន​បាន​អះអាង​ថា ពួក​គេ​ធ្លាប់​មាន​ការ​ភ័យ​ខ្លាច និង​ស្លន់ស្លោ ហើយ​ពួក​គេ​បាន​ឮ​សម្លេង​ផ្សេង​គ្នា​នៅ​ក្នុង​ព្រៃ​នេះ។ ចំណែក​ឯ​អ្នក​ផ្សេង​ទៀត​បាន​ជឿ​ជាក់​ថា ពួក​គេ​បាន​ឃើញ​ឋានហោះ​មួយ​នៅ​ទីនោះ ហើយ​អ្នក​ផ្សេង​ទៀត​ប្រាកដ​ថា​ពួក​គេ​បាន​ឃើញ​ខ្មោច​ផង​ដែរ។

៣. ភ្នំឈើឆ្កាង

ភ្នំឈើឆ្កាង គឺ ជា​កន្លែង​ដ៏​ពិសិដ្ឋ​មួយ​នៅ​ក្នុង​ប្រទេស Lithunia ហើយ​វា​គឺ​ជា​ភ្នំ​មួយ​ដែល​មាន​ឈើឆ្កាង​ជា​ច្រើន។ ចំនួន​ពិត​ប្រាកដ​នៃ​ឈើ​ឆ្កាង មិន​ត្រូវ​បាន​គេ​ដឹង​ទេ ប៉ុន្តែ​យោង​ទៅ​តាម​ការ​គណនា​មួយ​ចំនួន​នៅ​ទសវត្សរ៍ ៩០ ឈើ​ឆ្កាង​ទាំង​អស់​មាន​ប្រហែល ៥០ ០០០។ តំបន់​នេះ​មិនមែន​ជា​ទី​បញ្ចុះសព​នោះ​ទេ ប៉ុន្តែ​ឈើ​ឆ្កាង​កាន់​តែ​ច្រើន​ឡើង​ៗ លេច​ឡើង​នៅ​ទី​នោះ ដោយ​សារ​មនុស្ស​ជឿ​ថា ប្រសិន​បើ​អ្នក​ទុក​ឈើ​ឆ្កាង​នៅ​លើ​ភ្នំ អ្នក​នឹង​មាន​សំណាង។

៤. តំបន់ទេសចរ Caminito Del Rey

El Caminito del Rey គឺ​ជា​សំណង់​បេតុង​មួយ ដែល​ដាក់​ផ្លូវ​ដែក​ទៅ​ក្នុង​ដុំ​ថ្ម។ ផ្លូវ​នេះ​មាន​ទី​តាំង​ស្ថិត​នៅ​ចន្លោះ​ទឹក​ធ្លាក់ Chorro និង Gaitanejo ទីក្រុង Malaga ប្រទេស​អេស្ប៉ាញ​ ហើយ​វា​មាន​កម្ពស់​ខ្ពស់​ពី​ដី​ខ្លាំង​ណាស់។ ផ្លូវ​នេះ​មាន​បណ្តោយ ១,៨ ម៉ាយ (ជាង ២គីឡូម៉ែត្រ) និង​ទទឹង ៣,២ ហ្វីត (០,៩ ម៉ែត្រ)។ វា​ត្រូវ​បាន​កសាង​ឡើង​ក្នុង​ឆ្នាំ ១៩០៥ ជា​ផ្លូវ​ជំនួយ​សម្រាប់​កម្មករ​ដែល​កំពុង​សាង​សង់​ទំនប់​ទឹក។

៥. មឈូសព្យួរ

ក្រុង Sagada ពិត​ជា​មាន​ភាព​ទាក់​ទាញ​ណាស់​សម្រាប់​ភ្ញៀវ​ទេសចរ ដោយ​សារ​តែ​តំបន់​នេះ​ពី​មុន ជា​ផ្នែក​មួយ​នៃ​មហាសមុទ្រ។ ឥឡូវ​នេះ​វា​មាន​រូង​ភ្នំ និង​ថ្ម​ជា​ច្រើន ហើយ​ថ្ម​មួយ​ក្នុង​ចំណោម​ថ្ម​ទាំង​អស់​មាន​ព្យួរ​មឈូស​យ៉ាង​ច្រើន។ ការ​កប់​ក្នុង​មឈូស គឺ​ជា​ប្រពៃណី​ចំណាស់​មួយ​ដែល​មឈូស​ត្រូវ​បាន​ឆ្លាក់​ពី​បំណែក​ឈើ។ ក្រោយ​ពី​អ្នក​ស្លាប់​ត្រូវ​បាន​ដាក់​នៅ​ក្នុង​មឈូស គេ​យក​មឈូស​នោះ​ទៅ​ដាក់​នៅ​លើ​ច្រាំង​ថ្ម​ចោទ​ខ្ពស់​រហូត​ដល់​ទៅ ៣៨០ ហ្វីត (ជាង ១១៥ ម៉ែត្រ) ឬ​នៅ​ក្នុង​រូង​ភ្នំ។ យោង​ទៅ​តាម​រឿង​ព្រេង​បុរាណ ភ្នំ​នេះ​គឺ​ជា​ជណ្ដើរ​រវាង​ផែន​ដី និង​ស្ថាន​សួគ៌។

៦. ការរត់នៃគោញី (ប្រពៃណីជាតិអេស្ប៉ាញ)

Encierro គឺ​ជា​ប្រពៃណី​ដែល​អ្នក​ត្រូវ​រត់​ចេញ​ពី​គោ ដែល​ត្រូវ​បាន​ដោះ​លែង​ឱ្យ​មាន​សេរីភាព។ ប្រពៃណី​នេះ​នៅ​តែ​ជា​ទម្រង់​កម្សាន្ត​ពេញ​និយម នៅ​តាម​ភូមិ​ជា​ច្រើន​ក្នុង​ប្រទេស​អេស្ប៉ាញ។ ប្រពៃណី Encierro ដ៏​ពេញ​និយម​បំផុត​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ​ទីក្រុង Pamplona ក្នុង​អំឡុង​ពិធី​បុណ្យ San Fermin។

៧. ផ្នូរខ្មោច Capuchin

នៅ Palermo ប្រទេស​អ៊ីតាលី​មាន​ផ្នូរ​ខ្មោច​មួយ​ដែល​ជា​កន្លែង​កប់​សាកសព​ជាង ៨០០០ នាក់។ កន្លែង​នេះ​ គឺ​ជា​កន្លែង​តាំង​ពិពណ៌​ខោ្មច​ម៉ាំ​មី​ដ៏​ល្បី​បំផុត​មួយ ។ ផ្នូរ​នេះ​ ត្រូវ​បាន​សាងសង់​នៅ​ចុង​សតវត្ស​ទី ១៦ នៅ​ពេល​ចំនួន​នៃ​វត្ត​អារាម Capucci បាន​កើន​ឡើង​ហើយ​ពួកគេ​ត្រូវ​ការ​ទី​បញ្ចុះ​សព​កាន់​តែ​ធំ។ នៅ​សតវត្ស​ទី ១៨ ដល់ទី ១៩ ទី​កន្លែង​នេះ​បាន​ក្លាយ​ជា កន្លែង​ប្រណីត​សម្រាប់​ការ​បញ្ចុះ​សព​បព្វ​ជិត និង​គ្រួសារ​គហបតី។ នៅឆ្នាំ ១៨៨២ គេ​បាន​បិទ​ទ្វារ​ផ្នូរ​នេះ ហើយ​គ្មាន​នរណា​ម្នាក់​ត្រូវ​បាន​កប់​នៅ​ទី​នោះ​ទៀត​ទេ។

៨. កប៉ាល់ខ្មោចនៅកោះ Solomon

កន្លែង​នេះ គឺ​ជា​ទឹក​ដី​ដែល​នាវា​មិន​អាច​បើកបរ​បាន​ ដោយ​សារ​តែ​មាន​ផ្កាថ្ម​ជា​ច្រើន​នៅ​ក្រោម​ទឹក។ នៅ​ឆ្នាំ ២០០០ នាវា​របស់​ជនជាតិ Liberian ​ឈ្មោះ​ថា World Discoverer បាន​ជាប់​គាំង​នៅ​ជិត​កោះ Solomon នៅ​មហាសមុទ្រ​ប៉ាស៊ីហ្វិក។ គ្មាន​អ្នក​ដំណើរ​ណា​ម្នាក់​ត្រូវ​បាន​រង​របួស​នោះ​ទេ ប៉ុន្តែ​ពុំ​មាន​មធ្យោបាយ​ដើម្បី​ជួយ​សង្គ្រោះ​នាវា​នោះ ដូច្នេះ​វា​ត្រូវ​បាន​ទុកចោល​ និង​ក្លាយ​ទៅ​ជា​ជម្រក​សម្រាប់​ត្រី និង​សត្វ​សមុទ្រ​ដទៃ​ទៀត។

៩. កន្លែងបញ្ចុះខ្មោចឡាន

កន្លែង​នេះ​មើល​ទៅ​ដូច​ជា ការ​ផ្សព្វ​ផ្សាយ​ខ្សែ​ភាពយន្ត​ខ្មោច​ឆៅ​ថ្មី​ៗ​នេះ ប៉ុន្តែ​ការ​ពិត​វា​ជា​កន្លែង​ពិត​ប្រាកដ​មួយ​នៅ​ក្នុង​ប្រទេស​បែលហ្ស៊ិក។ បន្ទាប់​ពី​សង្គ្រាម​លោក​លើក​ទី ២ ទាហាន​អាមេរិក​បាន​ចាក​ចេញ និង​ទុក​ឡាន​របស់​ពួក​គេ​នៅ​ក្នុង​ព្រៃ។ ជា​ច្រើន​ឆ្នាំ​ក្រោយ​មក ធម្មជាតិ​បាន​កាន់​កាប់​ទីនោះ ហើយ​ព្រៃឈើ​បាន​ដុះ​ជុំ​ជិត​ឡាន​ទាំង​នោះ៕

ចុចអាន ៖

ប្រភព៖ Brightside   ប្រែ​សម្រួល៖ រ័ត្ន