ទុនវិនិយោគក្នុងវិស័យសំណង់មានទឹកប្រាក់ជាង ៦ ៤០០លានដុល្លារ
- 2017-12-29 03:52:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទុនវិនិយោគក្នុងវិស័យសំណង់មានទឹកប្រាក់ជាង ៦ ៤០០លានដុល្លារ
ចន្លោះមិនឃើញ
ទុនវិនិយោគក្នុងវិស័យសំណង់ឆ្នាំនេះ នៅតែមានសញ្ញាល្អប្រសើរ ដោយទុនវិនិយោគបានកើនឡើងដល់ជាង៦៤២៨លានអាមេរិកនៅដំណាច់ឆ្នាំនេះ គឺកើនឡើង២២ភាគរយធៀបរយៈពេលដូចគ្នាកាលពីមុន។ចំណែកអ្នករកស៊ីវិស័យអចលទ្រព្យនៃវិស័យឯកជនសាទរនិងបង្ហាញនូវសុទិដ្ឋិនិយមសម្រាប់ពេលបន្តទៀត។
យោងតាមរបាយការណ៍នៃសន្និបាតបូកសរុបការងារឆ្នាំ២០១៧ និងលើកទិសដៅឆ្នាំ២០១៨ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់នាព្រឹកថ្ងៃទី២៨ខែធ្នូនេះបានឲ្យដឹងថា ទុនវិនិយោគក្នុងវិស័យនេះនៅតែមានសញ្ញាល្អប្រសើរ ដោយសារការចូលមករបស់អ្នកវិនិយោគអន្តរជាតិនានា និងការវិនិយោគពីអ្នកវិនិយោគក្នុងស្រុក ដែលធ្វើឲ្យផ្ទៃក្រឡាសំណង់កើនដល់រាប់លានម៉ែត្រការ៉េ ជាសញ្ញាល្អប្រសើរសម្រាប់វិស័យនេះ ដែលជាវិស័យមួយដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចជាតិ។
លោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានថ្លែងថា នៅក្នុងនិតិកាលទ៥នេះរាជរដ្ឋាភិបាលនៅតែសម្រេចបានស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ចតាមរយៈការអនុវត្តនូវរាល់កំណែទម្រង់ទូលំទូលាយ និងស៊ីជម្រៅទាំងឡាយ ដែលកាន់តែពង្រីកបាននូវលក្ខណៈសម្បត្តិអនុគ្រោះថែមទៀត ដល់ការអភិវឌ្ឍគ្រប់វិស័យ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោក គីម ហ៊ាង បានថ្លែងថា ការវិនិយោគក្នុងវិស័យសំណង់ និងអចលនវត្ថុឆ្នាំនេះ ជាការបន្តការវិនិយោគកាលពីឆ្នាំមុនភាគច្រើន ព្រោះគំរោងថ្មីៗដែលបានប្រកាសសាងសង់នៅឆ្នាំនេះ មានចំនួនតិចធៀបនឹងឆ្នាំ២០១៦។ លោកបន្តថា ទោះជាយ៉ាងណាលោកនៅតែមានសុទិដ្ឋិនិយមនឹងវិស័យនេះ ដែលបន្តមានភាពរីកចម្រើន ប៉ុន្តែ កម្ពុជាគួរពឹងផ្អែកប្រភពទុនពីគ្រប់ភាគី ជាជាងពឹងផ្អែកតែប្រទេសចិន។
ទោះជាយ៉ាងណាឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាបានមានប្រសាសន៍ថា“ខ្ញុំជឿជាក់ថាវិស័យនេះនឹងបន្តរីកចម្រើនថែមទៀត ដោយសារកំណើនប្រជាសាស្ត្រ និងលក្ខខ័ណ្ឌសេដ្ឋកិច្ចកម្ពុជានៅតែល្អប្រសើរ”៕