អ៊ឹង​ បូរ៉ា​ ឡើង​សង្វៀន​បច្ចុប្បន្ន​មិន​ចេះ​ខ្លាច​ផ្លែ​សម្លាប់គេ​​ទេ ប៉ុន្តែ​បារម្ភ​រឿង​មួយ​

  • 2018-01-25 02:01:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ប្រដាល់​ជើង​ខ្លាំង​កាល​ពី​ ៣-៤​ឆ្នាំ​មុន​ អ៊ឹង​ បូរ៉ា​ ថា​ ការ​វិល​ចូល​ប្រឡូក​គុន​ខ្មែរ​ជា​ថ្មី​នេះ​ មិន​ដែល​ចេះ​ខ្លាច​ផ្លែ​របស់​ដៃ​គូ​ប្រកួត​នោះ​ទេ​ បើ​ទោះ​ជា​បច្ចុប្បន្ន​ទម្ងន់​ ៥៧​គីឡូក្រាម​ មាន​ជើង​ខ្លាំង​សំបូរ​ស្នៀត​ប្រយុទ្ធ​ច្រើន​ដូច​នេះ​ក្ដី។​

កីឡាករ អ៊ឹង​ បូរ៉ា​

អ៊ឹង​ បូរ៉ា​ បាន​ឲ្យ​ដឹង​ថា​ សព្វថ្ងៃ​នេះ​អ្នក​ប្រដាល់​ក្មេងៗ​ស្រករ​ក្រោយ​មាន​ច្រើន​មែនទែន​ មិន​ថា​ប្រភេទ​ទម្ងន់​ណា​នោះ​ទេ​ ចំណែក​ស្នៀត​ប្រយុទ្ធ​ក៏​ល្អ​ផង​ដែរ។​ ទាក់​ទិន​និង​ការ​ប្រកួត​វគ្គ​១៦​នាក់​ចុង​ក្រោយ​ពាន​រង្វាន់​ TV5​ នៅ​ពេល​ខាងមុខ​ដែល​ត្រូវ​ប៉ះ​សិស្ស​ប្អូន​ជំនាន់​ក្រោយ​ ម៉ន​ រដ្ឋា​ នោះ​ កីឡាករ​ខាង​លើ​បន្ថែម​ថា​ មិន​ខ្លាច​ស្នៀត​ទាត់​ ឬ​ផ្លែ​អ្វី​ផ្សេង​នោះ​ទេ​ ប៉ុន្តែ​បារម្ភ​ទៅ​លើ​កម្លាំង​វិញ​ទេ។​

កីឡាករ អ៊ឹង​ បូរ៉ា​ ពេល​ប្រកួត​នៅ​ TV5

អ្នកលេង​គុន​ខ្មែរ​ខាង​លើ​បន្ត​ថា​ បើ​គិត​ពី​អាយុ​មែនទែន​ជាង​៣០​ឆ្នាំ​ទៅ​ហើយ​ ដូច្នេះ​កម្លាំង​ក៏​ធ្លាក់​ចុះ​ទៅ​តាម​វ័យ​ផង​ដែរ​ បើ​ប្រៀបធៀប​ជា​មួយ​ក្មេងៗ​នោះ​អាច​នឹង​ចាញ់​កម្លាំង​ ប៉ុន្តែ​ស្នៀត​ប្រយុទ្ធ​និង​ទឹកចិត្ត​មិន​ខុស​គ្នា​នោះ​ទេ។​ បូរ៉ា​ ថា​នឹង​ខំប្រឹង​ប្រែង​ហ្វឹកហាត់​ឲ្យ​ខ្លាំង​ដើម្បី​បន្ត​អាជីព​មួយ​នេះ​ ជា​ពិសេស​ការ​ប្រកួត​ក្នុង​កម្មវិធី​ដណ្ដើម​ពាន​រង្វាន់​ TV5។​

កីឡាករ អ៊ឹង​ បូរ៉ា​ ពេល​ឈ្នះ​ពាន​នៅ​ CNC
អ៊ឹង​ បូរ៉ា​ ពេល​ឈ្នះជុំ​ដំបូងនៅ​ TV5

ក្រោយ​បាត់​មុខ​រយៈ​ពេល​ ៣-៤​ឆ្នាំ​ កន្លង​ទៅ​នេះ​ អ្នក​ប្រដាល់​ល្អ​ស្នៀត​ទាត់​ អ៊ឹង​ បូរ៉ា​ លេច​មុខ​ជា​ថ្មី​នៅ​ចុង​ឆ្នាំ​២០១៧​ ថែម​ទាំង​ឈ្នះ​ពាន​រង្វាន់​នៅ​សង្វៀន​ CNC​ ផង​ដែរ។​ ឥលូវ​ក៏​ជា​បេក្ខភាព​ម្នាក់​ដែល​ជាប់​ទៅ​វគ្គ​១៦នាក់​ ពាន​រង្វាន់​ TV5​ ផង​ដែរ​ បន្ទាប់​ពី​ផ្ដួល​ ឡូញ​ វ៉ាន់ឌី​ ឲ្យ​សន្លប់​នៅ​ទឹក​ទី២​ នា​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី