ត្រូវប៉ាន់អ្នកខេត្តព្រះសីហនុ មិនទាន់មកដល់ចូលឆ្នាំចិនផង ផ្ទះសំណាក់កក់ពេញបាត់!
- 2018-01-30 06:45:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ត្រូវប៉ាន់អ្នកខេត្តព្រះសីហនុ មិនទាន់មកដល់ចូលឆ្នាំចិនផង ផ្ទះសំណាក់កក់ពេញបាត់!
ចន្លោះមិនឃើញ
- ផ្ទះសំណាក់ ៣១៩កន្លែង នៅខេត្តព្រះសីហនុកក់ស្ទើរអស់ហើយ
- ឆ្នាំ ២០១៧ ភ្ញៀវទេសចរចិន មានជាង១២ម៉ឺននាក់
- ក្ដីបារម្ភទេសចរក្នុងស្រុកមិនសូវទៅលេងខេត្តព្រះសិហនុ ព្រោះកង្វះផ្ទះសំណាក់
កំណើនជនជាតិចិន និង ភ្ញៀវទេសចរណ៍ចិន បានសម្រុកទៅកម្សាន្ត និងធ្វើការ នៅខេត្តព្រះសីហនុ កាន់តែច្រើនឡើងៗ ធ្វើឲ្យខេត្តនេះ ពុំមានផ្ទះសំណាក់នៅទំនេរ សម្រាប់ទទួលភ្ញៀវទេសចរ មកកម្សាន្ត នៅអំឡុងពេលបុណ្យចូលឆ្នាំចិននាថ្ងៃទី ១៦-១៨ ខែកុម្ភៈ ខាងមុខនេះទេ។
លោក តាំង សុចិត្រគីស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានប្រាប់ Sabay នៅព្រឹកថ្ងៃទី ៣០ ខែមករា ថា មកដល់ពេលនេះ ផ្ទះសំណាក់កក់ស្ទើរអស់ហើយ ដោយសារកំណើនភ្ញៀវទេសចរចិន និង ក្រុមហ៊ុនចិនខ្លះ បានជួលផ្ទះសំណាក់ឲ្យបុគ្គលិកកាស៊ីណូចិនស្នាក់នៅ។
របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុឲ្យដឹងថា សព្វថ្ងៃនេះ ខេត្តព្រះសីហនុមានផ្ទះសំណាក់ចំនួន ៣១៩កន្លែង សណ្ឋាគារ ចំនួន ៦៩ កន្លែង។ តួលេខនេះ មិនអាចបំពេញតម្រូវការគ្រប់គ្រាន់សម្រាប់ភ្ញៀវទេសចរមកកម្សាន្តនៅពេលបុណ្យទានធំៗបានឡើយ ដូច្នេះ មន្ទីរទេសចរណ៍កំពុងជំរុញឲ្យវិស័យឯកជនបង្កើនការសាងសង់ផ្ទះសំណាក់ និង សណ្ឋាគារ បន្ថែមទៀត។
ដោយសារការខ្វះខាតចំនួនផ្ទះសំណាក់ លោក សុចិត្រគីស្នា បានសម្ដែងក្ដីបារម្ភថា ភ្ញៀវទេសចរក្នុងស្រុកនឹងកាត់បន្ថយទៅកម្សាន្តក្នុងខេត្តព្រះសីហនុ។ ដូច្នេះ លោកបានសហការជាមួយស្ថាប័នពាក់ព័ន្ធ ផ្សព្វផ្សាយជំរុញឲ្យមានកម្មវិធីបោះតង់ និង ការផ្សព្វផ្សាយអប់រំ កុំឲ្យមានការដំឡើងថ្លៃលក់ដូរផ្សេងៗ ឬ ឲ្យសេវាកម្មទាំងនោះ ដាក់តម្លៃបង្ហាញដល់ភ្ញៀវជាដើម។
កាលពីឆ្នាំ ២០១៧ ភ្ញៀវទេសចរជនជាតិចិន បានមកកម្សាន្តខេត្តព្រះសីហនុសរុប ជាង ១២ម៉ឺននាក់ នៃអ្នកទៅកម្សាន្តសរុបជិត ២លាននាក់។ តួលេខនេះ ធ្វើឲ្យជនជាតិចិនក្លាយជាអ្នកទេសចរលេខ ១ មកកាន់សមាជិកក្លិបឆ្នេរសមុទ្រដ៏ស្រស់ស្អាត លើពិភពលោក៕
ចុចអាន៖