ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ​​រួមទាំង Apple ចេញការ​ព្រមាន ណែនាំ​វិធី​ការពារ​ពី​ឧក្រិដ្ឋជន

  • 2018-01-12 04:44:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំហុស​ឆ្គង​លើ Chip ឬ​ហៅថា Chip Flaws អាច​អនុញ្ញាត​ឲ្យ​ឧក្រិដ្ឋជន​លើ​អ៊ីនធឺណិត​លួច​យក​ទិន្នន័យ​ផ្ទាល់​ខ្លួន​ពី​កុំព្យូទ័រ និង​ស្មាតហ្វូន​រាប់​លាន​គ្រឿង ត្រូវ​បាន​រក​ឃើញ​ដោយ​ក្រុម​ស្រាវជ្រាវ​សន្តិសុខ​។ 

ក្រុម​ស្រាវជ្រាវ​សន្តិសុខ Google កាល​ពី​ឆ្នាំ​មុន​បាន​រក​ឃើញ​កុំព្យូទ័រ​ងាយ​រងគ្រោះ​ដោយ​ប្រើ Chip បង្កើត​ដោយ Intel, AMD និង ARM ក៏​ដូចជា Device និង​ប្រព័ន្ធ​ប្រតិបត្តិការ​ដំណើរការ​លើ Chip ទាំងនោះ​។ អាស្រ័យ​លើ ក្រុម​ស្រាវជ្រាវ ស្ទើរ​តែ​គ្រប់​កុំព្យូទ័រ​ចេញ​រយៈពេល ២០ឆ្នាំ​មក​នេះ អាច​នឹង​ងាយ​រងគ្រោះ​។ យ៉ាងណាមិញ​ អ្នក​អាច​បង្ការ​ហានិភ័យ​នេះ ដោយ​អនុវត្ត​តាម​វិធី​ខាងក្រោម​។ 

អ្នក​ប្រើប្រាស់ Android និង Chromebook

  • អ្នក​គួរ​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​ប្រើ​ជំនាន់​ចុងក្រោយ​បង្អស់ និង​ប្រើ​ផលិតផល​មាន​ការ​ការពារ​ផ្នែក​សន្តិសុខ​ប្រព័ន្ធ​
  • អ្នក​ប្រើប្រាស់ Android និង Tablet មួយ​ចំនួន នៅ​បន្ត​ប្រើ​ជំនាន់​ប្រព័ន្ធ​ប្រតិបត្តិការ​ចាស់ ហើយ​មួយ​ចំនួន​មិន​អាច​ធ្វើ​កំណែទម្រង់​សន្តិសុខ​ប្រព័ន្ធ​ចុងក្រោយ​បាន​នោះ​ទេ ដូច្នេះ​អាច​ពិបាក​ក្នុង​ការ​ការពារ​។ 
  • អ្នក​គួរ​ប្រើ​កម្មវិធី​កំចាត់​មេរោគ មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ និង​ធ្វើ​កំណែទម្រង់​ប្រើ​ជំនាន់​ចុងក្រោយ​បំផុត​។ 
  • អ្នកប្រើប្រាស់ Google Chrome អាច​ការពារ​បាន​ដោយ​បើក​ដំណើរការ​មុខងារ​ថ្មី​ហៅថា Strict Site Isolation បាន​។

ក្រុមហ៊ុន Google និយាយ​ថា៖ "បច្ចុប្បន្ន ការ​វាយប្រហារ​ដែល​បាន​ស្គាល់​មិន​ទាន់​ប៉ះពាល់​ដល់ Google Home, Chromecast, Google Wifi ឬ OnHub ឡើយ​"។

អ្នក​ប្រើប្រាស់ Apple TV, iPhone និង Mac

ក្រុមហ៊ុន Apple បាន​បង្ហាញ​ថា​រាល់​បណ្តាល​ផលិតផល​ខ្លួន​មាន iPhone, iPad, Mac និង Apple TV រង​ការ​ប៉ះពាល់ ប៉ុន្តែ​មិន​ទាន់​មាន​ការ​បង្ហាញ​ពី​អតិថិជន​ពេល​នេះ​ទេ​។ 

ក្រុមហ៊ុន​បាន​ចេញ​កំណែទម្រង់​ប្រព័ន្ធ​ថ្មី​លើ iOS 11.2, macOS 10.13.2, និង tvOS 11.2 ហើយ​នឹង​បន្ត​បង្កើត​ថ្មីៗ​ទៀត​សម្រាប់​អតិថិជន​។ បច្ចុប្បន្ន អ្វី​អ្នក​អាច​ធ្វើ​គឺ​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​ចុងក្រោយ​បំផុត​សម្រាប់ Apple device។

  • លើ iPhone ឬ iPad អ្នក​ចូល​ទៅ​កាន់ Settings > General > Software Update។
  • លើ macOS បើក​កម្មវិធី App Store ចុច​លើ Updates ក្នុង App Store toolbar និង​ប្រើ​ប៊ូតុង Update ដើម្បី​ទាញ​យក និង​ដំឡើង​។
  • លើ Apple TV ចូល​ទៅ​កាន់ Settings > System > Software Updates និង​បើក​ដំណើរការ​ជម្រើស Automatically Update។ 

អ្នកប្រើប្រាស់ Windows

ក្រុមហ៊ុន Microsoft បាន​ចេញ​កំណែទម្រង់​សន្តិសុខ​ជា​បន្ទាន់​មួយ​សម្រាប់ Window 10 ដែល​នឹង​ដំណើរការ​ដោយ​ស្វ័យប្រវត្តិ​ទៅ​កាន់​កុំព្យូទ័រ​ជាច្រើន នេះ​បើ​តាម Verge។ 

ក្រុមហ៊ុន Microsoft និយាយ​ថា៖ "យើង​ដឹង​ពី​បញ្ហា​ជាច្រើន​ក្នុង​ឧស្សាហកម្ម​នេះ ហើយ​បាន​បន្ត​ធ្វើការ​យ៉ាង​ស្និទ្ធ​ជាមួយ​ក្រុមហ៊ុន​ផលិត Chip ដើម្បី​បង្កើត និង​ធ្វើ​ការ​សាកល្បង ដើម្បី​ការពារ​អតិថិជន​យើង​។ យើង​បាន​ចេញ​កំណែទម្រង់​សន្តិសុខ​ប្រព័ន្ធ​ដើម្បី​ការពារ​អតិថិជន​ប្រើ Window លើ Chip របស់ Intel, ARM និង AMD។ យ៉ាង​ណា​មិញ យើង​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ណា​មួយ​បង្ហាញ​ពី​ការ​រងគ្រោះ​របស់​អតិថិជន​នៅ​ឡើយ​ទេ​។"។

ការ​ជួសជុល​សម្រាប់​ម៉ាស៊ីន Windows 7 និង 8 ក៏​មាន​ដែរ​។ យ៉ាងណាមិញ អ្នក​អាច​ធ្វើ​កំណែទម្រង់​ខ្លួន​ឯង​ដោយ​ចូល​ទៅ​កាន់ Settings > ស្វែងរក​ពាក្យ Windows Update និង​ចុច​លើ Check for Updates៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Independent   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី