ហាងមួយនៅថៃ លក់សេះសមុទ្រអាំង ធ្វើឲ្យអ្នកលេងបណ្តាញសង្គមផ្ទុះកំហឹងខ្លាំង

  • 2018-01-24 03:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហាង​មួយ​កន្លែង​ដែល​លក់​អាហារ​សម្រន់​សមុទ្រ សម្រាប់​អ្នកទេសចរ​នៅ​ផ្សារ​អណ្ដែត​ទឹក ក្នុង​ទីក្រុង Pattaya ប្រទេស​ថៃ ត្រូវ​បាន​បិទ​ដោយ​បង្ខំ បន្ទាប់​ពី​មាន​ការ​បង្ហោះ​រូប​សេះ​សមុទ្រ​អាំង​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក សួរ​នាំ​អំពី​ភាព​ស្របច្បាប់​នៃ​ការ​លក់​នោះ។

កាល​ពី​ថ្ងៃ​ទី២២ កន្លង​ទៅ​នេះ អ្នក​ប្រើ​បណ្ដាញ​សង្គម​ជនជាតិ​ថៃ​ម្នាក់ បាន​ថត​រូប​សេះ​សមុទ្រ​អាំង​នោះ រួច​បង្ហោះ​ទៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយ​សួរ​គេ​ថា ការ​លក់​សត្វ​សេះ​សមុទ្រ​ធ្វើ​ជា​អាហារ​បែប​នេះ ស្រប​ច្បាប់ ឬ​ក៏​អត់ ព្រោះ​ពួកវា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​សត្វ​សមុទ្រ ដែល​កំពុង​ទទួល​រង​ការ​គំរាមកំហែង។

គួរ​បញ្ជាក់​ថា សត្វ​សេះ​សមុទ្រ​អាំង​មួយ​ក្បាល ត្រូវ​បាន​គេ​លក់​ក្នុង​តម្លៃ ១៥០បាត ឬ ៤,៧០ដុល្លារ ខណៈ​វា​គឺ​ជា​សត្វ​ដែល​ទទួល​បាន​ការ​ការពារ​ដោយ CITES (អនុសញ្ញា​ស្តី​អំពី​ពាណិជ្ជកម្ម​អន្តរជាតិ​លើ​ប្រភេទ​សត្វ​ដែល​ជិត​ផុត​ពូជ)។

យោង​តាម​លោក Umaporn Pimonbut អនុប្រធាន​នាយកដ្ឋាន​ជលផល បាន​ឲ្យ​ដឹង​ថា ដោយសារតែ​សេះ​សមុទ្រ​មិន​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់​របស់​ប្រទេស​ថៃ ទើប​ធ្វើ​ឲ្យ​មាន​ការ​លក់​វា​ជា​អាហារ​ស្រប​ច្បាប់​ក្នុង​ស្រុក។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​បាន​រាយការណ៍​ថា សេះ​សមុទ្រ​មាន​ប្រជាប្រិយភាព​ក្នុង​ចំណោម​អ្នក​ទេសចរ​ចិន​នៅ​រមណីយដ្ឋាន​ខាងលើ ដូច​នៅ​ចិន​ដីគោក​អីចឹង ដោយ​ការ​បរិភោគ​សត្វ​សេះ​សមុទ្រ ត្រូវ​បាន​គេ​ជឿជាក់​ថា នឹង​បង្កើន​អានុភាព​ផ្លូវ​ភេទ ហើយ​ត្រូវ​គេ​យក​ទៅ​ធ្វើ​ជា​ថ្នាំ​ដើម្បី​ព្យាបាល​ជំងឺ​ហឺត និង​ការ​គេង​មិន​លក់៕

ចុច​អាន៖

ប្រភព៖ Coconut   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី