ពេទ្យ​គន្ធ​បុប្ផា ល្បី​ព្យាបាល​កុមារ​ពូកែ ចុះ​ប្រាក់​ខែ​បុគ្គលិក​ពេទ្យ​ ទទួល​បាន​ប៉ុន្មាន?

  • 2018-01-11 02:29:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ទីរ​ពេទ្យ​គន្ធបុប្ផា ​គឺជា​មន្ទីរពេទ្យ​សប្បុរសធម៌​ដ៏ធំ​មួយ​​ផ្តល់​ជូន​​សេវា​ព្យាបាល​ប្រកប​ដោយ​គុណភាព​ខ្ពស់ ​ទំនុក​ចិត្ត​ និង​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋខ្មែរ គ្រប់​ស្រទាប់​វណ្ណៈ។ ទាំងអស់​នេះ​ដោយ​ហេតុ​ថា មន្ទីរ​ពេទ្យ​នេះ​មាន​បុគ្គលិក​បម្រើ​ការងារ​ប្រកប​ដោយ​វិជ្ជាជីវៈ​ត្រឹមត្រូវ​ និង​មាន​ស្តង់​ដា​បច្ចេកទេស​ នៃ​ការព្យាបាល​។

បច្ចុប្បន្ន​ដើម្បី​អាច​ដំណើរ​ការបាន​ល្អ​មន្ទីរពេទ្យ​គន្ធបុប្ផា​​មាន​បុគ្គលិក​បម្រើ​ការងារ​​ជាង ២ ៥០០ នាក់ រាប់​ទាំង​​ផ្នែក​សន្តិសុខ និង​អនាម័យ​​ ជាមួយ​នឹង​ប្រាក់​បៀវត្ស​មួយ​សមរម្យ។ ចង់​ដឹង​ថា តើ​បុគ្គលិក​បម្រើ​ការងារ​​នៅ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា ទទួល​បាន​ប្រាក់​បៀវត្ស​ប៉ុន្មាន?

បុគ្គលិក​មន្ទីរពេទ្យ​គន្ធបុប្ផា​​ម្នាក់​ សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ Sabay ​ថា សន្តិសុខ និង​អនាម័យ​ទទួល​បាន ៣៥០ ដុល្លារ​អាមេរិក គិលានុបដ្ឋាយិកា ឬ​គ្រូពេទ្យ​មធ្យម​ចន្លោះ​ពី​ ៥០០ដុល្លារ ទៅ​៦៥០ដុល្លារ និង​វេជ្ជបណ្ឌិត​ជំនាញ​ឯកទេស ១ ៥០០ដុល្លារ ក្នុង​១ខែ ហើយ​ការ​ផ្ដល់​ជូន​នេះ​មិនរាប់​បញ្ចូល​អ្នក​ធ្វើ​​ការងារ​ច្រើន​ឆ្នាំ ឬ​តិច​ឆ្នាំ​នោះទេ ពោល​គឺដូច​ៗ​គ្នា​។

«បុគ្គលិក​ទាំងអស់​សុទ្ធ​តែ​បាន​លះបង់​ខ្ពស់ ដើម្បី​ជួយ​សង្រ្គោះ​ដល់​អាយុ​ជីវិត​កុមារ​កម្ពុជា​ដោយ​ប្រាក់ខែ​ទទួល​បាន​នេះ​មិន​អាច​យក​ទៅ​ធ្វើ​ជា​អ្ន​ក​មាន​បាន​នោះទេ ពោលគឺ​អាច​រស់​នៅ​បាន​តែ​ប៉ុណ្ណោះ។ ​បុគ្គលិក​បម្រើ​ការងារ​នៅ​ទីនេះ​មាន​ស្ថានភាព​ធ្វើ​ការងារ​ជាប់​លាប់​ត្រឹម​ត្រូវ​ ហើយ​បុគ្គលិក​ទាំងអស់​មិន​​មាន​លទ្ធភាព​ទៅ​រក​ការងារ​ខាង​​ក្រៅ ការ​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​ និង​ការ​ទទួល​ថវិកា​ពី​អ្នក​ជំងឺ​នោះទេ មានន័យថា បុគ្គលិក​បម្រើ​ការងារ​នៅទីនោះ គឺ​បម្រើ​ការងារ​តែមួយ​កន្លែង​ប៉ុណ្ណោះ​មិន​អាច​លួច​ម៉ោង​ទៅ​ធ្វើ​ការងារ​ខាង​ក្រៅ​បានទេ។ ដូច្នេះ​ហើយ​បាន​ជា​មូលនិធិ​គន្ធបុប្ផា​​ផ្ដល់​ឱ្យ​ដល់​បុគ្គលិក​សមរម្យ​ ដែល​អាច​រស់​បាន»។ ​​

ប្រភព​ដដែល​ឱ្យ​ដឹង​ថា រាល់​ការ​ជ្រើសរើស​បុគ្គលិក​អាស្រ័យ​ដោយ​មាន​តម្រូវការ​ជាក់ស្តែង​ដូចជា​ករណី បុគ្គលិក​សុំ​ឈប់ បុគ្គលិក​ស្លាប់​ សុំ​ចូលនិវត្តន៍ និង​បញ្ហា​​ផ្សេងៗ​មួយ​ចំនួន​។​ ដូច្នេះ​រហូត​មកដល់​ពេល​នេះ​មន្ទីរពេទ្យ​មិន​មាន​តម្រូវ​ការ​ជ្រើសរើស​បុគ្គលិក​ច្រើន​​បន្ថែម​ឡើយ។ មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​មាន ៤ ទីតាំង​នៅ​រាជធានី​ភ្នំពេញ ១ សាខា​នៅ​សៀមរាប។

មន្ទីរពេទ្យ​ គន្ធបុប្ផា ដែល​មាន​វត្តមាន​នៅ​អំឡុង​ទសវត្ស​ឆ្នាំ ១៩៧០ ហើយ​ត្រូវ​បាន​បិទទ្វារ​ទៅ​វិញនៅ ពេល​ខ្មែរ​ក្រហម​ឡើង​កាន់​អំណាច និង​ បាន​ចាប់​ដំណើរ​ការ​ឡើង​វិញ​នៅឆ្នាំ​ នាំ ១៩៩២ ក្រោម​ព្រះរាជ្យតម្រិះរបស់ព្រះបរមរតនកោដ្ឋ ព្រះបាទសម្ដេច ព្រះនរោត្ដម សីហនុ អតីតព្រះមហាក្សត្រខ្មែរ និង​លោក​វេជ្ជបណ្ឌិត Beat Richner ជនជាតិ​ស្វីស​ជា​ស្ថាបនិក៕

អត្ថបទ៖ សុផល