ជូ ដាវី ផលិតករភាពយន្តខ្មែរបារាំង ចាយតែប្រាក់រង្វាន់

  • 2018-01-05 23:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានសក់រួញសម្ពោង ពាក់វ៉ែនតាកញ្ចក់តូចប៉ុនមេដៃ កម្ពុស់ប្រហែល ១ម៉ែត្រ ៧៨សង់ទីម៉ែត្រ លោក ជូ ដាវី ជាកូនខ្មែរ សញ្ជាតិបារាំង ម្នាក់ដែលមាននិស្ស័យខ្ពស់ជាមួយការផលិតភាពយន្ត ហើយថែមទាំងមានសៃស្រឡាយជាចៅរបស់ ផលិតករល្បីឈ្មោះ កាលពីសង្គមរាស្រ្តនិយម ដែលមានផលិតកម្មធំមួយឈ្មោះថា វណ្ណ ចាន់។

Taken by Juliette Lambours

ឪពុកម្តាយរបស់លោក ជូ ដាវី ដែលជាផលិតកររឿង «កោះពេជ្រ» ឬ Diamond Island ដែលទទួលបានពានរង្វាន់ជាច្រើនពីបរទេស បានចាកចេញពីប្រទេសកម្ពុជា ហើយរស់នៅក្នុងប្រទេសបារាំង តាំងពីឆ្នាំ ១៩៧៣។ អ្នកទាំងពីរមិនដែលរម្លឹកម្តងសោះពីការផលិតភាពយន្តរបស់ត្រកូលខ្លួនដែលមាននៅស្រុកខ្មែរ នេះបើតាមការបញ្ជាក់ឱ្យដឹងពី លោក ជូ ដាវី ក្នុងបទសម្ភាសន៍ជាមួយ Sabay។

ដោយគ្រួសារមិនលើកទឹកចិត្តលើការផលិតភាពយន្ត រូបលោកក៏ហាក់មិនបានយកចិត្តទុកដាក់ខ្លាំងឡើយអំពីការផលិតភាពយន្តកាលពីកុមារភាព។ ប៉ុុន្តែអ្វីដែលខុសប្លែក និងហាមមិនបាននោះ គឺ ដាវី ក្នុងវ័យ១២ឆ្នាំប៉ុណ្ណោះ បែរជាមានចំណូលចិត្ត ចំណាយពេលវេលាជាច្រើនម៉ោងក្នុងបណ្ណាល័យនៅសាលារៀនក្នុងប្រទេសបារាំង អង្គុយមើលភាពយន្តបរទេសបែបសិល្បៈសម្តែង (Art House) ដែលជាប្រភេទរឿងវែង ពិបាកយល់ និងពេញដោយទស្សនៈវិជ្ជា ជារៀងរាល់ពេលសម្រាកពីការសិក្សា។

Chou Davy

ផលិតករ ភាពយន្តបែបសិល្បៈសម្តែងរូបនេះ ប្រាប់ថា៖ «រហូតដល់ខ្ញុំអាយុ ១៧ឆ្នាំ ពេលជិតចប់វិទ្យាល័យ ដែលយើងបានរៀនខាងការផលិតវីដេអូឯកសារ ហើយគ្រូយើងប្រាប់ឱ្យផលិតរឿងខ្លីមួយ ពេលនោះខ្ញុំគិតថាមិនចង់ធ្វើទេ តែមានមិត្តភ័ក្រ្តបរបួលម្តងហើយម្តងទៀត ហើយក៏អរគុណពេលនោះដែរ ដែលខ្ញុំយល់ព្រមចូលរួមផលិតរឿងខ្លីនោះ»។

ភាពយន្តដែល ជូ ដាវី ចូលរួមផលិត

ពេលដែលផលិតរឿងខ្លីនៅវិទ្យាល័យជាមួយមិត្តរួមថ្នាក់ចប់ ធ្វើឱ្យរូបលោក ដឹងខ្លួនច្បាស់ថា ស្រលាញ់ការផលិតភាពយន្តមែនទែន។ លោកបញ្ជាក់ថា «ខ្ញុំធ្លាប់និយាយជាមួយគ្រួសាររបស់ខ្ញុំ ថាចង់ក្លាយខ្លួនជាអ្នកផលិតភាពយន្ត តែគិតខ្លួនឯងមើលទៅវាដូចមានមហិច្ឆិតាធំពេក ចឹងខ្ញុំក៏និយាយប្រាប់គាត់ថា ខ្ញុំចង់ធ្វើការនៅរោងកុន»។ បំណង​នេះ​បរាជ័យ ព្រោះឪពុកម្តាយឲ្យរៀនបន្តខាងផ្នែកជំនួញ និងពាណិជ្ជកម្ម ដែលសព្វថ្ងៃរូបលោក ក៏មានសញ្ញាប័ត្រ គ្រប់គ្រងជំនួញ ពីមហាវិទ្យាល័យមួយនៃប្រទេសបារាំងដែរ។

ជូ ដាវី និងតួសម្តែង រឿង កោះពេជ្រ នៅមហោស្រព Canne

ទោះយ៉ាងណា ផលិតករ ជូ ដាវី មិនដែលបោះបង់ក្តីស្រមៃឡើយ ដោយនៅ២០០៨ លោក​បានមកប្រទេសកម្ពុជា ហើយក៏បានមកស្រាវជ្រាវរឿងទាក់ទងនឹងប្រវត្តិភាពយន្តនៅកម្ពុជា ក្នុងមជ្ឃមណ្ឌល បុប្ផាណា ហើយក៏បានដឹងថា លោកតារបស់ខ្លួនឈ្មោះ វណ្ណ ចាន់ គឺជាផលិតករភាពយន្តល្បីនៅខ្មែរ កាលពីសម័យសង្គមរាស្រ្តនិយម។

ក្នុងដំណើរកម្សាន្តនៅកម្ពុជា ដាវី ក៏បានជួបជាមួយផលិតករភាពយន្តខ្មែរ ដឹកនាំរឿងខ្មែរវ័យក្មេងជាច្រើនរូប ហើយក៏ផ្តើមផលិតភាពយន្តឯកសារក្រោមចំណងជើងថា «ដំណេនិងអ្នកកមាស» ដែលយកទៅចាក់បញ្ចាំងនៅក្នុងមហោស្រពនានា ពិសេសនៅប្រទេសបារាំង។ ពានរង្វាន់ និងស្នាដៃនេះហើយធ្វើឱ្យផលិតកររូបនេះអាចបន្តក្តីស្រមៃរបស់ខ្លួនជាផលិតករភាពយន្តមកដល់បច្ចុប្បន្ន ដោយឪពុកម្តាយលោកគាំទ្រពេញទំហឹង។

davy_chou_by_Ada-Khun

ការផលិតភាពយន្តរបស់ លោក ជូ ដាវី មានលក្ខណៈប្លែកខុសពីផលិតករដទៃ និងប្រើប្រាស់រយៈពេលជាច្រើនក្នុងការផលិត តែសាច់រឿងនីមួយៗ​សុទ្ធតែទទួលបានការគាំទ្រ និងឈ្នះពានរង្វាន់ជារើយៗ ដែលលោកបញ្ជាក់ថា ពានរង្វាន់ទាំងនោះបូករួមជាមួយទឹកប្រាក់ច្រើនគួរសម សម្រាប់លោកអាចបន្តទស្សនៈវិស័យ និងផលិតភាពយន្តជាបន្តបន្ទាប់ ហើយប្រាក់រង្វាន់ទាំងនោះបានផ្គត់ផ្គង់ជីវភាពរបស់លោក និងការធ្វើដំណើរចុះឡើងទៅកាន់កន្លែងជាច្រើនលើពិភពលោកទៀតផង។

រឿង កោះពេជ្រ ចាក់បញ្ចាំងនៅ ប្រទេសថៃ

បច្ចុប្បន្ន លោក ជូ ដាវី ក៏បង្កើតបានជាផលិតកម្មមួយជាមួយផលិតករខ្មែរវ័យក្មេង និងផលិតករជនជាតិកូរ៉េម្នាក់ ដែលមានឈ្មោះថា Anti-Archive និងមានគម្រោងផលិតភាពយន្តសម័យ និងភាពយន្តឯកសារជាច្រើនក្នុងឆ្នាំ ២០១៨នេះ បន្ទាប់ពីទទួលបានជោគជ័យលើការផលិតភាពយន្តរឿង «កោះពេជ្រ» ដែលទទួលបានពានរង្វាន់ពីអន្តរជាតិជាអន្លើ។

ជាការចូលរួមក្នុងសង្គមជាតិខ្មែរ ផលិតករវ័យ ៣៤ឆ្នាំ ជូ ដាវី រូបនេះ ក៏បាននាំយករូបភាព និងរឿងរ៉ាវប្រវត្តិសាស្រ្ត ទំនៀមទម្លាប់ ប្រពៃណី និងសង្គមខ្មែរ ទៅបង្ហាញឲ្យបរទេសឱ្យបានដឹង និងបានស្គាល់កាន់តែច្រើន ដែលនេះជាមោទនភាពមួយដែលរបស់ លោក ជូ ដាវី ដែលមានឈាមជាខ្មែរ និងមានឱកាសផ្សព្វផ្សាយពីខ្មែរ។

davy_chou_by_Bianca-Balbuena

លោក ជូ ដាវី ក៏បង្ហាញតិចនិចក្នុងការសម្រេចគោលដៅក្នុងជីវិតថា៖ «ទោះអ្នករវល់យ៉ាងណាក្តី អ្នកត្រូវតែបន្តសុបិនរបស់អ្នកជានិច្ច អ្នកអាចចំណាយពេលមួយចំនួនបន្ទាប់ពីការងារ និងរបររាល់ថ្ងៃមកផលិតភាពយន្ត ឬធ្វើអ្វីដែលអ្នកចង់ធ្វើបែបសិល្បៈ ឬអ្វីមួយដែលអ្នកស្រលាញ់ ថ្ងៃណាមួយបំណងនោះនឹងបានសម្រេច»។

ចុចអាន

-បើក​បង្ហាញ​ប្រវត្តិតស៊ូរបស់អ្នកដឹកនាំរឿងស្រីទាំង៣រូប ដែលទទួលបានឱកាសផលិតរឿងដោយខ្លួនឯង

-អីយ៉ា! មុខដូចអ្នកប្រដាល់ល្បី តែមានជំនាញផលិតភាពយន្តគំនូរជីវចល និងប្រវត្តិកម្សត់ខ្លាំង

-ផលិត​ករ​ភាព​យន្ត​ខ្មែរ​-អូស្រ្តា​លី​ ទោះជា​នៅ​ឯ​នាយ​សមុទ្រ​ក៏​នៅ​តែ​នឹក​ដល់​ខ្មែរ​

អត្ថបទ៖ Sunny