កុំចេះតែរកស៊ីតាមគេ បើមិនដឹងវិធីការពារអាជីវកម្ម

  • 2018-01-18 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រប​ពេល​​សេដ្ឋកិច្ច​កំពុង​រីក​ចម្រើន​និង​តម្រូវ​ការ​កើន​ឡើង​ ធ្វើ​ឲ្យ​អ្នក​ដែល​មាន​ទុន​សមល្មម​ចាប់​អារម្មណ៍​ទៅ​លើ​វិស័យ​ទទួល​ទាន​ ​ជា​ពិសេស​​​នៅ​ក្នុង​ផ្នែក​ចំណី​អាហារ​ Fast Food ​និង​ភេសជ្ជៈ ​ដែល​គេ​សង្កេត​ឃើញ​ថា​ កំពុង​មាន​សន្ទុះ​ខ្លាំង ​និង​ធ្វើ​អាជីវកម្ម​តាម​គ្នា​ ខណៈ​មាន​មតិ​ខ្លះ​លើក​ឡើង​ថា ​ការ​រកស៊ី​តាម​គ្នា​គឺ​ប្រឈម​ហានិភ័យ​។ ​​​​

​ឆ្លើយ​តប​ទៅ​នឹង​​​មតិត​​ខាងលើ​របស់​និស្សិត​សាកល​វិទ្យាល័យ​កម្ពុជា​កាល​ពីកន្លង​ទៅ​ ​​លោក​ ចាង ប៊ុនលាង​ ​សហគ្រិន​វ័យក្មេង​កម្ពុជា ​និង​ជា​ស្ថាបនិក​ហាង​កាហេ្វ​របស់​ខ្មែរ​ឈ្មោះ​ថា​ Brown ​ដែល​ជា​ហាង​កាហ្វេ​មួយ​ទទួល​បាន​ជោគជ័យ​ទទួល​ស្គាល់​ថា មិន​មែន​តែកម្ពុជា​នោះទេ​ ​ដែល​ធ្វើ​អាជីវកម្ម​តាម​គ្នា ប្រទេស​ជឿនលឿន​ឯទៀត​ក៏ធ្វើ​ដែរ​។​​ ច្បាប់​អាជីវកម្ម​នៅក្នុង​ទីផ្សារ​សេរី គឺមិនមានចំណុចណាដែលអាច បិទ​សិទ្ធិ​ដល់​អ្នក​ជំនួញ​ដែល​មាន​ទុន ​ចាប់​អារម្មណ៍​លើ​ផ្នែក​ណា​មួយ​បាន​ឡើយ។

​​ លោក ប៊ុនលាង បន្តថា ការ​រកស៊ី​តាម​គ្នា​ ​ពិតជា​ប្រឈម​ហានិភ័យ​ ប៉ុន្តែក៏​មាន​ដំណោះ​ស្រាយ​ សហគ្រិន​ត្រូវ​សិក្សា​ពី​អ្វី​ជា​ចំណុច​ខ្លាំង​និង​ចំណុច​ខ្សោយ​របស់​ខ្លួន​។ ត្រូវ​សិក្សា​ពី​ចំណុច​ប្រកួត​ប្រជែង​ដែល​ប្រឈម​ថា​យើង​មាន​អ្វី​ខ្លះ​ក្នុង​ដៃ​ហើយ​ត្រូវ​ខិត​ខំ​ពង្រឹង​និង​បំពេញ​ចំណុច​ដែល​ខ្វះ​ខាត​នេះ។

​គន្លឹះ​សំខាន់​មួយ​ទៀត​ ​អាជីវករ​ត្រូវ​មើល​ពី​តម្រូវ​ការ​របស់​អតិថិជន​ថា​តើ​ពួកគាត់​ចង់​បាន​អ្វី​ខ្លះ​ ​និង​មាន​ទំនោរ​ចិត្ដ​អ្វី​ខ្លះ​។ ​ប្រសិន​បើ​យើង​អាច​បំពេញ​នូវ​តម្រូវការ​របស់​គាត់​បាន​ ​យើង​មិន​បាច់​ព្រួយ​បារម្ភ​ពី​ការ​ប្រកួត​ប្រជែង​នោះ​ទេ។

​ អ្វីដែល​សំខាន់​ថែម​ទៀត​នោះ​ ​ម្ចាស់​អាជីវកម្ម​ត្រូវ​ពង្រឹង​ផលិត​ផល​របស់​ខ្លួន​ក្នុង​ការ​រក្សា​នូវ​គុណភាព​អាហារ​សេវាកម្ម​ត្រូវ​រក្សា​ឲ្យ​ល្អ។ អាហារ​ត្រូវ​ប្រាកដ​ថា​មាន​អនាម័យ​និង​រក្សា​នូវ​រសជាតិ​ដើម​ មិន​មែន​លក់​កាន់​តែ​ដាច់​គុណភាព​កាន់​តែ​អន់​នោះ​ទេ។ ​ការ​រចនា​ហាង ត្រូវ​បង្កើត​ជា​បរិយាកាស​មួយ​ឲ្យ​ប្លែក​ ​ចាប់​អារម្មណ៍​ហើយ​រក​ភាព​ច្នៃ​ប្រឌិត​ថ្មីៗ ដើម្បី​ទាក់​ទាញ​អតិថិជន​មក​ម្តង​ហើយ​ចង់​មក​ម្តង​ទៀត៕

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម