ពិការជើងម្ខាងហើយគ-ថ្លង់ទៀត តែធ្វើការ១២ឆ្នាំ មិនដែលឈប់១ថ្ងៃ ព្រោះហេតុផលដ៏អស្ចារ្យមួយ

  • 2018-01-12 04:44:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មករ​បោសសម្អាត​ផ្លូវ​ម្នាក់ បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​រំជួល​ចិត្ត និង​កោត​សរសើរ​យ៉ាង​ខ្លាំង ដោយសារតែ​ការ​ខិតខំ​ធ្វើ​ការងារ​យ៉ាង​ល្អិតល្អន់ ជាង​មនុស្ស​ធម្មតា​ទៅ​ទៀត។

លោក Shang Wuyi អាយុ​៤៦ឆ្នាំ តែងតែ​មក​ធ្វើការ​នៅ​វេលា​ម៉ោង ៤ព្រឹក​ជា​រៀងរាល់​ថ្ងៃ អស់​រយៈពេល ១២ឆ្នាំ បើ​ទោះ​បី​ជា​មេឃ​ធ្លាក់​ភ្លៀង ឬ​ធ្លាក់ព្រិល​ក៏​ដោយ។ មិត្ត​រួម​ការងារ​ម្នាក់​បាន​អះអាង​ថា លោក Shang មិន​ដែល​ឈប់​សម្រាក​សូម្បីតែ ១ថ្ងៃ ក្រោយ​ពី​ទទួល​ភារកិច្ច​បោស​សម្អាត​ផ្លូវ​ចំនួន ៤ខ្សែ នៅ​ក្នុង​ទីក្រុង Xi'an។

លោក Shang បាន​ប្រាប់​ឲ្យ​ដឹង​ថា លោក​ស្រលាញ់​ការងារ​ណាស់ ព្រោះ​លោក​បាន​កើត​នៅ​ថ្ងៃ​ទី១ ខែ​ឧសភា ដែល​ត្រូវ​នឹង​ទិវា​ពលកម្ម​អន្តរជាតិ។ កម្មករ​អនាម័យ​រូប​នេះ​ដើរ​បោស​សម្អាត​ផ្លូវ ដោយ​មាន​ជំនួយ​ពី​ឈើច្រត់ ហើយ​ខិតខំ​ធ្វើ​ការងារ​ជាង​មិត្ត​រួម​ការងារ​របស់​លោក​ទៅ​ទៀត។ ប្រពន្ធ​របស់​លោក Shang គឺ​អ្នក​ស្រី Wang Yaqin ក៏​ជា​អ្នក​បោសសម្អាត​ផ្លូវ​ដែរ ហើយ​ពួកគេ​ធ្វើ​ការ​ជាមួយ​គ្នា។

ប្ដី​ប្រពន្ធ​ដែល​បាន​រៀបការ​ជាមួយ​គ្នា ២១ឆ្នាំ​មក​ហើយ​នោះ ត្រូវ​បាន​តម្រូវ​ឲ្យ​បោស​សម្អាត​ផ្លូវ ៤ខ្សែ ដែល​មាន​ចម្ងាយ​សរុប​ប្រហែល ១ ០០០ម៉ែត្រ។

បើ​យោង​តាម​អ្នកស្រី Wang Yaqin បាន​ឲ្យ​ដឹង​ថា លោក Shang និង​ប្អូនស្រី​របស់​លោក​សុទ្ធ​តែ​កើត​មក​ថ្លង់ ដោយសារតែ​ម្ដាយ​របស់​ពួកគេ​ជា​មនុស្ស​ថ្លង់​ដែរ។ លោក Shang បាន​បាត់បង់​ជើង​ខាង​ឆ្វេង​ម្ខាង នៅ​អាយុ​៧ឆ្នាំ ដោយ​សារ​ត្រូវ​រថភ្លើង​កិន ព្រោះ​លោក​មិន​អាច​ស្ដាប់​ឮ​សំឡេង​រថភ្លើង​បើក​មក។

លោក Yao ដែល​ជា​មិត្ត​រួម​ការងារ បាន​ប្រាប់​ឲ្យ​ដឹង​ថា ការងារ​គឺ​ចាប់ផ្ដើម​នៅ​វេលា​ម៉ោង ៤ និង ៣០នាទី ប៉ុន្តែ លោក Shang និង​អ្នកស្រី Wang តែង​តែ​មក​ដល់​មុន​កន្លះ​ម៉ោង​ជា​រៀងរាល់ថ្ងៃ។ នៅ​ពេល​អ្នក​ដទៃ​ទៀត​មក​ដល់​កន្លែង​ធ្វើ​ការ ប្ដី​ប្រពន្ធ​មួយ​គូ​នេះ​បាន​ចាប់ផ្ដើម​ធ្វើ​ការ​បាត់​ទៅ​ហើយ៕

ចុច​អាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី