កាមេរ៉ា​ដែល​មិន​សូវ​ប្រើ​ ​សូម​ទុក​ដាក់​តាម​វិធី​នេះ​បើ​មិន​ចង់​ឲ្យ​ឆាប់​ខូច

  • 2018-01-20 04:01:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រសិនបើ​អ្នក​ទុក​កាមេរ៉ា​មិន​ប្រើ​រយៈពេល​មួយ​ច្រើន​ជាង​មួយ​សប្តាហ៍ អ្នក​គួរ​ដឹង​ពី​របៀប​ទុក​ដាក់​កាមេរ៉ា​នៅ​ទី​សុវត្ថិភាព ពីព្រោះ បើ​អ្នក​ទុក​ដាក់​មិន​ត្រឹមត្រូវ កាមេរ៉ា​អ្នក​អាច​មាន​បញ្ហា​។ 

១. មិន​គួរ​ដាក់​ជិត​ឧបករណ៍​អេឡិចត្រូនិក​

ពេល​អ្នក​ទុក​ដាក់​កាមេរ៉ា អ្នក​មិន​គួរ​ដាក់​កាមេរ៉ា​នៅ​ជិត​នឹង​ឧបករណ៍​អេឡិចត្រូនិក​ផ្សេង​នោះ​ទេ ដែល​អាច​បង្កើត​ជា​ដែនម៉ាញេទិច​បាន​។ ការ​ប៉ះ​នឹង​ដែន​ម៉ាញេទិច​ខ្លាំង​រយៈពេល​យូរ អាច​ធ្វើ​ឲ្យ​ខូច​អេក្រង់​ LCD កាមេរ៉ា ឬ​សមាសធាតុ​អេឡិចត្រូនិក​ផ្សេង​ទៀត​។ 

២. ប្រយ័ត្នប្រយែង​ពី​សីតុណ្ហភាព​

អ្នក​គួរ​ប្រាកដ​ថា ទីតាំង​អ្នក​ទុក​ដាក់​កាមេរ៉ា មិន​មាន​សីតុណ្ហភាព​ខ្លាំង​ពេក​។ កម្រិត​ក្តៅ​ពេក​អាច​ខូច​ផ្នែក​ខាងក្រៅ​កាមេរ៉ា ហើយ​កម្រិត​ត្រជាក់​ពេក​អាច​ខូច​អេក្រង់​ LCD កាមេរ៉ា​។ 

៣. គួរ​ជៀស​ពី​សំណើម​ខ្ពស់​

អ្នក​មិន​គួរ​ទុក​ដាក់​កាមេរ៉ា​នៅ​ទីតាំង​សើម​ខ្លាំង ព្រោះ​អាច​ធ្វើ​ឲ្យ​ខូច​សមាសធាតុ​របស់​កាមេរ៉ា ឧទាហរណ៍ សំណើម​ក្នុង Lens ឬ​ក្នុង​កាមេរ៉ា​តែ​ម្តង ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​រូបភាព និង​បំផ្លាញ​គ្រឿង​អេឡិចត្រូនិក​ខាងក្នុង​របស់​កាមេរ៉ា​។ 

៤. គួរ​ជៀសវាង​ពន្លឺ​ព្រះអាទិត្យ​

អ្នក​មិន​គួរ​ទុក​ដាក់​កាមេរ៉ា នៅ​ទីតាំង​អាច​ទទួល​ពន្លឺ​ព្រះអាទិត្យ​ភ្លឺ​ខ្លាំង​នោះ​ទេ​។ ដូច​ដឹង​ស្រាប់ ពន្លឺ​ព្រះអាទិត្យ​អាច​បង្កើន​កម្តៅ អាច​បំផ្លាញ​ផ្នែក​ខាងក្រៅ​កាមេរ៉ា​បាន​។ 

៥. ការ​ការពារ​កាមេរ៉ា​

បើ​អ្នក​ទុក​ដាក់​កាមេរ៉ា​ច្រើន​ជាង​មួយ​ខែ គួរ​ដាក់​ក្នុង​ថង់​ប្លាស្ទិក ដើម្បី​ការពារ​សំណើម ឬ​អាច​ទុក​ក្នុង​កាបូប​កាមេរ៉ា​តែ​ម្តង គ្រាន់​តែ​ប្រាកដ​ថា ទុក​ដាក់​កាបូប​នៅ​ទីតាំង​ស្ងួត​ល្អ​។ 

៦. ដោះ​ថ្ម​ចេញ​

អ្នក​គួរ​ដោះ​ថ្ម និង​មេម៉ូរីកាត​ចេញ​ពី​កាមេរ៉ា​ ពេល​អ្នក​មិន​ប្រើ​ច្រើន​ជាង​មួយ​ខែ​។ ប្រសិនបើ​អ្នក​មាន​កាមេរ៉ា DSLR គួរ​ដោះ Lens ចេញ និង​ប្រើ​គម្រប Lens របស់​កាមេរ៉ា​ការពារ​។ 

៧. បើក​ដំណើរការ​កាមេរ៉ា​

ក្រុមហ៊ុន​ផលិត​កាមេរ៉ា​មួយ​ចំនួន បាន​ណែនាំ ឲ្យ​អ្នក​គួរ​បើក​កាមេរ៉ា​មួយ​ខែ​មួយ​ដង ដើម្បី​រក្សា​ដំណើរការ​ចរន្ត​របស់​កាមេរ៉ា ទោះ​អ្នក​ប្រើ ឬ​មិន​ប្រើ​ក្តី​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ lifewire   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី