អបអរសាទរ! អ្នកចម្រៀងពិការកម្ពុជាទទួលជ័យលាភីលេខ ១ ក្នុងកម្មវិធី Our Better World ប្រចាំឆ្នាំ២០១៧
- 2017-12-27 08:41:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អបអរសាទរ! អ្នកចម្រៀងពិការកម្ពុជាទទួលជ័យលាភីលេខ ១ ក្នុងកម្មវិធី Our Better World ប្រចាំឆ្នាំ២០១៧
ចន្លោះមិនឃើញ
ជារឿងមួយដ៏រំភើបក្រៃលែងដែល អ្នកចម្រៀងពិការ ប្រាក់ សុផាន់ណា ទទួលជ័យលាភីលេខ១ ក្នុងកម្មវិធី Our Better World ប្រទេសសិង្ហបុរី ដែលមានប្រទេសជាច្រើនចូលរួម។
លទ្ធផលបានប្រកាសហើយនៅថ្ងៃទី២៧ នេះ គឺវីដេអូរបស់កម្ពុជា និយាយពីខ្សែជីវិតប្រាក់ សុផាន់ណា បានទទួលជ័យលាភីលេខ ១Our Better World ប្រចាំឆ្នាំ២០១៧ ដោយទទួលបានការបោះឆ្នោត ៤ ២៣៩ សំឡេង។
ប្រាក់ សុផាន់ណា ម្ចាស់ពាន រង្វាន់រូបនេះប្រាប់ Sabayថា លោកមានអារម្មណ៍រីករាយខ្លាំងចំពោះលទ្ធផលមួយនេះ។ លោកបន្តថា រង្វាន់ Our Better World គេប្រគល់ឲ្យចំពោះវីដេអូខ្សែជីវិតអ្នកណាដែល មានលក្ខណៈលើកទឹកចិត្ត និងមានជីវិតតស៊ូ ក្នុងពិភពលោក។ ចំពោះរង្វាន់ ដែលត្រូវទទួលលោកមិនទាន់ច្បាស់ពីពេលវេលានៅឡើយ។ « តាមខ្ញុំដឹងរង្វាន់នេះគេនិងយកមកប្រគល់ឲ្យ ដោយផ្ទាល់នៅក្នុងប្រទេសកម្ពុជា ។ ហើយខ្ញុំអាចទទួលបានលិខិតសរសើរ និងទឹកប្រាក់ មួយចំនួន។»
កន្លងមក លោក សុផាន់ណា លោកធ្លាប់ថតវីដេអូពីខ្សែជីវិតខ្លួនផុសក្នុងហ្វេសប៊ុក ហើយមានអ្នកគាំទ្រពីភាពតស៊ូ។ ម៉្លោះហើយលោកមានកម្លាំងចិត្តរស់បន្តទោះជាម្ដាយឪពុកស្លាប់អស់ហើយខ្លួនមានជំងឺ ដែលមិនអាចដើរ និងអង្គុយក៏ដោយ។ វីដេអូនោះហើយដែលលោកដាក់ចូលរួមប្រកួត និងទទួលបានជោគជ័យ។
តាមលោក ប្រាក់ សុផាន់ណា បញ្ជាក់ថា កម្មវិធីនេះមានការចូលរួមប្រកួតប្រជែងពីបេក្ខជនមកពីជាង៥០ប្រទេស ក្នុងពិភពលោក ដែលបង្ហាញពីជីវិតតស៊ូរបស់ពួកគេ។ ហើយគេចាប់ផ្ដើមបោះឆ្នោតតាំងពីថ្ងៃ ១៤ ដល់២៧ ធ្នូ ២០១៧មក៕
ក្រុមហ៊ុន Major Cineplex ផ្ដោតលើប្រទេស ៤ (CLMV) ដើម្បីបង្កើនប្រាក់ចំណូល
សរុបព្រឹត្តិការណ៍ព័ត៌មានតារាកូរ៉េសំខាន់ៗ ផ្ទុះកក្រើកក្នុងឆ្នាំ ២០១៧