ប្រវត្តិ​​គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែល​អ្នក​មិន​ធ្លាប់​ដឹង​ពី ផ្កាយរណប​

  • 2018-01-14 03:26:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាក្យ​ថា Satellite (ផ្កាយរណប) សំដៅ​លើ​ម៉ាស៊ីន​ដំណើរ​ការ​បង្ហោះ​ចូល​លំហ និង​បម្លាស់ទី​ជុំវិញ​ផែនដី​។ 

Satellite ជា​ព្រះចន្ទ ភព ឬ​ម៉ាស៊ីន​ដែល​ចូល​គន្លង​ភព ឬ​ផ្កាយ ឧទាហរណ៍ ផែនដី​ជា Satellite ព្រោះ​វា​ចូល​គន្លង​ព្រះអាទិត្យ ហើយ​ព្រះចន្ទ​ជា Satellite ដោយសារ​វា​ចូល​គន្លង​ផែនដី​។ 

Satellite ​ប្រើ​ក្នុង​គោលបំណង​សំខាន់​សម្រាប់​ទំនាក់ទំនង​ដូចជា​រលក​សញ្ញា​ទូរទស្សន៍ រលក​សញ្ញា​សេវា​ទូរសព្ទ និង​បង្កើត​ជា​ប្រព័ន្ធ Global Positioning System ឬ GPS។ ប្រសិនបើ​អ្នក​មាន GPS receiver ដូចជា​ទូរសព្ទ​ Satellites អាច​ជួយ​ស្វែងរក​ទីតាំង​អ្នក​បាន​ត្រឹមត្រូវ​។ 

តើSatellite បង្ហោះ​ចូល​លំហ​ដំបូង​ឈ្មោះ​អ្វី?

Sputnik 1 ជា Satellite ដំបូង​បង្ហោះ​ចូល​លំហ​ ដែល​សហភាព​សូវៀត (Soviet Union) ដំណើរការ​វា​ក្នុង​ឆ្នាំ ១៩៥៧។

ខ្លីៗ​ពី​ប្រវត្តិ​របស់ NASA Satellites

NASA បាន​បង្ហោះ Satellites ចូល​លំហ​រាប់​សិប​គ្រឿង ចាប់ផ្តើម​ពី Explorer 1 satellites ក្នុង​ឆ្នាំ ១៩៥៩។ Explorer 1 ជា Satellite ដំបូង​របស់​អាមេរិក ហើយ​ឧបករណ៍​សំខាន់​នៅ​លើ​ជា Sensor មួយ​ហៅថា Cosmic ray។ 

Satellite រូបភាព​ផែនដី​ដំបូង​បាន​ពី Explorer 6 របស់ NASA ក្នុង​ឆ្នាំ ១៩៥៩ ហើយ TIROS-1 តាម​ពី​ក្រោយ​ក្នុង​ឆ្នាំ ១៩៦០ ជាមួយ​រូបភាព​ទូរទស្សន៍​នៃ​ផែនដី​ដំបូង​ពី​លំហ​។ រូបភាព​ទាំងនេះ​មិន​បង្ហាញ​លម្អិត​នោះ​ទេ​ តែ​បាន​បង្ហាញ​ពី​សក្ដានុពល​នៃ Satellites អាច​ផ្លាស់ប្ដូរ​របៀប​មនុស្ស​មើល​ផែនដី និង​លំហ​បាន​។ 

តើ Satellites រត់​លើ​គន្លង​ផែនដី​ដោយ​របៀប​ណា​?

Satellites ភាគច្រើន​ដំណើរការ​ចូល​ក្នុង​លំហ​តាម​រ៉ុកកែត​។ Satellite រត់​លើ​គន្លង​ផែនដី​ពេល​ល្បឿន​របស់​វា​មាន​តុល្យភាព​ដោយ​ទាញ​ចូល​ចំនុច​កណ្តាល​របស់​ផែនដី​។ ដោយ​គ្មាន​តុល្យភាព Satellite នឹង​ហោះ​ទៅ​បន្ទាត់​ត្រង់​ចូល​លំហ ឬ​ធ្លាក់​មក​ផែនដី​វិញ​។ Satellites រត់​លើ​គន្លង​ផែនដី​នៅ​កម្ពស់​ ល្បឿន និង​ផ្លូវ​ខុស​គ្នា​។ ប្រភេទ​គន្លង​ពីរ​ភាគច្រើន​ជា Geostationary និង Polar។ 

Geostationary satellite ធ្វើ​ដំណើរ​ពី​ទិស​ខាងលិច ទៅ​កើត​នៅ​លើ​អេក្វាទ័រ​។ វា​បម្លាស់ទី​ក្នុង​ទិសដៅ​ដូចគ្នា និង​ស្ថិតនៅ​កម្រិត​ផែនដី​កំពុង​វិល​ដូចគ្នា​។ ពី​ផែនដី Geostationary satellite មើល​ទៅ​ដូច​សំកាំង ដោយសារ​វា​ស្ថិត​នៅ​ទីតាំង​ដូចគ្នា​។ 

Polar-orbiting Satellites ធ្វើ​ដំណើរ​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ពី​ប៉ូល​មួយ​ទៅ​ប៉ូល​មួយ​។ ពេល​ផែនដី​បង្វិល​ចុះ​ក្រោម Satellites ទាំងនេះ​អាច​ស្កេន​ពិភពលោក​ទាំងមូល​។ 

ហេតុអ្វី​បាន​ជា Satellites មិន​បុក​គ្នា​?

ពិត​ណាស់ Satellites អាច​បុក​គ្នា NASA, សហរដ្ឋអាមេរិក និង​អង្គការ​អន្តរជាតិ​បន្ត​ការ​តាមដាន Satellites ក្នុង​លំហ​ជានិច្ច​។ ការ​ប៉ះទង្គិច​គ្នា​កម្រ​កើតឡើង ដោយសារ​ពេល Satellite ដំណើរការ វា​ស្ថិត​ក្នុង​គន្លង​ដែល​ជៀសវាង​ពី Satellites ផ្សេងទៀត

​គន្លង​អាច​ផ្លាស់ប្ដូរ​រាល់​ពេល ហើយ​ឧកាស​បុក​គ្នា​កើនឡើង​ច្រើន​ពេល Satellites ច្រើន​ដំណើរការ​ក្នុង​លំហ​។ ក្នុង​នោះ​ដែរ​ក៏​មាន​ករណី​មួយ​បាន​កើត​ឡើង​នៅ​ខែ​កុម្ភៈ ឆ្នាំ ២០០៩ Satellites ពីរ​បាន​បុកគ្នា មួយ​របស់​អាមេរិក និង​មួយ​ទៀត​របស់​រុស្សី​។ 

តើ​ផ្នែក​នៃ Satellite មាន​អ្វី​ខ្លះ​?

Satellites មាន​រាង និង​ទំហំ​ជា​ច្រើន តែ​ភាគច្រើន​មាន​ផ្នែក​ពីរ អង់តែន និង​ប្រភព​ថាមពល​។ អង់តែន​បញ្ជូន និង​ទទួល​ព័ត៌មាន ទៅកាន់ និង​ពី​ផែនដី​។ ប្រភព​ថាមពល​អាច​ជា​ផ្ទាំង​សូឡា ឬ​ថ្ម​។ ផ្ទាំង​សូឡា​បង្កើត​ថាមពល​ដោយ​ក្លាយ​ពន្លឺ​ព្រះអាទិត្យ​ទៅ​ជា​អគ្គិសនី​។ 

Satellites របស់ NASA ជាច្រើន​មាន​កាមេរ៉ា និង Sensor លក្ខណៈ​វិទ្យាសាស្ត្រ​ជាច្រើន​។ ពេល​ខ្លះ​ឧបករណ៍​ទាំងនេះ​តម្រង់​ទៅ​កាន់​ផែនដី​ដើម្បី​ប្រមូល​ព័ត៌មាន​ពី​ដី ខ្យល់ និង​ទឹក ហើយ​ពេល​ខ្លះ​តម្រង់​ទៅ​កាន់​លំហ​ដើម្បី​ប្រមូល​ទិន្នន័យ​ពី​ប្រព័ន្ធ​សូឡា និង​សកល​ (Universe)​។ 

ហេតុអ្វី​បាន​ជា Satellites មាន​សារៈ​សំខាន់​?

Satellites អាច​ផ្តល់​លទ្ធភាព​ដល់​យើង ឃើញ​តំបន់​នៃ​ភព​ផែនដី​បាន​ធំ នេះ​ដោយសារ Satellites អាច​ប្រមូល​ទិន្នន័យ​បាន​ច្រើន​ជាង រហ័ស​ជាង​ឧបករណ៍​លើ​ផ្ទៃ​ដី​។ 

Satellites ក៏​អាច​ឃើញ​ក្នុង​លំហ​បាន​ល្អ​ប្រសើរ​ជាង​តេលេស្កុប​នៅ​ផ្ទៃ​ផែនដី ដោយសារ Satellites ហោះហើរ​លើ​ពពក ធូលី និង​ម៉ូលេគុល​ក្នុង​បរិយាកាស​ដែល​អាច​រារាំង​ទិដ្ឋភាព​ពី​កម្រិត​ផ្ទៃដី​ខាងក្រោម​។ 

មុន​ពេល​មាន Satellites រលក​សញ្ញា​ទូរទស្សន៍​មិន​អាច​ទៅ​ដល់​បាន​ឆ្ងាយ​នោះ​ទេ រលក​សញ្ញា​ទូរទស្សន៍​គ្រាន់​តែ​ធ្វើ​ដំណើរ​តាម​បន្ទាត់​ត្រង់ ដូច្នេះ​ងាយ​នឹង​រត់​ខុស​គន្លង​ចូល​លំហ​។ ពេល​ខ្លះ​ភ្នំ ឬ​អាគារ​ខ្ពស់​ក៏​ជា​កត្តា​រារាំង​រលក​សញ្ញា​នោះ​ដែរ​។ ការ​ហៅ​ទូរសព្ទ​ទៅ​កន្លែង​ឆ្ងាយ​ក៏​មាន​បញ្ហា​ដែរ ហើយ​ចំពោះ​ការ​ដំឡើង​ខ្សែ​ទូរសព្ទ​រយៈ​ចម្ងាយ​ឆ្ងាយ ឬ​ក្រោម​ទឹក​មាន​ការ​ពិបាក ហើយ​ចំណាយ​ច្រើន​។ 

ដោយមាន Satellites រលក​សញ្ញា​ទូរទស្សន៍ និង​ការ​ហៅ​ទូរសព្ទ​ត្រូវ​បញ្ជូន​ទៅ​កាន់ Satellite បន្ទាប់មក Satellite អាច​បញ្ជូន​រលក​សញ្ញា​ត្រលប់​ទៅ​ទីតាំង​ខុសគ្នា​លើ​ផែនដី​។ 

តើ​បច្ចុប្បន្ន NASA ប្រើ Satellites គោល​បំណង​អ្វី​?

NASA satellites ជួយ​ដល់​អ្នក​វិទ្យាសាស្ត្រ​សិក្សា​ពី​ផែនដី និង​លំហ​។ Satellites តម្រង់​ទៅ​កាន់​ផែនដី​ផ្តល់​នូវ​ព័ត៌មាន​ពី​ពពក មហាសមុទ្រ ដី និង​ទឹកកក ហើយ​ក៏​កំណត់​នូវ​ឧស្ម័ន​ក្នុង​បរិយាកាស ដូចជា​អូហ្សូន និង​កាបូនឌីអុកស៊ីត ព្រមទាំង​ចំនួន​ថាមពល​ដែល​ផែនដី​ស្រូប​យក និង​រំភាយ​ចេញ​។ ម្យ៉ាងវិញទៀត Satellites អាច​ត្រួត​ពិនិត្យ​លទ្ធភាព​ភ្លើង​ឆេះ​ព្រៃ បន្ទុះ​ភ្នំភ្លើង និង​ផ្សែង​។ 

រាល់​ព័ត៌មាន​នេះ​ជួយ​អ្នក​វិទ្យាសាស្ត្រ​ទស្សន៍ទាយ​អាកាសធាតុ​ ហើយ​ក៏​ជួយ​ដល់​ខាង​សុខភាព​សាធារណៈ​តាមដាន​ជម្ងឺ និង​គ្រោះ​ទុរ្ភិក្ស​។ វា​ជួយ​ដល់​កសិករ​ដឹង​ពី​អ្វី​ត្រូវ​ដាំ និង​អ្នក​បម្រើ​ការ​ផ្នែក​បន្ទាន់ៗ​ក្នុង​ការ​ឆ្លើយ​តប​ទាន់​ពេល​នឹង​គ្រោះ​ធម្មជាតិ​៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ NASA   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី