EZECOM សហការ​ជាមួយ Microsoft ចែក​ចាយ Office 365 នៅ​កម្ពុជា

  • 2018-01-19 08:45:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

EZECOM ក្រុមហ៊ុន​អ៊ីនធឺណិត​ធំ​មួយ​នៅ​កម្ពុជា បាន​សហការ​ជាមួយ​ក្រុមហ៊ុន​លំដាប់​ពិភព​លោក Microsoft កាល​ពី​ព្រឹក​មិញ​នេះ នៅ​សណ្ឋាគារ Cambodiana ដើម្បី​ចែក​ចាយ​កម្ម​វិធី Office 365 ។

លោក Paul Blanche-Horgan អគ្គនាយក EZECOM បាន​និយាយ​ថា៖ "EZECOM យើង​ពិតជា​រីករាយ​ណាស់ ដែល Microsoft បាន​រើស​ជា​ដៃគូ​យុទ្ធសាស្ត្រ​សំខាន់​ក្នុង​ការ​ចែកចាយ​ផលិត​ផល និង​សេវា​ដ៏​ពិសេស​នេះ​នៅ​កម្ពុជា ហើយ​យើង​ក៏​បាន​ក្លាយ​ជា​ដៃគូ​ផ្លូវ​ការ​ដំបូង​គេ​នៅ​កម្ពុជា​ទៀត​ផង"។

លោក Paul Blanche-Horgan

Office 365 ជា​បណ្ដុំ​កម្មវិធី​ការិយាល័យ​ជាច្រើន​ដូចជា Word, Excel និង PowerPoint ជាដើម តែ​អាច​ឲ្យ​អ្នក​ប្រើប្រាស់​វា​បាន​គ្រប់​កន្លែង និង​អាច​ប្រើ​តាម​ទូរសព្ទ​ដៃ ដោយ​សារ​រាល់​ឯកសារ​ទាំង​អស់​នឹង​ត្រូវ​រក្សា​លើ​បណ្ដាញ Cloud ដែល​ងាយស្រួល និង​សុវត្ថិភាព​ខ្ពស់ ព្រម​ទាំង​មាន​ប្រព័ន្ធ​អ៊ីម៉ែល​ថ្មី មុខងារ​ផ្ញើ​សារ និង​ឆ្លើយឆ្លង​តាម​វីដេអូ​ផង​ដែរ។

រាល់​អ្នក​ប្រើប្រាស់​ទាំង​អស់ នឹង​ទទួល​បាន ១TB សម្រាប់​រក្សា​ទុក និង​ចែក​រំលែក​ឯកសារ​នៅ​លើ​អ៊ីនធឺណិត ហើយ​រាល់​ឯកសារ​ទាំងអស់​ត្រូវ​បាន​ការពារ​យ៉ាង​មាន​សុវត្ថិភាព និង​អាច​ស្ដារ​មក​វិញ​បាន​ស្រួល។

លោកស្រី Rena Chai អគ្គនាយក​ផ្នែក​ទីផ្សារ និង​ប្រតិបត្តិ Microsoft ក៏​បាន​លើក​ពី​ចំណុច​ពិសេស​មួយ​ចំនួន​ដូចជា មិន​ពិបាក​ក្នុង​ការ​ប្រើប្រាស់ សក្ដិសម​សម្រាប់​គ្រប់​ក្រុមហ៊ុន​មិន​ថា​មាន​បុគ្គលិក​តិច ឬ​ច្រើន​ក្ដី អាច​ប្រើប្រាស់​តាម​ទូរសព្ទ​បាន សុវត្ថិភាព និង​អាច​ប្រើ​ពេល​គ្មាន​អ៊ីនធឺណិត។

EZECOM បង្កើត​ក្នុង​ឆ្នាំ២០០៧ ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវាកម្ម​គមនាគមន៍​ដូចជា សេវា​អ៊ីនធឺណិត​តាម​ខ្សែ​អុបទិក ដំណោះ​ស្រាយ​ប្រព័ន្ធ​អ៊ីនធឺណិត​តាម​សហគ្រាស សេវា Cloud សេវា​ការពារ​ការ​វាយ​ប្រហារ​លើ​អ៊ីនធឺណិត និង​សេវា​ជាច្រើន​ទៀត៕

លោកស្រី Rena Chai

អត្ថបទ៖ វិទូ

អត្ថបទពេញនិយម