ម្ចាស់ហាងធ្វើដំណើរ៨០០គីឡូដី មកវាយអតិថិជនព្រោះរឿងហួសចិត្តមួយ (មានវីដេអូ)

  • 2018-01-11 04:01:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​ហាង​ទំនិញ​អនឡាញ​ម្នាក់​នៅ​ភាគ​ខាងកើត​ប្រទេស​ចិន បាន​ធ្វើ​ដំណើរ​ជាង ៨០០គីឡូម៉ែត្រ ដើម្បី​មក​វាយ​អតិថិជន​ស្រី​ម្នាក់ ដែល​បាន​ត្អូញត្អែរ​អំពី​ការ​ដឹកជញ្ជូន​យឺត​ពេល​វេលា។

នាង Xiao Die ដែល​ជា​អតិថិជន ត្រូវ​បាន​ម្ចាស់​ហាង​លក់​ទំនិញ​លើ​អនឡាញ​វាយ​ធ្វើ​បាប បន្ទាប់​ពី​នាង​បាន​ត្អូញត្អែរ​ទៅ​កាន់​ហាង​ថា ទំនិញ​របស់​នាង​មិន​បាន​មក​ដល់​ទាន់​ពេល។ នាង​ត្រូវ​គេ​វាយ​ចំ​ផ្ទៃមុខ , រាងកាយ និង រុញ​ដួល​ទៅ​លើ​ដី ដោយ​បុរស​ម្នាក់​ដែល​អះអាង​ថា ខ្លួន​បាន​ធ្វើ​ដំណើរ​ទាំង​ថ្ងៃ​ទាំង​យប់ ដើម្បី​មក​បង្រៀន​មេរៀន​ខ្លះ​ដល់​នាង បណ្ដាល​ឲ្យ​នាង​រង​របួស​ធ្ងន់ ហើយ​ថែមទាំង​បាក់​ឆ្អឹង​កែង​ដៃ​ខាង​ឆ្វេង​ទៀត​ផង។

បើ​យោង​តាម​ប្រភព​ព័ត៌មាន បាន​ឲ្យ​ដឹង​ថា នាង Xiao Die បាន​ទិញ​សំលៀកបំពាក់​ពី​ហាង​មួយ​នៅ​លើ​គេហទំព័រ​អនឡាញ Taobao តម្លៃ៤៥ដុល្លារ ប៉ុន្តែ​នាង​រង់ចាំ​រយៈពេល​៣ថ្ងៃ​ហើយ​នៅ​តែ​មិន​ឃើញ​ទំនិញ​មក​ដល់។

ហេតុការណ៍​ម្ចាស់​ហាង​វាយ​ប្រហារ​អតិថិជន​ខាង​លើ​បាន​កើត​ឡើង នៅ​ចំណុច​ណាត់​ជួប​គ្នា​ដើម្បី​ទទួល​ទំនិញ​មួយ នៅ​ក្នុង​ទីក្រុង Zhengzhou ខេត្ត Henan ប្រទេស​ចិន កាល​ពី​ថ្ងៃទី២៧ ខែ​ធ្នូ កន្លង​ទៅ​នេះ។ ទោះ​ជា​យ៉ាង​ណា សកម្មភាព​ដ៏​អាក្រក់​នោះ​ត្រូវ​ថត​បាន​ដោយ​កាមេរ៉ា​សុវត្ថិភាព​នៅ​ក្បែរ​នោះ។

យ៉ាងណាមិញ អ្នក​លក់​ដែល​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ថា Zhang ត្រូវ​បាន​ប៉ូលិស​ឃាត់​ខ្លួន នៅ​ថ្ងៃ​ទី៦ ខែ​មករា។ អ្នក​នាំ​ពាក្យ​មក​ពី​គេហទំព័រ Taobao បាន​ប្រាប់​ឲ្យ​ដឹង​ថា វា​គឺ​ជា​ការ​លក់​លាង​ឃ្លាំង​នៅ​ពេល​ដែល​នាង Xiao Die ទិញ​ទំនិញ​ពី​ហាង​របស់​លោក Zhang។ ការ​វាយ​តម្លៃ​របស់​លោក Zhang ត្រូវ​បាន​កាត់​បន្ថយ ១២ពិន្ទុ បន្ទាប់​ពី​ការ​ត្អូញត្អែរ​របស់​នាង Xiao Die។

លោក Zhang បាន​ទទួល​ការ​ឃុំឃាំង​របស់​ពេល ១០ថ្ងៃ ហើយ​គណនី​ហាង​របស់​លោក ក៏​ត្រូវ​បាន​លុប​ចោល​ដោយ​គេហទំព័រ Taobao ផង​ដែរ បន្ទាប់​ពី​ហេតុការណ៍​ខាង​លើ៕

សូម​ទស្សនា​វីដេអូ​ខាងក្រោម៖

ចុច​អាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី