ស្តាប់សំឡេងមិនឮលើ Laptop  អាច​សាក​វិធី​ទាំងនេះ​បាន​

  • 2017-12-31 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រើ Laptop ប្រហែល​ជា​ធ្លាប់​មាន​បញ្ហា​ច្រើន ជាពិសេស​លើ Audio (សំឡេង​)  ដោយ​ពេល​ខ្លះ​ដំណើរការ ហើយ​ពេល​ខ្លះ​លែង​ដំណើរការ ជាមួយ​នឹង​បញ្ហា Driver (កម្មវិធី​តូច​មួយ​សម្រាប់​សម្របសម្រួល​ឲ្យ​មុខងារ​អ្វីមួយ​ដំណើរការ​), បញ្ហា​លើ​ប្រព័ន្ធ Window, បញ្ហា​លើ Hardware និង​បញ្ហា​ជាច្រើន​ទៀត​។ ម្យ៉ាងវិញទៀត ប្រសិនបើ​អ្នក​ព្យាយាម​ភ្ជាប់ Laptop ទៅ​នឹង​ External speaker ឬ​កាស អ្នក​ក៏​ប្រហែល​ជា​អាច​ជួប​បញ្ហា​ជាមួយ​នឹង​សំឡេង​ផង​ដែរ​។ ដូច្នេះ​ប្រសិនបើ​អ្នក​ធ្លាប់​ជាប់ ឬ​កំពុង​ជាប់​បញ្ហា​សំឡេង​លើ Laptop អាច​សាក​វិធីសាស្ត្រ​ទាំង​នេះ​បាន​។

១. ត្រួត​ពិនិត្យ​មើល  Volume controls (ប៊ូតុង​ដំឡើង ឬ​បន្ថយ​សំឡេង​)

អ្នក​គួរ​ត្រួត​ពិនិត្យ​លើ Volume controls ទាំង​លើ Windows និង External speaker។ ច្រើន​ដង​ដែរ មនុស្ស​មួយ​ចំនួន​ភ្លេច​ខ្លួន​ថា​បាន​ចុច​ប៊ូតុង Mute (បិទ​សំឡេង​)លើ Keyboard ហើយ​មិន​អាច​រក​ឃើញ​ហេតុផល​គ្មាន​សំឡេង​។ 

ក្នុង​ប្រព័ន្ធ Windows ចុច​លើ icon សំឡេង​ក្នុង System tray ហើយ​អ្នក​គួរ​ប្រាកដ​ថា​គ្មាន​រង្វង់​ពណ៌ក្រហម​លើ icon សំឡេង​នោះ​។ ម្យ៉ាង​វិញ​ទៀត ប្រាកដ​ថា​សំឡេង​អូស​ឡើង​លើ​។ 

សម្រាប់ External speaker អ្នក​គួរ​ប្រាកដ​ថា​សំឡេង​បើក និង​ភ្ជាប់​រន្ធ​ទៅ​នឹង​កុំព្យូទ័រ​ឲ្យ​បាន​ត្រឹមត្រូវ​ក្នុង​ករណី​អ្នក​ភ្ជាប់​ដោយ​ប្រើ​ខ្សែ ឬ​ពិនិត្យ​មើល​ត្រង់ Bluetooth លើ Laptop ប្រាកដ​ថា​ភ្ជាប់​នឹង Speaker ត្រូវ​ឈ្មោះ​ក្នុង​ករណី​អ្នក​ប្រើ External speaker ប្រើ​មាន​មុខងារ​ Bluetooth។ ម្យ៉ាងវិញទៀត អាច​បិទ​បើក External speaker ដើម្បី​សម្រួល​ការ​ភ្ជាប់​បណ្ដាញ​ក្នុង​ករណី​មាន​បញ្ហា​។ 

២. ត្រួត​ពិនិត្យ​មើល​សំឡេង​ក្នុង​កម្មវិធី​

អ្នក​អាច​ត្រួតពិនិត្យ​មើល​សំឡេង​លើ​កម្មវិធី ដោយ​ប្រាកដ​ថា​មិន​បាន​បិទ​សំឡេង​។ កម្មវិធី​ជាច្រើន​មាន​ការ​គ្រប់គ្រង​សំឡេង​ផ្ទាល់ ដូចជា​កម្មវិធី​ចាក់​មើល​វីដេអូ​នានា ឬ Youtube។ ដូច្នេះ​ត្រួត​ពិនិត្យ​មើល​សំឡេង​ទាំង​លើ Windows និង​កម្មវិធី​ប្រើប្រាស់​។ 

៣. បិទ​បើក​ប្រព័ន្ធ Windows

ករណី​អ្នក​មិន​ដឹង​មាន​បញ្ហា​អ្វី ប្រព័ន្ធ​ប្រតិបត្តិការ​អាច​មាន​បញ្ហា​ខ្លួន​វា ដូច្នេះ​បើ​មាន​បញ្ហា​សំឡេង អ្នក​អាច​សាក​បិទ​បើក​ម៉ាស៊ីន ព្រោះ​បញ្ហា​មួយ​ចំនួន​អាច​កើត​មាន​ឡើង ពេល​កុំព្យូទ័រ​ប្រើ​បាន​យូរ​អង្វែង​។ 

៤. Driver សំឡេង​

ប្រសិនបើ​គ្រប់​យ៉ាង​ដំណើរការ​ល្អ តែ​បញ្ហា​សំឡេង​នៅ​តែ​មាន អ្នក​អាច​ត្រួត​ពិនិត្យ​មើល Driver សំឡេង ដោយ​ចូល​ទៅ​កាន់ Device Manager (ចុច Start វាយ​បញ្ចូល​ពាក្យ Device) > ចុច​លើ Sound, video and game controllers។ 

ដំបូង​អ្នក​គួរ​ប្រាកដ​ថា​គ្មាន​សញ្ញា​បង្ហាញ​ពណ៌លឿង ឬ​ក្រហម​នៅ​បន្ទាប់​នឹង Sound device។ ប្រសិនបើ​មាន មាន​ន័យ​ថា​អ្នក​ពុំ​ទាន់​ដំឡើង Driver សំឡេង​នោះ​ទេ​។ ប្រសិនបើ​គ្មាន អ្នក​នៅ​តែ​អាច​សាក​ធ្វើ​កំណែទម្រង់ (Update) Sound card driver ដោយ​អាច​ពិនិត្យ​មើល​ម៉ូដែល​ហើយ​ទាញ​យក​លើ​គេហទំព័រ​សម្រាប់ Driver ចុង​ក្រោយ​សម្រាប់​ជំនាន់ Windows អ្នក​ប្រើ​។ 

៥. ត្រួត​ពិនិត្យ​ការ​ភ្ជាប់​ខ្សែ​

ប្រសិនបើ​អ្នក​មាន​បញ្ហា​សំឡេង​ជាមួយ​នឹង​កាស ឬ Speaker អ្នក​អាច​ត្រួត​ពិនិត្យ​មើល​រន្ធ​ភ្ជាប់ ក្រែង​ភ្ជាប់​រន្ធ​ខុស ឬ​មិន​ដុត​។ 

ប្រសិនបើ​អ្នក​មាន Video card អាច​ប្រើ HDMI ហើយ​អ្នក​កំពុង​ប្រើ​ខ្សែ HDMI ភ្ជាប់​ពី​កុំព្យូទ័រ ទៅ Monitor មាន Speaker លើ​នោះ សំឡេង​ប្រហែល​ជា​មិន​ដំណើរការ ដោយសារ HDMI video card មិនមែន​ជា Default សម្រាប់ Audio device នោះ​ទេ​។ អ្នក​អាច​ផ្លាស់ប្ដូរ​បាន ដោយ​ចូល​ទៅ​កាន់ Control Panel > Sound > ចុច​លើ Tab ឈ្មោះ Playback និង​ពិនិត្យ​មើល Device មាន​ឈ្មោះ Speaker ស្រប​នឹង​ឈ្មោះ Device ជាមួយ​ពាក្យ HDMI > ជ្រើសរើស​វា ហើយ​ចុច​ប៊ូតុង Set Default។ 

ប្រសិនបើ​អ្នក​ភ្ជាប់​កាស ហើយ​មិន​លឺ​សំឡេង តែ​ពេល​មិន​ភ្ជាប់​អ្នក​លឺ​ពី Speaker របស់ Laptop អ្នក​ត្រូវ​ចូល​ទៅ​កាន់ Tab ឈ្មោះ​ Playback ហើយ​កំណត់ Headphone ជា Default សម្រាប់ Audio device។ អ្នក​គួរ​ភ្ជាប់ Speaker ឬ Headphone ទៅ​នឹង​កុំព្យូទ័រ​ជា​មុន មុន​ពេល​បើក​ផ្ទាំង Sound Control Panel ហើយ​ប្រសិនបើ​អ្នក​មិន​ឃើញ Headphone ក្នុង​នោះ អ្នក​ចុច Mouse ស្តាំ រួច​ជ្រើសរើស Show Disabled Items។ 

៦. ទាញ​យក Microsoft FixIt Troubleshooters

Microsoft មាន​ដំណោះស្រាយ​មួយ​ចំនួន​សម្រាប់​បញ្ហា​សំឡេង​ក្នុង Windows។ អ្នកអាចទាញយក Troubleshooters ពីបញ្ជីទាំងនេះតាមបញ្ហាអ្នកកើតមាន។ អ្នក​អាច​សាកល្បង​បាន ដោយ​វា​ជួយ​ដោះស្រាយ​បញ្ហា​សំឡេង និង Hardware សាមញ្ញ​បាន​លើ Window PC។ 

៧. កំណែទម្រង់ BIOS

Laptop របស់ Sony និង Toshiba មួយ​ចំនួន​មាន​បញ្ហា ដែល​អ្នក​ត្រូវការ​ធ្វើ​កំណែទម្រង់ BIOS ដើម្បី​ឲ្យ​សំឡេង​ដំណើរការ​។ បញ្ហា​អាច​កើតឡើង ប្រសិនបើ​អ្នក Upgrade កុំព្យូទ័រ​ទៅ​កាន់ Window 7 ឬ​ទាញ​យក​កំណែទម្រង់​មួយ​ចំនួន ហើយ​ភ្លាមៗ​សំឡេង​លេង​ដំណើរការ​។ អ្នក​អាច​ចូល​ទៅ​កាន់​គេហទំព័រ​ក្រុមហ៊ុន​ផលិត PC និង​ទាញ​យក BIOS សម្រាប់​កុំព្យូទ័រ​អ្នក។ មួយវិញទៀត អ្នក​អាច​ចូល​ទៅ​កាន់ BIOS និង​ប្រាកដ​ថា Sound card បើក​ដំណើរការ ដោយ​ពេល​ខ្លះ Sound device អាច​នឹង​បិទ​ក្នុង BIOS។ 

៨. លុប​ Sound device បន្ទាប់​មក​ដំឡើង​ម្តង​ទៀត​

អ្នក​អាច​សាក Reset នូវ Sound device ក្នុង​ប្រព័ន្ធ Window ដោយ​ចូល​ទៅ​កាន់ Device Manager ហើយ​ចុច Mouse ស្តាំ​លើ Sound device រួច​ជ្រើសរើស Uninstall។

ក្រោយ​មក អ្នក​អាច​បិទ​បើក​កុំព្យូទ័រ ហើយ​ប្រព័ន្ធ Window នឹង​ដំឡើង​ម្តង​ទៀត​នូវ Sound device ដោយ​ស្វ័យប្រវត្តិ ដែល​អាច​ជួយ​ដោះស្រាយ​បញ្ហា​បាន​៕

ប្រភព៖ https://helpdeskgeek.com/help-desk/audio-not-working-on-your-laptop/

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ

ប្រភព៖ Help Desk Geek   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី