មក​ស្គាល់​ ចៅ ចិត្រ ​ជំនាន់​ដើម​សម្ដែង​កន្លែង​ណា​​បាក់​រោង​កន្លែង​ហ្នឹង​

  • 2018-01-15 08:12:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ជា សំនៀង គឺ​ជា​​​តួ​អង្គ​​ ចៅ ចិត្រ​ ផ្នែក​ល្ខោន​និយាយ​ដ៏​ល្បី​ឈ្មោះ​មួយ​រូប​​​អំឡុង​ឆ្នាំ១៩៨៣ ​​នៅ​ពេល​​​​​ចេញ​​ទៅ​សម្ដែង​ម្ដង​ៗ​ មិន​ថា​នៅ​ក្រុង​ ឬ​ តាម​ខេត្ត​ឡើយ​​​មាន​ពុក​ម៉ែ​បង​ប្អូន​មក​ចោម​រោម​គាំ​ទ្រ និង​ ទស្សនា​​ស្ទើរ​តែ​បាក់​ឆាក​។

បុរស​​ចំណាស់​វ័យ​៦៣ ឆ្នាំ​រូប​នេះ​​បាន​មាន​ប្រសាសន៍​ថា ក្នុង​ឆ្នាំ​១៩៧៩ លោក​បាន​សិក្សា​រៀន​សូត្រ​ផ្នែក​ល្ខោន​ និយាយ​ នៅ​សាលា​ភូមិន្ទ​វិចិត្រ​សិល្បៈ​​ ។ ក្រោយ​ពី​​ទទួល​បាន​​ចំណេះ​ដឹក​​​នៅ​វិស័យ​ដែល​ខ្លួន​ស្រឡាញ់​រួច​មក​ ក្នុង​ឆ្នាំ​ ១៩៨៣ លោក​បាន​ចេញ​​សម្ដែង​ល្ខោន​និយាយ​ ជា​ច្រើន​រឿង​។ ប៉ុន្តែ​រឿង​ដែល​ទទួល​បាន​ការ​គាំ​ទ្រ​ច្រើន​ជាង​គេ​ពី​អ្នក​ទស្សនា​គឺ​រឿង​ "កុលាប​ប៉ៃលិន​" ​សម្ដែង​ជា​តួ​អង្គ​ចៅ​ចិត្រ​។ លោក​ថា​៖​" ល្ខោន​និយាយ​ខ្ញុំ​សម្ដែង​ជា​តួ​អង្គ​ ចៅ​ ចិត្រ ​ហ្នឹង​មាន​ការ​គាំ​ទ្រ​ខ្លាំង​ណាស់​ក្នុង​សម័យ​ហ្នឹង​ ​សម្ដែង​នៅ​រោង​ណា​បាក់​រោង​ បាក់​កៅអី​កន្លែង​ហ្នឹង​ហើយ​ ​មនុស្ស​មក​ដណ្ដើម​គ្នា​ទិញ​សំបុត្រ​ចូល​ទស្សនា​​ដូច​ទាក​បាក់​ទំនប់​អ៊ីចឹង​"។

ក្រោយ​មក​ទៀត​ក្នុង​ឆ្នាំ​ ១៩៩៣ លោក ជា សំនៀង ត្រូវ​បាន​​ផលិតកម្ម​​ទាក់​ទង​ឲ្យ​សម្ដែង​ខ្សែភាពយន្ត​​​មួយ​ចំនួន​ តែ​លោក​មិន​បាន​ចាំ​ចំណង​ជើង​នោះ​ទេ​ ព្រោះ​​ពេល​វេលា​កន្លង​​ផុត​ទៅ​យូរ​ឆ្នាំ​ហើយ​។ ចំណែក​​ឯ​រឿង​មួយ​ចំនួន​ដែល​លោក បាន​ថត​ជា​បន្តបន្ទាប់​​អំឡុង​ឆ្នាំ​ ២០០០ ដល់ ២០១៧ មាន​ដូច​ជា​រឿង "ខ្មោច​ដើម​ចេក​ជ្វា​" “ព្រាយ​កន្ទោង​ខៀវ​" “​ខ្មោច​ប្រពន្ធ​អាទុយ​" “ហ្លួង​ព្រះ​ស្ដេចកន​" “ធ្មប់​" និង​ជា​ច្រើន​រឿង​ទៀត​។

លោក ជា សំនៀង មាន​ស្រុក​កំណើត​​ នៅ​ភូមិ វត្តតាមឹម ឃុំ​វត្តតាមឹម ស្រុក​សង្កែ​ ខេត្ត​បាត់​ដំបង ។ បច្ចុប្បន្ន​លោក​​មាន​ប្រពន្ធ​ និង​កូន​ ៣ នាក់​​ ប្រុស​២ ស្រី​ ១ ។ ប៉ុន្តែ​កូន​ទាំង​៣ មិន​មាន​អ្នក​ណា​​មាន​ចំណង​ចំណូល​ចិត្ត​ចូល​ប្រឡូក​សិល្បៈ​ដូច​ខ្លួន​ឡើយ​៕​​​​​​​​​​

រូប​ថត​លោក ជា សំនៀង កាល​សម្ដែង​ជា​តួ​អង្គ​ ចៅ ចិត្រ
លោក ជា សំនៀង និង អ្នកស្រី ឌី សាវ៉េត ថ្ងៃ​សម្ពោធ​រឿង​ "ហ្លួង​ព្រះ​ស្ដេច​កន​"

អត្ថបទ៖ ឆុង ស៊ីណាន