ធ្លាប់ដឹងអត់? អធិរាជដំបូងរបស់ចិន ធ្លាប់បញ្ជាឲ្យស្វែងរកថ្នាំជីវិតអមត

  • 2017-12-28 08:59:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អធិរាជ​ដំបូង​របស់​ប្រទេស​ចិនQin Shihuang មិន​ត្រឹម​តែ​នៅ​ពី​ក្រោយ​ការ​បង្កើត​កង​ទ័ព Terracotta ដ៏​អស្ចារ្យ​នោះ​ទេ ព្រះ​អង្គ​ក៏​ធ្លាប់​បាន​បញ្ជា​ឱ្យ​ស្វែង​រក​ថ្នាំ​ជីវិត​អមត​នៅ​ទូទាំង​ប្រទេស​ផង​ដែរ នេះ​បើ​យោង​តាម​ការ​ស្រាវ​ជ្រាវ​បុរាណវិទ្យា​ថ្មី​ៗ។

ភស្តុតាង​ទាំង​នោះ​ត្រូវ​បាន​រក​ឃើញ​ក្នុង​បន្ទះ​ឈើ​ឯកសារ​មួយ​នៅ​ក្នុង​ខេត្ត ហ៊ូណាន ដែល​មាន​ព្រះរាជ​បញ្ជា​របស់​ព្រះចៅ​អធិរាជ ដែល​តម្រូវ​ឱ្យ​ប្រជាជន​ទាំង​អស់​ស្វែង​រក​ថ្នាំ​ជីវិត​អមត។ បន្ទះ​ឈើ​សរុប​ជាង ៣៦ ០០០ ត្រូវ​បាន​គេ​រក​ឃើញ​ដំបូង​នៅ​ឆ្នាំ ២០០២ ក្នុង​បាត​អណ្តូង។ បន្ទះ​ឈើ​ទាំង​នោះ គ្រប​ដណ្តប់​លើ​វប្បធម៌, សេដ្ឋកិច្ច, ច្បាប់, វេជ្ជសាស្ត្រ, យោធា និង​នយោបាយ។

ភូមិ​មួយ​ឈ្មោះ Duxiang ត្រូវ​បាន​រាយការណ៍​ថា អ្នក​ភូមិបាន​បរាជ័យ​ក្នុង​ការ​ស្វែង​រក ថ្នាំ​ជីវិត​អមត​ ដ៏​មាន​តម្លៃ ប៉ុន្តែ​បាន​បញ្ជាក់​ថា​ការ​ស្វែង​រក​នៅ​តែ​បន្ត។ ភូមិ​មួយ​ទៀត​ហៅ​ថា Langya ដែល​ឥឡូវ​នេះ​ស្ថិត​ក្នុង​ខេត្ត សានដុង ធ្លាប់​បាន​បង្ហាញ​ឱសថ​រុក្ខជាតិ​មួយ​ដែល​ប្រមូល​ពី​ភ្នំ​ល្អ​ក្នុង​តំបន់​ផង​ដែរ។

លោក Zhang Chunlong ជា​អ្នក​ស្រាវជ្រាវ​ម្នាក់​នៅ​វិទ្យាស្ថាន​បុរាណ​វិទ្យា​ខេត្ត បាន​សិក្សា​ទៅ​លើ​បន្ទះ​ឈើ​ឯកសារ​ដែល​ទាក់​ទង​នឹង​ថ្នាំ​ចំនួន ៤៨​មុខ និង​បាន​រក​ឃើញ រាជវង្ស Qin មាន​ប្រព័ន្ធ​វេជ្ជសាស្ត្រ​ទំនើប ជាមួយ​នឹង​នីតិវិធី​នៃ​ការ​ចង​ក្រង​ឯកសារ​ខ្លាំង​ក្លា។ លោក​បាន​និយាយ​ថា ព្រះរាជ​បញ្ជា​នេះ​ត្រូវ​បាន​សាយ​ភាយ​ទៅ​ដល់​តំបន់​ព្រំដែន និង​ភូមិ​ដាច់​ស្រយាល។

យោង​តាម​ទីភ្នាក់ងារ AFP, ព្រះចៅ​អធិរាជ Qin ក៏​ត្រូវ​បាន​ទទួល​ស្គាល់​ផង​ដែរ​សម្រាប់​ស្នា​ព្រះហស្ត​របស់​ព្រះ​អង្គ​ក្នុង​ការ​បង្រួបបង្រួម​ប្រទេស។ ហេតុ​ដូច្នេះ​ហើយ ការ​ស្វែង​រក​ថ្នាំ​ជីវិត​អមត​នៅ​ទូទាំង​ប្រទេស បាន​បង្ហាញ​ភស្តុតាង​យ៉ាង​ច្បាស់​ពី​ការ​ប្រមូល​ផ្ដុំ​អំណាច​របស់​ព្រះ​អង្គ៕

ចុចអាន ៖

ប្រភព៖ nextshark   ប្រែ​សម្រួល៖ រ័ត្ន