មន្ត្រីរបស់លោកស្រី យីងឡាក់ ច្រើន​រូបសុទ្ធតែ​ជាប់ពន្ធនាគារ​រាប់​ទសវត្សរ៍

  • 2017-08-26 03:31:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅ​ថ្ងៃ​ទី ២៥​ សីហា​ម្សិលមិញ ជា​ពេល​វេលា​​ដែល​តុលាការ​កំពូល​ថៃ​ប្រកាស​សាល​ដីកា​របស់​អតីត​នាយក​រដ្ឋមន្ត្រី​លោក​ស្រី​ យីង ឡាក់ ​អម​ជាមួយ​មន្ត្រី​​របស់​លោក​ស្រី​ជា​ច្រើន​រូប​ទៀត ប៉ុន្តែ​លោក​ស្រី​មិន​បាន​បង្ហាញ​ខ្លួន​មក​ស្ដាប់​សាល​ដីកា​ឡើយ។

រូបភាព​ផ្ដល់សិទ្ធិ​ពី Reuters

​ទោះ​បី​ជា​ពុំ​ឃើញ​វត្តមាន​លោក​ស្រី តែ​អ្នក​គាំទ្រ​​អាវ​ក្រហម​រាប់​រយ​នាក់ បាន​មក​ប្រមូល​ផ្ដុំ​គ្នា​​នៅ​ក្បែរ​អគារ​​តុលាការ​ក្រុង​បាងកក។ ​សារព័ត៌មាន​ថៃ​បាង​កក​ប៉ុស្ដិ៍​ក៏​បាន​ចុះ​ផ្សាយ​ដែរ​ថា លោក​ស្រី​បាន​គេច​ខ្លួន​មក​កម្ពុជា​ដើម្បី​ធ្វើ​ដំណើរ​​​ឆ្លង​ទៅ​កាន់​មជ្ឈិមបូព៌ា ឯ​ប្រភព​មួយ​ទៀត​ពី​សារព័ត៌មាន​​ខោ​សូដ ថា​ លោក​ស្រី​បាន​គេច​ខ្លួន​មក​កម្ពុជា​ ដើម្បី​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​សិង្ហបុរី​ រួច​​ឆ្លង​ទៅ​ទីក្រុង​ឌូបៃ ប្រទេស​អារ៉ាប់រួម ជួប​បងប្រុស​​លោក​ ថាក់​ស៊ីន​ ដែល​មាន​ផ្ទះ​នៅ​ទីនោះ។

​ចំណែក​មន្ត្រី​​របស់​លោក​ស្រី​ យីងឡាក់ ​បាន​មក​បង្ហាញ​ខ្លួន​ថ្ងៃ​ប្រកាស​សាលដីកា​តាម​ការ​កំណត់​​របស់​តុលា​ការ​ដោយ​អតីត​រដ្ឋមន្ត្រី​​ក្រសួង​ពាណិជ្ជកម្ម​លោក Boonsong Teriyapirom ​ត្រូវ​ជាប់​ពន្ធនាគារ​ចំនួន ៤២​ឆ្នាំ​ ពី​បទ​សម​គំនិត​ជាមួយ​មន្ត្រី​ និង​អ្នក​ជំនួញ​​ផ្សេង​ទៀត​ក្នុង​ការ​ក្លែង​បន្លំ​កិច្ច​ព្រមព្រៀង​នាំ​អង្ករ​ចេញ​ជាមួយ​ក្រុម​ហ៊ុន​ចិន​មិន​មាន​​អាជ្ញាប័ណ្ណ ដើម្បី​លក់​អង្ករ​ប្រមូល​ទិញ​ពី​កសិករ​​ដែល​ជា​ផ្នែក​មួយ​នៃ​គោល​នយោបាយ​​ជួយ​ទិញ​ស្រូវ​អង្ករ​របស់​លោក​ស្រី​ យីង ឡាក់។

អនុ​ប្រធាន​របស់​លោក​អតីត​​​រដ្ឋ​មន្ត្រី​ខាង​លើ គឺ​លោក Poom Sarapol ​ត្រូវ​ជាប់​ពន្ធនាគារ​ចំនួន ៣៦​ឆ្នាំ។ លោក Manas Soiploy អតីត​ប្រធាន​នាយក​ដ្ឋាន​ពាណិជ្ជកម្ម​បរទេស​ជាប់​ពន្ធនាគារ ៤០​ឆ្នាំ និង​លោក​​ Tikhumporn Natvaratat ជា​អនុប្រធាន ជាប់​ពន្ធនាគារ ៣២​ឆ្នាំ។

លោក Akharapong Theepwatchara ជា​អតីត​​ប្រធាន​ការិយាល័យ​រដ្ឋបាល​ពាណិជ្ជកម្ម​ស្រូវ​អង្ករ​ជាប់​ពន្ធនាគារ​ចំនួន ២៤​ឆ្នាំ។ Apichart Chansakulporn ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​នាំ​អង្ករ​ចេញ Siam Indica Col LTD ​ជាប់​ទោស ៤៨​ឆ្នាំ ហើយ​ក្រុមហ៊ុន​លោក​ត្រូវ​បង់​ថ្លៃ​ខូច​ខាត​ចំនួន ១៦,៩​ពាន់​លាន​បាត​​ ដល់​ក្រសួង​ហិរញ្ញ​វត្ថុ។

ជន​ជាប់​ចោទ​ផ្សេង​ទៀត​ត្រូវ​​ជាប់​ពន្ធនាគារ​​រយៈ​ពេល​ផ្សេង​ៗ​គ្នា និង​ត្រូវ​បង់​ថ្លៃ​ខូចខាត​សមាមាត្រ​​ទៅ​នឹង​ទោស​ឧក្រិដ្ឋកម្ម​របស់​ពួក​គេ។ ​មនុស្ស​ ៨​នាក់​ក្នុង​ចំណោម ជន​ជាប់​ចោទ​ទាំង​អស់ ២៨​នាក់​ ត្រូវ​បាន​ដោះ​លែង។ ជន​ជាប់​ចោទ ២​នាក់​បាន​រត់​គេច​ខ្លួន​បាត់​ស្រមោល​ផង​ដែរ។ ចំណែក​​ ករណី​​លោក​ស្រី​ យីង ឡាក់​ វិញ​ ប្រសិន​បើ​តុលាការ​ប្រកាស​ថា​មាន​ទោស នឹង​ត្រូវ​ជាប់​ពន្ធនាគារ​ចំនួន ១០​ឆ្នាំ និង​រឹប​អូស​ទ្រព្យ​សម្បត្តិ​ផង​។

បន្ទាប់​ពី​អាន​សាលដីកា​​ចប់​សព្វ​គ្រប់ ជន​ជាប់​ចោទ​ទាំង​អស់​​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ពន្ធនាគារ​បាងកក Remand ក្នុង​សង្កាត់​​ចាក់តុចាក់ ដោយ​តុលាការ​បដិសេធ​សំណើ​សុំ​ដោះ​លែង​ទាំង​អស់៕

អតីត​រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​​លោក Boonsong Teriyapirom, រូបភាព​ផ្ដល់សិទ្ធិ​ពី Reuters

ចុចអាន៖

ប្រភព៖ Bangkokpost   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទថ្មី