រដូវ​បុណ្យទាន​ ប្រហុក​​អាំង​​ស្រុក​​ស្រែ​​​ឡើង​​ចាង​​ហើយ​​តើ!

  • 2014-09-20 16:16:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រហុក​ខ្ចប់​ដោយ​ស្លឹក​ចេក​ស្រស់ៗ​​កំពុង​ប្រែ​ពណ៌​ទៅ​ជា​ក្រហម​ក្រមៅ​ដោយ​សារ​តែ​អំណាច​រងើក​ភ្លើង​ពណ៌​ក្រហម​​ បាន​​បង្ហើរ​ក្លិន​​ឈ្ងុយ​របស់ ​ខ្លួន​ទាក់​ចិត្ត​ប្រជាជន​ខ្មែរ​ដែល​មាន​វប្បធម៌​និយម​​បរិភោគ​​ម្ហូប​​នេះ។ បើ​អ្នក​​ទ្រាន់​​នឹង​អាហារ​នៅ​រដូវ​បុណ្យ​ភ្ជុំ ដែល​មាន​ជាតិ​ខ្លាញ់​ច្រើន​​ តោះ​ទៅ​សាក​ភ្លក្ស​​ប្រហុក​អាំង​កាត់​ខ្លាញ់​ម្តង​​មើល៍!

 

 

-អាន​អត្ថបទ៖ អាហារ​៨​ប្រភេទ​ជួយ​សម្រួល​ការរំលាយអាហារ

 

គ្រាន់​តែ​ ហែក​កញ្ចប់​ស្លឹក​ចេក​ចេញ​ភ្លាម​ ក្លិន​ឈ្ងុយ​គ្រឿង​ប្រហុក​ និង​ស្លឹក​ក្រូច​​សើច​ហើរ​មក​ប៉ះ​ច្រមុះ​អ្នក​​មុន​គេ។​ ចំណែក​ឯ​សាច់​ប្រហុក​វិញ​ពណ៌​លឿង​ស្រស់​ ហើយ​ត្រប់​ពុត​លំញង​​សម្ងំ​លាក់​ខ្លួន​ពួន​យក​ជាតិ​អប់​​ក្លិន​ក្នុង​ប្រហុក ​អាំង​នោះ​តែ​ម្ដង។ ដាក់​ទឹម​នឹង​​អន្លក់​បៃតង​ស្រស់​ខ្ចី ប្រហុក​អាំង​បែប​ស្រែ​​កំពុង​អន្ទង​ចិត្ត​អ្នក​ញុំា​ ឃើញ​ហើយ​លេប​ទឹក​មាត់​មិន​ញុំា​មិន​បាន​​ទេ។

 

គ្រាន់តែ​ហៀប​​ដាក់​ចូល​ទៅ​ក្នុង​មាត់​​​ ក្លិន​ឈ្ងុយ​ងប់​​ពេញ​ច្រមុះ​តែ​ម្ដង​​។ សាច់​ប្រហុក​ និង​សាច់​ជ្រូក​ជញ្ជ្រំ​ចូល​ជាតិ​គ្នា​បាន​ល្អ គ្មាន​ឆ្អឹង មិន​ស្កាត​ ហើយ​រស​ជាតិ​មិន​ប្រៃ​ពេក​ និង​មិន​ជូរ​ពេក។ ទំពា​ក្រឹបៗ​ប៉ះ​នឹង​គ្រាប់​ក្រសាំង​មួយៗ ហើយ​ប៉ះ​នឹង​អន្លក់​ត្រួយ​ខ្ចី​ស្រួយ​ស្រឹប​ទៀត​ រឹត​បង្កើន​រស​ជាតិ​ ​និង​មាន​អារម្មណ៍​ថា​កំពុង​ញុំា​អាហារ​បែប​ស្រុក​ស្រែ​ថ្មីៗ​ និង​ស្រស់​អីចឹង!

 

-អាន​អត្ថបទ៖ អាហារ​៦​ប្រភេទ​ស្ត្រី​គួរ​តែ​ទទួលទាន​អំឡុង​ពេល​មាន​ផ្ទៃពោះ

 

អ្នក​ស្រី​ កុក​ លក្ខណា ម្ចាស់​តូប​​ម្ហូប​ស្រែ​ក្បែរ​វត្ត​ បាន​ប្រាប់​ឲ្យ​ដឹង​ថា ប្រហុក​អាំង​នេះ​គឺ​ប្រើ​ប្រាប់​ប្រហុក​សាច់​ត្រី​កំភ្លាញ​មក​ពី​សៀម​រាប ហើយ​គ្មាន​ឆ្អឹង​ ​ដែល​ធ្វើ​ឲ្យ​អ្នក​ទទួល​ទាន​បាន​យ៉ាង​ជិត​ស្និទ្ធ​មិន​បារម្ភ​រឿង​ស្លាក់​ ឆ្អឹង​​ឡើយ។ គាត់​បាន​បន្ត​ទៀត​ថា បើ​សិន​ចង់​ឲ្យ​ប្រហុក​កាន់​តែ​មាន​រសជាតិ​ងំ​ឈ្ងុយ​ទៅ​ទៀត​នោះ​ ត្រូវ​ខ្ចប់​អាំង​នឹង​ស្លឹក​រមៀត​។ ដោយ​ឡែក​ ប្រហុក​អាំង​​មួយ​កញ្ចប់​នេះ​មាន​តម្លៃ​៤០០០​រៀល។

 

 

​ ប្រហុក​​អាំង​នេះ​​មាន​លក់​នៅ​ផ្ទះ​លេខ ៣៤៦ ផ្លូវ​១៦៣ សង្កាត់​​អូឡាំពិក​ ភ្នំពេញ (ទល់​មុខ​វត្ត​​មហា​មន្ត្រី)៕

 

អត្ថបទ៖ ផល្លា សុម៉ាលីណា