Apple នៅ​តែ​ប្រើ​ធម៌ស្ងប់​ ទោះ​ត្រូវ​គូ​ប្រជែង​​ឆ្កឹះឆ្កៀលជា​ច្រើន​លើក​ក្ដី

  • 2017-12-27 03:12:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ពេញ​មួយ​ឆ្នាំ​ ២០១៧ នេះ​ Apple ត្រូវ​រងគ្រោះ​ជា​ការ​ឌឺ​ដង​លែបខាយ​ ពី​សំណាក់​ក្រុមហ៊ុន​​ជា​គូ​ប្រជែង​ចំនួន​ ៤ លើក ក្នុង​នោះ​រួម​មាន​ Samsung, OnePlus, Google និង Motorola ផង​ដែរ។

១. Samsung

​​​ពេល​ដែល​​កម្មវិធី​​បង្ហាញ​ចេញ​ Galaxy Note 8 ​ជិត​បាន​បញ្ចប់​លោក​ Justin Denison អនុប្រធាន​ជាន់​ខ្ពស់​ផ្នែក​ជំនួញ​ទូរសព្ទ​របស់​ក្រុមហ៊ុន​ Samsung បាន​ឆ្លៀត​​​បោះ​សម្ដី​​ផ្លែ​ផ្កា​​ចំពោះ​ Apple ជា​ថ្មី​ម្ដង​ទៀត​រឿង​ iPhone 7 អត់​រន្ធ​កាស​ 3.5mm។

លោក​ Justin បាន​​​លើក​ឡើង​​ថា ៖​ “Galaxy Note 8 នឹង​មាន​បំពាក់​មក​ស្រាប់​នូវ​កាស​ម៉ាក​ AKG ដ៏​កាលីប​នៅ​ក្នុង​ប្រអប់...ប៉ុន្តែ​នៅ​មាន​ថែម​ទៀត...ទាយ​មើល​ថា​អ្នក​អាច​ធ្វើ​អ្វី​បាន​ជា​មួយ​កាស​នេះ? ត្រូវ​ហើយ! អ្នក​អាច​ដោត​វា​ចូល​ក្នុង​រន្ធ​កាស​ស្តង់ដារ​​ (រន្ធ​កាស​ 3.5 mm) បាន"។ និយាយ​ចប់​មួយ​ឃ្លា​នេះ​គ្រប់​គ្នា​ដែល​កំពុង​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​បាន​បន្លឺ​សំឡេង​ហោរ​កញ្ជ្រៀវ​ជា​ខ្លាំង។

២. OnePlus

អំឡុង​ពេល​ប្រកាស​ចេញ​ OnePlus 5 កាល​ពី​​ខែ​មិថុនា​​ OnePlus បាន​ឆ្លៀត​ពេល​ឌឺ​ដង​ Apple រឿង​ដក​រន្ធ​កាស​ 3.5mm ចេញ​ពី​ iPhone 7 និង iPhone 7 Plus។

ពេល​នោះ​លោក ​Diego Heinz អ្នក​ឌីហ្សាញ​​ប្រចាំ​ក្រុមហ៊ុន​ OnePlus លើក​ឡើង​ថា ៖ "នៅ​ផ្នែក​ខាង​ក្រោម​ អ្នក​នឹង​ឃើញ​ថា​យើង​បាន​ដក​រន្ធ​កាស​ 3.5mm ចេញ ​ដោយ​ជួយ​បង្កើន​ភាព​ឡូយ​ឆាយ​នៃ​រូបរាង​របស់​ OnePlus 5។ ហើយ​នរណា​ដែល​ត្រូវ​ការ​រន្ធ​​ដោត​កាស​ 3.5mm ទៀត​នោះ? នេះ​ជា​មូលហេតុ​ដែល​មាន​ Bluetooth ត្រូវ​ទេ?​​”។ បន្ទាប់​មក​អ្នក​ឌីហ្សាញ​រូប​នេះ​បន្ថែម​ថា ៖ "ខ្ញុំ​គ្រាន់​តែ​កំប្លែង​លេង​ទេ។ ពិត​ណាស់ OnePlus 5 គឺ​មាន​រន្ធ​ដោត​កាស 3.5mm”។

៣. Motorola

ទន្ទឹម​នឹង​​ព័ត៌មាន​នៃ​ការ​ដាក់​ iPhone 7/7 Plus ពណ៌​ក្រហម​​ Motorola បាន​ឌឺ​ដង​ Apple យ៉ាង​ចាស់​ដៃ​តាម​រយៈ​គណនី​ Weibo របស់​ខ្លួន។ ​សារ​ឌឺដង​នោះ​មាន​ភ្ជាប់​មក​ជា​មួយ​រូបភាព​ចំណង​ជើង​ថា​ "Always Red (ក្រហម​ជានិច្ច)” ដោយ​​ក្នុង​​រូបភាព​មាន​បង្ហាញ​ពី​​ម៉ូដែល​ទូរសព្ទ​ Motorola មួយ​ចំនួន​ដែល​​មាន​រចនា​រូបរាង​ពណ៌​ក្រហម។

អ្វី​ដែល​ធ្វើ​ឲ្យ​ Apple ចុក​ឈាម​ជាង​នេះ​គឺ​ការ​បញ្ចេញ​ Comment ​​​របស់​ Lenovo ដែល​ជា​ក្រុមហ៊ុន​មេ​របស់​ Motorola។ Comment នោះ​​បាន​សរសេរ​ថា ៖​ «​មាន​អ្នក​ខ្លះ​​ធ្វើ​ត្រាប់​តាម​មុខ​មាត់​របស់​ខ្ញុំ ហើយ​អ្នក​ខ្លះ​បាន​ធ្វើ​ត្រាប់​តាម​ផលិតផល​របស់​ខ្ញុំ ប៉ុន្តែ​អ្នក​មិន​អាច​ធ្វើ​ត្រាប់​តាម​រសជាតិ​របស់​ខ្ញុំ​បាន​ឡើយ»។

៤. Google

ពេល​ប្រកាស​ចេញ​ Google Pixel 2 និង Pixel 2 XL ក្រុមហ៊ុន​ Google បាន​ឌឺ​ដង​ឲ្យ​ Apple ជា​ច្រើន​លើក​ ប៉ុន្តែ​ចំណុច​ដែល​គេ​ចាប់​អារម្មណ៍​បំផុត​ នៅ​ពេល​ដែល​​ថ្នាក់​ដឹក​នាំ​​ក្រុមហ៊ុន​នេះ​និយាយ​ថា​ ៖ "យើង​មិន​​បំពាក់​មុខងារ​ដែល​ប្រសើរ​ជាង​លើ​ ​ប្រភេទ​ដែល​មាន​ទំហំ​ធំ​ជាង​នោះ​ទេ។ ជា​មួយ​នឹង​ Pixel អ្នក​នឹង​ទទួល​បាន​មុខងារ​ល្អ​ដូច​គ្នា​ ទោះ​បី​ជា​​​មាន​ទំហំ​ខុស​គ្នា​ក្ដី”។

នេះ​ជា​ការ​ឌឺ​ដង​ចំៗ​ដល់​ Apple ដែល​​យក​មុខងារ​ពិសេស​​ដូច​ជា​កាមេរ៉ា​ភ្លោះ​ បំពាក់​តែ​នៅ​លើ​ម៉ូដែល​ Plus (iPhone 7 Plus, iPhone 8 Plus) ប៉ុណ្ណោះ។

​ទោះ​បី​ជា​មាន​ការ​ដៀម​ដាម​ជា​ច្រើន​លើក​បែប​នេះ​ក្ដី​ ប៉ុន្តែ​ Apple មិន​មាន​ប្រតិកម្ម​តប​ត​អ្វី​នោះ​ទេ៕​​​​

អត្ថបទ៖ សុខហេង

អត្ថបទពេញនិយម