បាត់ខ្លួនមួយរយៈធំ ទីបំផុតដឹងកន្លែងលោកស្រី យីងឡាក់ កំពុងនៅហើយ!

  • 2018-01-06 08:42:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​នាយក​រដ្ឋមន្ត្រី​ថៃ លោកស្រី យីងឡាក់ (Yingluck Shinawatra) ដែល​បាន​រត់​គេច​ខ្លួន​ចេញ​ពី​ប្រទេស​ថៃ ពេល​នេះ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ក្នុង​ទីក្រុង London ប្រទេស​អង់គ្លេស កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

លោកស្រី យីងឡាក់ ថតជាមួយអ្នកទេសចរ នៅក្នុង​ទីក្រុង London កាល​ពី​ថ្ងៃ​ព្រហស្បតិ៍

គួរ​រំលឹក​ឲ្យ​ដឹង​ថា លោកស្រី យីងឡាក់ បាន​ភៀសខ្លួន​ចេញ​ពី​ប្រទេស​កំណើត​អស់​រយៈពេល ៥ខែ​មក​ហើយ បន្ទាប់​ពី​ទទួលរង​ការ​ចោទប្រកាន់​ពី​បទ **ពុករលួយ**។

មនុស្ស​ជា​ច្រើន​ចង់​ដឹង​ពី​ទីកន្លែង​ដែល​អតីត​នាយក​រដ្ឋមន្ត្រី វ័យ៥០ឆ្នាំ​រូប​នេះ​លាក់​ខ្លួន​ណាស់ ចាប់​តាំង​ពី​ពេល​ដែល​លោកស្រី​មិន​បង្ហាញ​ខ្លួន​នៅ​តុលាការ​កំពូល ក្នុង​ការ​ជំនុំ​ជម្រះ​ក្ដី​កាល​ពី​ចុង​ខែ​សីហា ឆ្នាំ​២០១៧ មក​ម្ល៉េះ។ នៅ​ពេល​នោះ គេ​បាន​ដឹង​ថា​លោកស្រី​បាន​គេចខ្លួន​តាមរយៈ​ប្រទេស​កម្ពុជា ទៅកាន់​ប្រទេស​ឌូបៃ រួច​បន្ត​ដំណើរ​ទៅ​កាន់​ចក្រភព​អង់គ្លេស។

យ៉ាងណាមិញ រូបថត​ដែល​បាន​ថត​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​មួយ​សន្លឹក​នោះ បាន​បង្ហាញ​ថា លោកស្រី យីងឡាក់ ឈរ​ថត​រូប​ទាំង​ញញឹម​នៅ​ក្រៅ​ហាង Harrods ក្នុង​ទីក្រុង London ប្រទេស​អង់គ្លេស។ វា​ត្រូវ​បាន​បង្ហោះ និង​ចែកចាយ​នៅ​លើ​បណ្ដាញ​សង្គម បន្ទាប់​ពី​អ្នកទេសចរ​ម្នាក់​ចំណាំ​លោកស្រី​បាន។

រូបថត​ថ្មី​នោះ​បាន​កើតឡើង​រយៈពេល ១១ថ្ងៃ បន្ទាប់​ពី​មាន​ការ​អះអាង​ថា​បាន​ឃើញ​លោកស្រី យីងឡាក់ នៅ​ផ្សារ​ទំនើប Westfield នៅ​តំបន់ Shepherd's Bush ក្នុង​ទីក្រុង London កាល​ពី​ថ្ងៃ​ទី២៦ ខែ​ធ្នូ កន្លង​ទៅ​នេះ៕

រូបថត​ដែល​គេ​អះអាង​ថា​ជា​អ្នកស្រី យីងឡាក់ ថត​នៅ​ផ្សារ​ទំនើប Westfield កាល​ពី​ថ្ងៃ​ទី២៦ ខែ​ធ្នូ

ចុច​អាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី