ម៉ឺន​ សុភា​ ចង់​ជួប​​ជើង​ខ្លាំង​បរទេស​លំដាប់​ៗ​​ឲ្យ​បាន​ច្រើន​នាក់​ទៀត​

  • 2018-01-12 08:18:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​កណ្ដាប់ដៃ​ថ្ម​ ម៉ឺន​ សុភា​ ថា​ ចង់​ជួប​ជា​មួយ​កីឡាករ​ល្អៗ​ និង​លំដាប់​របស់​បរទេស​ច្រើន​នាក់​ទៀត ​ដើម្បី​សន្សំ​បទ​ពិសោធ​ និង​សាង​ប្រជាប្រិយភាព​ក្នុង​អាជីព​នេះ។​

កីឡាករ​ ម៉ឺន​ សុភា

ម៉ឺន​ សុភា​ បាន​ឲ្យ​ដឹង​ថា​ ក្នុង​នាម​ជា​អ្នក​ប្រដាល់​មួយ​រូប​តែងតែ​ប្រាថ្នា​ចង់​ជួប​កីឡាករ​ជើង​ខ្លាំង​បរទេស​នានា​ ជា​ពិសេស​កីឡាករ​ល្អៗ​នៅ​ប្រទេស​ថៃ​តែ​ម្ដង។​ ការ​ជួប​ប្រកួត​ជា​មួយ​អ្នក​ខ្លាំងៗ​មាន​ប្រយោជន៍​ច្រើន​ណាស់​សម្រាប់​រូបគេ។​

អ្នក​ប្រដាល់​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ខ្លាំង​រូប​នេះ​បន្ថែម​ថា​ ការ​ជួប​ប្រកួត​ជា​មួយ​ដៃ​គូ​ខ្លាំង​បាន​ច្រើន​ និង​បាន​ដក​ស្រង់​បទ​ពិសោធ​ថ្មីៗ​ បច្ចេកទេស​ល្អ​ៗ​និង​ធ្វើ​ឲ្យ​ខ្លួន​រឹតតែ​ល្អ​ ណា​មួយ​ពេល​វ៉ៃ​ឈ្នះ​អ្នក​ខ្លាំង​ប្រជាប្រិយភាព​របស់​ខ្លួន​ក៏​កើន​ឡើង​តាម​និង​ដែរ។​

កីឡាករ​ ម៉ឺន​ សុភា

ម៉ឺន​ សុភា​ ជា​កីឡាករ​មក​ពី​ក្លឹប​ប្រដាល់​សមាគម​កីឡា​ក្រសួង​ការពារ​ជាតិ​ បច្ចុប្បន្ន​ជា​ជើង​ខ្លាំង​ជួរ​មុខ​របស់​កម្ពុជា​ រាល់​ការ​ប្រកួត​របស់​គេ​ភាគ​ច្រើន​ជួប​តែ​បរទេស​ប៉ុណ្ណោះ។​ ប្រកួត​ចុង​ក្រោយ​ផ្ដួល​កូន​សិស្ស​របស់​ស្ដេច​ប្រដាល់​ថៃ​ ប៊ូខាវ​ ឲ្យ​សន្លប់​ក្នុង​ទឹក​ទី១​នៅ​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ​កាល​ពី​សប្ដាហ៍​មុន​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​